ព័ត៌មាន

តួរបស់ "Maze Runner" នឹងបញ្ចូលសម្លេងឲ្យ Bumblebee ក្នុងរឿងទោលនេះ

អ្នកសរសេរ: Vong Phal Solysa



Bumblebee នឹងនិយាយជាមួយសម្លេងរបស់គាត់ផ្ទាល់ ជាជាងប្រើប្រាស់វិទ្យុបញ្ជូនសារនៅក្នុងខ្សែភាពយន្ត
"Transformers" ថ្មីដែលនឹងចេញឆាប់ៗនេះ។

12 Dec – ជាការពិត "Bumblebee" គឺជាខ្សែភាពយន្តដែលពោរពេញទៅដោយការរំពឹងទុកខ្ពស់បំផុតប្រចាំឆ្នាំ 2018 ដោយវាជាខ្សែភាពយន្តទីប្រាំមួយនៃស៊េរីរឿងវិទ្យាសាស្ត្របែបប្រឌិតពោរពេញទៅដោយសកម្មភាពវាយប្រយុទ្ធដ៏ល្បីល្បាញ "Transformers"។

ហេតុនេះហើយ អ្នកគាំទ្រពិតជាចង់ដឹងថាតើនរណានឹងបញ្ចូលសម្លេងឲ្យតួអង្គ Bumblebee ដ៏ល្បីឈ្មោះរូបនេះ ដែលមកទល់ពេលនេះធ្វើការទំនាក់ទំនងតាមតែវិទ្យុបញ្ជូនសាររបស់គាត់ប៉ុណ្ណោះ។

ឥឡូវនេះយើងដឹងហើយ តំណែងមួយនេះនឹងជារបស់តារាឯកក្នុងរឿង "The Maze Runner" គឺ Dylan O'Brien!

"សម្លេងរបស់ Dylan មានគុណសម្បត្តិខ្ពស់ក្នុងការបង្ហាញភាពវ័យក្មេងស្រស់ស្រាយ ក៏ដូចជាភាពស្មោះត្រង់ផងដែរ" ជាសម្ដីរបស់ផលិតករក្នុងស៊េរីរឿង "Transformers" លោក Lorenzo di Bonaventura ដែលបានប្រាប់ទៅកាន់ IGN។ "ខ្ញុំគិតថាទាំងពីរនេះហើយគឺជាចំណុចដែលពួកយើងចង់ឲ្យ Bumblebee មាន។"

គាត់បានបន្ថែមថាក្រុមទស្សនិកជនសាកល្បងបានបង្ហាញប្រតិកម្មវិជ្ជមានចំពោះការជ្រើសយកសម្លេងរបស់ O'Brien ហើយបាននិយាយថាវាជា "សម្លេងដ៏សាកសម" សម្រាប់ Autobot មួយនេះ។

"ដោយពួកយើងចង់បង្កើតវាជាខ្សែភាពយន្តដែលនិយាយពីដំណើរដើមទង ពួកយើងមានអារម្មណ៍ថាទស្សនិកជនគួរតែបានលឺសម្លេង [របស់ Bumblebee]" ជាសម្ដីរបស់ di Bonaventura។ Bumblebee បានត្រឹមតែធ្វើការទំនាក់ទំនងតាមរយៈវិទ្យុបញ្ជូនសាររបស់គាត់ប៉ុណ្ណោះក្នុងខ្សែភាពយន្ត "Transformers" មុនៗ បន្ទាប់ពីទទួលរងរបួសក្នុងការប្រយុទ្ធមួយដែលធ្វើឲ្យគាត់លែងនិយាយបាន។


ក្រុមទស្សនិកជនសាកល្បងសប្បាយចិត្តជាមួយការជ្រើសយកសម្លេងរបស់ O'Brien
ដោយពួកគេជឿថាសម្លេងរបស់គាត់ "សាកសម" សម្រាប់ Bumblebee។

"Bumblebee" កើតឡើងរយៈពេលម្ភៃឆ្នាំមុនព្រឹត្តិការណ៍នៃខ្សែភាពយន្ត "Transformers" ដំបូង។ វានិយាយអំពីដើមកំណើតរបស់តួអង្គ Transformer ដ៏ល្បីល្បាញរូបនេះ ចាប់ពីពេលដែលគាត់ជួបជាមួយក្មេងស្រីជំទង់មួយរូប (ដើរតួដោយ Hailee Steinfeld) ក្នុងអំឡុងឆ្នាំ 1980s។

វាគួរបញ្ជាក់ផងដែរថា ""Bumblebee" នឹងជាខ្សែភាពយន្ត "Transformers" ដំបូងដែលមិនត្រូវបានដឹកនាំដោយ Michael Bay ដែលលើកនេះគាត់នឹងធ្វើជាផលិតករវិញ។

ដូចនេះវានឹងកាន់តែគួរឲ្យចាប់អារម្មណ៍ក្នុងការទស្សនាថាតើខ្សែភាពយន្តនឹងទៅជាយ៉ាងណា ខណៈពេលដែលវាត្រូវបានដឹកនាំដោយ Travis Knight ដែលជាអ្នកដឹកនាំរបស់ខ្សែភាពយន្តគំនូរជីវចលដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងគឺ "Kubo and Two Strings"។

"Bumblebee" នឹងចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងរាជាណាចក្រកម្ពុជានៅថ្ងៃទី 25 ខែធ្នូនេះ។

Cinema Online, 12 ធ្នូ 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង