ព័ត៌មាន

Jean-Paul Ly សម្ដែងក្នុងរឿងថ្មីបែបវិទ្យាសាស្ត្រមនោវិក័តរបស់ Disney

អ្នកសរសេរ: Vong Phal Solysa



Jean-Paul Ly ជាតួអង្គមួយក្នុងខ្សែភាពយន្តថ្មីរបស់ Disney ដែលមានចំណងជើងថា
"Artemis Fowl" ត្រៀមនឹងចេញក្នុងរដូវក្តៅឆ្នាំ 2019។

29 Nov – អស់ពេលជាងពីរឆ្នាំទៅហើយដែលខ្សែភាពយន្ត "Jailbreak" បានវាយលុកចូលក្នុងរោងកុន ហើយបានធ្វើឲ្យមានការផ្លាស់ប្តូរខ្សែភាពយន្តបែបសកម្មភាពវាយប្រយុទ្ធរបស់វិស័យភាពយន្តកម្ពុជាទាំងមូល។

តួឯកប្រុសលោក Jean-Paul Ly បានបន្តធ្វើការដោយមិនមានការឈប់សម្រាកទាំងការដើរតួជាអ្នកបច្ចេកទេសឈុតវាយប្រហារ និងជាតារាសម្តែងផ្ទាល់ផង ហើយបច្ចុប្បន្នកាលនេះលោក Ly នឹងបង្ហាញមុខម្តងទៀតក្នុងខ្សែភាពយន្តថ្មីមួយរបស់ Disney ដែលមានចំណងជើងថា "Artemis Fowl"។

Ly បានចែករំលែកនៅលើបណ្តាញសង្គម Twitter របស់គាត់ពីការប្រកាសរបស់ក្រុមហ៊ុនគ្រប់គ្រងតារានៅទីក្រុងឡុងដ៏មួយឈ្មោះថា Core MGMT ដែលនិយាយអំពីការចេញវីដេអូ trailer របស់រឿងនិងវត្តមានរបស់តារាសម្តែងរូបនេះនៅក្នុងខ្សែភាពយន្តមួយនេះ។

ក្នុង "Artemis Fowl", លោក Ly នឹងសម្តែងជាតួអង្គមួយដែលមានឈ្មោះថា Nguyen។ ទោះបីមិនទាន់មានពត៌មានលម្អិតដែលបង្ហាញអំពីចរិកលក្ខណៈនៃតួអង្គរបស់គាត់នៅឡើយ តែយើងអាចទាយដឹងមុនថាវានឹងមានសកម្មភាពវាយប្រយុទ្ធជាច្រើន។

ពឹងផ្អែកទៅលើស៊េរីសៀវភៅប្រលោមលោកបែបវិទ្យាសាស្ត្រប្រឌិតនិងស្រមើស្រមៃដែលមានប្រាំបីក្បាលនិងសរសេរដោយអ្នកនិពន្ធជនជាតិអៀរឡង់ Eoin Colfer ខ្សែភាពយន្ត "Artemis Fowl" ដើរតាមដំណើរផ្សងព្រេងរបស់ Artemis Fowl II (សម្តែងដោយ Ferdia Shaw) និងអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ Domovoi Butler (សម្តែងដោយ Nonso Anozie) ដោយពួកគេនឹងប្លន់ពិភពអាថកំបាំងរបស់ពពួកទេពអប្សរ ដើម្បីជួយសង្គ្រោះឪពុកដែលជាប់ទោសរបស់គាត់និងស្តារជោគវាសនារបស់គ្រួសារគាត់ឡើងវិញ។

ខ្សែភាពយន្តបែបវិទ្យាសាស្ត្រមនោវិក័តមួយនេះគ្រោងចេញនៅតាមរោងកុននានាក្នុងទ្វីបអាមេរិកខាងជើងនៅថ្ងៃទី 9 សីហា ឆ្នាំ 2019។


Jean-Paul Ly ជាមួយ Richard Sandling ក្នុងរឿង "Nightshooters" ដែលជាសកម្មភាពវាយប្រយុទ្ធដ៏ព្រឺព្រួចដែលគ្រោងចេញនៅថ្ងៃទី 26 ធ្នូនេះ
។ (ប្រភពរូបភាព: គណនី Facebook របស់ Jean-Paul Ly)

លោក Ly ដែលជាមនុស្សដ៏មមាញឹកជាមួយខ្សែភាពយន្តជាច្រើនរួមមាន "King Arthur: Legend of the Sword," "The Takedown," និង
"Nightshooters" ព្រមជាមួយខ្សែភាពយន្ត 2 ថែមទៀតដែលត្រៀមនឹងចេញឆាប់ៗនេះ។

ខ្សែភាពយន្តបន្ទាប់ដែលយើងនឹងបានឃើញគាត់គឺរឿង "Vengeance 2" ដែលគាត់សម្តែងជាតួអង្គឈ្មោះ Kelso និងខ្សែភាពយន្ត "14 Fists" ដែលគាត់សម្តែងជាតួអង្គឈ្មោះ Michel ប៉ុន្តែខ្សែភាពយន្តទាំងពីរនេះនៅមិនទាន់មានថ្ងៃកំណត់ចាក់បញ្ចាំងច្បាស់លាស់នៅឡើយទេ។

(ប្រភពរូបភាព: គណនី Facebook របស់ Jean-Paul Ly)

Cinema Online, 29 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Jailbreak (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង