ព័ត៌មាន

"Surviving Bokator" បន្តផ្សព្វផ្សាយក្បាច់គុនល្បុក្កតោនៅមហោស្រពភាពយន្តនានា

អ្នកសរសេរ: Vong Phal Solysa



ឈុតមួយពី ""Surviving Bokator" ដែលបង្ហាញ Tharoth Sam ហ្វឹកហាត់ក្បាច់គុនល្បុក្កតោ

8 Nov – ដូចគ្នានឹង "Jailbreak" ខ្សែភាពយន្ត "Surviving Bokator" ស្ថិតក្នុងចំណោមខ្សែភាពយន្តសម័យបច្ចុប្បន្នមួយចំនួនតូចដែលឆ្លុះបញ្ចាំង និងផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរបុរាណ ដែលមានឈ្មោះថាល្បុក្កតោ។

ខណៈពេលដែលខ្សែភាពយន្តឯកសារមួយនេះបន្តចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តនានា មានន័យថាទស្សនិកជនជុំវិញពិភពលោកនឹងបានយល់ដឹងកាន់តែច្រើនអំពីសិល្បៈក្បាច់គុនមួយនេះ។

ល្បុក្កតោគឺជាសិល្បៈក្បាច់គុនមានអាយុកាលចំណាស់មួយដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងវប្បធម៌និងសង្គមខ្មែរ ប៉ុន្តែវាបានប្រឈមមុខនឹងការបាត់បង់ក្នុងអំឡុងពេលប៉ុន្មានទសវត្សកន្លងមកនេះ ដោយសារមិនសូវមានកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសិល្បៈមួយនេះសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងចំណោមនោះ ក៏មានព្រឹទ្ធាចារ្យល្បុក្កតោ San Kim Sean ដែលជាមនុស្សម្នាក់មានក្តីសុបិន្តក្នុងការស្រោចស្រង់សិល្បៈក្បាច់គុនបុរាណល្បុក្កតោ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្នុងខ្សែភាពយន្តឯកសារមួយនេះ។

"Surviving Bokator" ត្រូវបានផលិតក្រោមកិច្ចសហការ រវាងផលិតកម្មកងចក្រ និង Cineboxx Film & Television ដែលជាក្រុមហ៊ុនផលិតកម្មមានទីតាំងនៅ Toronto និងកាន់កាប់ដោយអ្នកដឹកនាំ Mark Bochsler និងផលិតករ Sandra Leuba ដែលលោក Loy Te មកពីផលិតកម្មកងចក្របានជួបក្នុងអំឡុងពេលដែលភាពយន្ត "Jailbreak" បានធ្វើដំណើរទៅកាន់មហោស្រពភាពយន្តនានា។


ព្រឹទ្ធាចារ្យល្បុក្កតោ San Kim Sean ក្នុងឈុតមួយពី "Surviving Bokator"

បន្តបេសកកម្មរបស់ "Jailbreak" ក្នុងការផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរនៅឆាកអន្តជាតិ ខ្សែភាពយន្ត "Surviving Bokator" បានចាក់បញ្ចាំងកាលពីពេលថ្មីៗនេះនៅឯមហោស្រពភាពយន្ត Austin Film Festival ឆ្នាំ 2018 នៅរដ្ឋ Texas សហរដ្ឋអាមេរិក ហើយក៏ទទួលបានការកោតសរសើរជា "ខ្សែភាពយន្តដ៏ទាក់ទាញដែលត្រូវបានបង្កើតឡើងយ៉ាងល្អ"។

វាក៏បានចាក់បញ្ចាំងនៅឯមហោស្រពភាពយន្ត Asia Pacific International Filmmaker Festival and Award ឆ្នាំ 2018 កាលពីដើមឆ្នាំនេះផងដែរ ហើយបានក្លាយជាម្ចាស់ពានរង្វាន់ Golden Award ទៀតផង។

ខ្សែភាពយន្តឯកសារមួយនេះនឹងបន្តបេសកកម្មរបស់ខ្លួននៅឯមហោស្រពភាពយន្តអន្តរជាតិពីរទៀតក្នុងពេលឆាប់ៗនេះ គឺ មហោស្រពភាពយន្ត Philadelphia Asian American Film Festival ឆ្នាំ 2018 នៅថ្ងៃទី 9 វិច្ឆិកា នៅសហរដ្ឋអាមេរិក (ដែលខ្សែភាពយន្តឯកសារមួយនេះត្រូវបានគេនិយាយថាជា "ខ្សែភាពយន្តដ៏ទាក់ទាញអស្ចារ្យដែលយើងនឹងបញ្ចាំងក្នុងឆ្នាំនេះ") និង មហោស្រពភាពយន្ត Hamilton Film Festival ឆ្នាំ 2018 នៅថ្ងៃទី 11 ខែវិច្ឆិកា នៅប្រទេសកាណាដា (ដែលកម្មវិធីមួយនេះបានហៅវាថា "កំណប់ក្នុងចំណោមខ្សែភាពយន្តឯកសារទាំងឡាយ")។

"Surviving Bokator" ផ្តោតទៅលើព្រឹទ្ធាចារ្យល្បុក្កតោ San Kim Sean ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក អស់ជាច្រើនឆ្នាំដោយសាររបបខ្មែរក្រហម បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញដើម្បីបន្តក្តីសុបិន្តរបស់គាត់ក្នុងការស្រោចស្រង់ ក្បាច់គុនល្បុក្កតោ និងរក្សាសិល្បៈមួយនេះឲ្យកូនខ្មែរជំនាន់ក្រោយ។

ខ្សែភាពយន្តឯកសារមួយនេះក៏ស្វែងយល់អំពីគម្លាតរវាងមនុស្សជំនាន់មុន ដែលប្តេជ្ញាក្នុងការថែរក្សាប្រពៃណី និងមនុស្សជំនាន់ក្រោយដែលចង់បានការផ្លាស់ប្តូរ នៅក្នុងប្រទេសក្រោយសង្គ្រាមមួយដែលបានបាត់ទំនាក់ទំនងជាមួយអតីតកាល និងកំពុងព្យាយាមកសាងឡើងវិញនូវអត្តសញ្ញាណជាតិរបស់ខ្លួននៅឡើយមកទល់សព្វថ្ងៃនេះ៕

Cinema Online, 8 វិច្ឆិកា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង