ព័ត៌មាន

ភាពយន្តខ្មែរឈរឈ្មោះក្នុងកម្មវិធីចែកពានរង្វាន់ BAFTA ឆ្នាំ 2019

អ្នកសរសេរ: Vong Phal Solysa



ព្រះតេជគុណ Luon Sovath កំពុងថតទិដ្ឋភាពបាតុកម្មមួយដូចដែលបានឃើញក្នុងភាពយន្តឯកសារ
"A Cambodian Spring"។

15 Jan – "A Cambodian Spring" ទទួលបានការឈរឈ្មោះជាបេក្ខភាពសម្រាប់ពានរង្វាន់មួយនៅឯកម្មវិធី EE British Academy Film Awards ឆ្នាំ 2019 ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។

អ្នកដឹកនាំ Chris Kelly នឹងឈរឈ្មោះសម្រាប់ពានរង្វាន់ ស្នាដៃដំបូងល្អជាងគេដោយអ្នកនិពន្ធ អ្នកដឹកនាំ ឬអ្នកផលិតជនជាតិអង់គ្លេស សម្រាប់ការដឹកនាំរបស់គាត់ក្នុងភាពយន្តឯកសារនេះ។

ផលិតករភាពយន្តជនជាតិអៀរឡង់រូបនេះបាននិយាយថាគាត់ពិតជារំភើបយ៉ាងខ្លាំងដែលទទួលបានការឈរឈ្មោះសម្រាប់ពានរង្វាន់ដ៏អស្ចារ្យមួយនេះ។

"ខ្សែភាពយន្តមួយនេះចំណាយពេលជាង 10 ឆ្នាំដើម្បីផលិត ហើយវាមិនអាចបញ្ចប់បានឡើយប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលទាំងអស់ដែលបានចូលរួមចំណែក ជាពិសេសសម្រាប់ប្រធានបទភាពយន្តមួយដែលទាមទារឲ្យមានភាពក្លាហាននិងការដាក់ចិត្តយ៉ាងខ្លាំងនោះ" និយាយដោយ Kelly ដកស្រង់ចេញពីព័ត៌មានរបស់ North Ireland Screen។

"ខ្ញុំសង្ឃឹមថាការឈរឈ្មោះសម្រាប់ពានរង្វាន់មួយនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍ទៅលើស្ថានភាពជាក់ស្តែងក្នុងប្រទេសកម្ពុជានិងប្រធានបទដែលកំពុងបន្តកើតឡើងនៅឡើយ។"

ខ្សែភាពយន្តឯកសារមួយនេះចំណាយពេលជិតមួយទសវត្សដើម្បីបញ្ចប់ ដោយ Kelly បានចំណាយពេលជាងប្រាំមួយឆ្នាំក្នុងប្រទេសកម្ពុជាដើម្បីឲ្យយល់ច្បាស់និងថតយកគ្រប់រូបភាពនៃបញ្ហាទំនាស់ដីធ្លីនេះ។

វាជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពវឹកវរនិងអំពើហឹង្សាដែលបណ្តាលមកពីការអភិវឌ្ឍទីក្រុងសម័យទំនើបក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន។ ខ្សែភាពយន្តឯកសាររយៈពេលពីរម៉ោងមួយនេះបង្ហាញអំពីស្ថានភាពជាក់ស្តែងយ៉ាងខ្លោចផ្សាររបស់ប្រជាជនដែលជាប់ទាក់ទងក្នុងទំនាស់ដីធ្លី ក្នុងការតស៊ូទាមទារអ្វីដែលជាកម្មសិទ្ធិដើមរបស់ពួកគេ។


អ្នកដឹកនាំរបស់ "A Cambodian Spring" លោក Chris Kelly ទទួលបានពានរង្វាន់
Best Documentary នៅឯកម្មវិធី Cambodia Town Film Festival ឆ្នាំ 2017។
(ប្រភពរូបភាព: គេហទំព័ររបស់ CTFF)។

"A Cambodian Spring" បានឈរឈ្មោះនិងឈ្នះពានរង្វាន់ជាច្រើនរួមមានពានរង្វាន់ Best Documentary នៅឯកម្មវិធី Cambodia Town Film Festival និងកម្មវិធី Brooklyn Film Festival ឆ្នាំ 2017 និងពានរង្វាន់ Special Jury Prize នៅឯកម្មវិធី Hot Docs និងកម្មវិធី Docs Mx ឆ្នាំ 2017 រួមទាំងការឈរឈ្មោះសម្រាប់ពានរង្វាន់អន្ដរជាតិជាច្រើនទៀត។

ភាពយន្ដនេះនឹងប្រកួតជាមួយភាពយន្តឯកសារចំនួនបួនផ្សេងទៀតក្នុងកម្មវិធី EE British Academy Film Awards ឆ្នាំ 2019 នៅថ្ងៃទី 11 កុម្ភៈ ឆ្នាំ 2019 នេះ។

Cinema Online, 15 មករា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង