18 Jan – បន្ទាប់ពីទទួលបានពានរង្វាន់ជាច្រើនកាលពីឆ្នាំមុននៅឯមហោស្រពភាពយន្ដបរទេស ពេលនេះរឿងគំនូរជីវចល "Funan" ស្វែងរកបានក្រុមហ៊ុនចែកចាយនៅសហរដ្ឋអាមេរិកហើយ។ ក្រុមហ៊ុនចែកចាយភាពយន្ដ GKIDS បានទទួលសិទ្ធចែកចាយរឿង "Funan" ហើយគម្រោងនឹងចាក់បញ្ចាំងនៅរដូវផ្ការីកឆ្នាំនេះហើយ តាមការរាយការណ៍របស់ The Hollywood Reporter។ ប្រធានក្រុមហ៊ុន GKIDS លោក David Jesteadt បាននិយាយថា "Funan" គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយដែលបង្ហាញថាគំនូរជីវចលពិតជាអាចបរិយាយសាច់រឿងគ្រប់ប្រភេទទាំងអស់ និងសំរាប់ទស្សនិកជនគ្រប់ស្រទាប់ទាំងអស់ផងដែរ។ ខ្ញុំពិតជាអន្ទះសារចង់ចែករំលែកភាពយន្ដនេះជាមួយអ្នកទាំងអស់គ្នាមែនទែន។" ។ ភាពយន្ដនេះដែលបានឈ្នះពានរង្វាន់នៅឯ Annecy International Animated Film Festival និង the Animation is Film Festival កាលពីឆ្នាំមុននេះ ហើយត្រូវបាននិពន្ធដោយ Magali Pouzol និងអ្នកដឹកនាំភាពយន្ដលើកទៅមួយ លោក Denis Do ដែលផ្អែកទៅលើរឿងពិតរបស់គ្រួសារគាត់។ ភាពយន្ដនេះនិយាយអំពីជីវិតរបស់នារីម្នាក់ឈ្មោះ Chou និងប្ដីរបស់នាងនៅក្នុងរបបខ្មែរក្រហមបន្ទាប់ពីកូនប្រុសអាយុ4 ឆ្នាំរបស់នាងត្រូវខាងអង្គការយកពីនាង។ ភាពយន្ដនេះផលិតនៅក្នុងបួនប្រទេសដូចជាប្រទេសបារាំង បែលហ្សិក លុច្សសាំបួរ និងកម្ពុជា និងត្រូវបានបញ្ចូលសម្លេងដោយ Bérénice Bejo ("The Artist") និង Louis Garrel ("The Dreamers") ផងដែរ។