ព័ត៌មាន

"យប់មិញបងឃើញអូនញញឹម" ទទួលបានពានរង្វាន់អន្តរជាតិ

អ្នកសរសេរ: Vong Phal Solysa



"យប់មិញបងឃើញអូនញញឹម" ត្រូវបានថតក្នុងអគារប៊ូឌិញដ៏ល្បីឈ្មោះ ដែលផលិតករភាពយន្ត Kavich Neang
និងគ្រួសាររបស់គាត់បានរស់នៅរហូតដល់ការវាយកំទេចចោលក្នុងឆ្នាំ 2017។

8 Feb – ភាពយន្តឯកសារខ្នាតធំរបស់ផលិតករភាពយន្តកម្ពុជា Kavich Neang ទទួលបានពានរង្វាន់នៅឯកម្មវិធីមហោស្រពភាពយន្តអន្តរជាតិធំមួយក្នុងទ្វីបអឺរ៉ុប គឺមហោស្រពភាពយន្ត International Film Festival Rotterdam (IFFR) ឆ្នាំ 2019។

"យប់មិញបងឃើញអូនញញឹម" (ចំណងជើងអង់គ្លេស: "Last Night I Saw You Smiling") បានធ្វើការចាក់បញ្ចាំងជាលើកដំបូងក្នុងកំឡុងកម្មវិធីនេះ ហើយបានឈ្នះពានរង្វាន់ NETPAC Award សម្រាប់ខ្សែភាពយន្តអាស៊ីល្អបំផុត។

នេះគឺជាលើកដំបូងដែលខ្សែភាពយន្តកម្ពុជាត្រូវបានទទួលស្គាល់ដោយកម្មវិធីមួយនេះ។

ភាពយន្តឯកសារមួយនេះត្រូវបានថតក្នុងអគារប៊ូឌិញដ៏ល្បីឈ្មោះ ដែល Neang និងគ្រួសាររបស់គាត់បានស្នាក់នៅរហូតដល់ខែកក្កដា ឆ្នាំ 2017 នៅពេលដែលអ្នកស្នាក់នៅទាំងអស់ត្រូវបានបណ្តេញចេញដើម្បីធ្វើការវាយកំទេចចោលសម្រាប់ការអភិវឌ្ឍអគារខុនដូរបស់ក្រុមហ៊ុនជប៉ុនមួយ។

នៅពេលដែលដឹងថាអគារពោរពេញដោយស្នាដៃសិល្បៈមួយនេះ មិនយូរប៉ុន្មាននឹងត្រូវបាត់បង់ជារៀងរហូត ផលិតករភាពយន្តរូបនេះបានចាប់ផ្តើមចងក្រងពេលវេលាចុងក្រោយរបស់អគារមួយនេះក្នុងដំណាក់កាលរុះរើ ក៏ដូចជាថតយកអនុស្សាវរីយ៏របស់អ្នកស្នាក់នៅទាំងអស់ក្នុងអគារដែលជាផ្ទះសម្បែងរបស់ពួកគេផងដែរ។

"ខ្ញុំបានចាប់ផ្តើមសរសេររឿងប្រឌិតដំបូងរបស់ខ្ញុំក្នុងឆ្នាំ 2016 ដែលនិយាយអំពីអគារប៊ូឌិញនេះ។ ប៉ុន្ដែការស្វែងរកមូលនិធិផលិតបានចំណាយពេលយូរដែលបណ្តាលឲ្យយើងត្រូវរង់ចាំ។ ពួកយើងមិនបានគិតដល់ថាអគារមួយនេះនឹងត្រូវកំទេចចោលឡើយ ដូច្នេះក្រុមការងាររបស់ខ្ញុំនិងខ្លួនខ្ញុំផ្ទាល់បានសម្រេចចិត្តថតខ្សែភាពយន្តឯកសារនេះ។" Neang បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកាសែតថៃ The Nation ។

"អ្វីដែលសំខាន់បំផុតនៅក្នុងខួរក្បាលរបស់ខ្ញុំសម្រាប់គម្រោងនេះ គឺថតយកអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដោយខ្ញុំបានដឹងថាអគារមួយនេះនឹងទទេស្អាតក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកវានឹងត្រូវបានបាត់បង់ជារៀងរហូត។ ខ្ញុំចង់ចាប់យកពេលវេលារបស់វាទាំងអស់។ ខ្ញុំចង់ធ្វើឱ្យខ្សែភាពយន្តនេះផ្តោតទៅលើការចងចាំរបស់ខ្ញុំ និងបង្ហាញអំពីទំនាក់ទំនងរវាងខ្ញុំនិងអគារមួយនេះ។"


Kavich Neang (ស្តាំ) ទទួលបានពានរង្វាន់ NETPAC Award នៅឯមហោស្រពភាពយន្ត IFFR ឆ្នាំ
2019 សម្រាប់ភាពយន្តឯកសារ "យប់មិញបងឃើញអូនញញឹម" (ប្រភពរូបភាព: The Nation)។

អគារស ឬត្រូវបានស្គាល់ជាអគារប៊ូឌិញ ត្រូវបានសាងសង់ឡើងមួយទសវត្សរ៍បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង និងក្នុងកំឡុងចលនាស្ថាបត្យកម្មខ្មែរជំនាន់ថ្មី។

អគារដ៏ល្បីឈ្មោះមួយនេះជាសាក្សីនៃព្រឹត្តិការណ៏ប្រវត្តិសាស្ត្ររាប់ទសវត្ស រួមមានសម័យកាលមាសរបស់ប្រទេស ជំនាន់ខ្មៅងងឹតនិងពោរពេញដោយភាពភ័យខ្លាចនៃរបបខ្មែរក្រហម ការតស៊ូរបស់ប្រទេសជាតិដើម្បីស្តារឡើងវិញនូវវប្បធម៌ដែលបានបាត់បង់ ក៏ដូចជាការអភិវឌ្ឍមូលធននិយមដែលជាកត្តាលីករនាំដល់ការវាយកំទេចចោលអគារមួយនេះ។

ជាមួយភាពយន្តឯកសារឈ្នះពានរង្វាន់មួយនេះបន្ថែមទៅក្នុងបញ្ជីស្នាដៃភាពយន្តរបស់គាត់ Neang បានក្លាយជាផលិតករភាពយន្តនាំមុខគេមួយរូបក្នុងប្រទេស។

ស្នាដៃភាពយន្តមុនៗរបស់គាត់ រួមមានភាពយន្តឯកសារ "Where I Go" ក្នុងឆ្នាំ 2013 និងភាពយន្តខ្នាតខ្លី "Three Wheels" ក្នុងឆ្នាំ 2015 សុទ្ធតែទទួលបានការកោតសរសើរនិងបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិជាច្រើន។

យ៉ាងណាមិញ ឥឡូវនេះគាត់កំពុងធ្វើការទៅលើគម្រោងភាពយន្តខ្នាតធំដំបូងរបស់គាត់ដែលមានចំណងជើងថា "White Building" ដែលជារឿងពឹងផ្អែកទៅលើអគារប្រវត្ដិសាស្រ្ដដែលបានបាត់បង់ទៅហើយមួយនេះ។

Cinema Online, 8 កុម្ភះ 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង