ព័ត៌មាន

មហោស្រពភាពយន្តជប៉ុន 2018 ប្រព្រឹត្តទៅដោយមានពីរវគ្គក្នុងខែវិច្ឆិកានេះ

អ្នកសរសេរ: Vong Phal Solysa



(ផ្តើមរាប់ទ្រនិចនាឡិកាពីផ្នែកខាងលើនៅខាងឆ្វេង) "Chihayafuru Part 3", "The 8-Year Engagement", "Yakiniku Dragon"
និង "Mixed Doubles" ស្ថិតក្នុងចំណោមខ្សែភាពយន្តទាំង 11 នៅឯមហោស្រពភាពយន្តជប៉ុន ក្នុងឆ្នាំនេះ

1 Nov – មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំនឹងវិលត្រឡប់មកវិញ ហើយលើកនេះកម្មវិធីនឹងបែងចែកជាពីរដំណាក់កាល ដោយនឹងប្រព្រឹត្តទៅនៅទីតាំងពីរផ្សេងគ្នា។

កម្មវិធីមហោស្រពភាពយន្តលើកទី 4 នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី8 ដល់ 11 ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ នៅឯរោងកុន Major Cineplex AEON 1 និង Legend Cinema Toul Kok។

បន្ទាប់មកវានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 16 ដល់ 18 ខែវិច្ឆិកា ក្នុងខេត្តសៀមរាម នៅឯរោងកុន Major Cineplex Siem Reap។

ជាសរុបខ្សែភាពយន្តជប៉ុនចំនួន 11 រឿងនឹងធ្វើការចាក់បញ្ចាំងចំនួន 34ដង ជាមួយនឹងប្រភេទរឿងជាច្រើនដូចជា គំនូរជីវចល មនោសញ្ចេតនា ស្រមើស្រមៃ ស្នេហា និងផ្សេងៗទៀត ហើយអក្សរខ្មែរ និងអង់គ្លេសនឹងមានរត់នៅលើអេក្រង់។

ទស្សនិកជនអាចចូលរួមទស្សនាដោយឥតគិតថ្លៃ ហើយអ្នកមកដល់មុននឹងទទួលបានសំបុត្រមុន ពោលគឺរយៈពេល 45នាទី មុនពេលចាក់បញ្ចាំងរឿង ដោយមកយកសំបុត្រនៅកន្លែងផ្តល់ព័ត៌មានរបស់កម្មវិធីនៅរោងកុននីមួយៗ។

ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនៅឯមហោស្រពភាពយន្តជប៉ុន ក្នុងឆ្នាំនេះ រួមមាន "Inuyashiki", "Mixed Doubles", "The Crimes That Bind", "Yakiniku Dragon", "One Cut of the Dead", "Lu Over the Wall", "Mirai", "Chihayafuru Part 3", "Laughing Under the Clouds", "Color Me True" និង "The 8-Year Engagement"។


ពិធីសម្ពោធនៃមហោស្រពភាពយន្តជប៉ុន កាលពីឆ្នាំទៅ ដែលបានធ្វើឡើងនៅសាលមហោស្រពចតុមុខ។
(ប្រភពរូបភាព: ទំព័រហ្វេសប៊ុក Japanese Film Festival – Cambodia)។

រៀបចំដោយមូលនិធិជប៉ុន ក្រោមកិច្ចសហការជាមួយស្ថានទូតជប៉ុននៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហោស្រពភាពយន្តជប៉ុនបានប្រារព្ធធ្វើលើកដំបូងក្នុងឆ្នាំ 2015 ដើម្បីរំលឹកខួបលើកទី 60 នៃសន្ធិសញ្ញាមិត្តភាពជប៉ុន-កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

ចាប់តាំងពីពេលនោះមក វាបានក្លាយជាកម្មវិធីអបអរសាទរខ្សែភាពយន្តជប៉ុនប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនដែលបានចូលរួម។

កម្មវិធីមួយនេះមិនត្រឹមតែបញ្ចាំងខ្សែភាពយន្តដែលឆ្លុះបញ្ចាំងជីវិត និងវប្បធម៌របស់ជប៉ុនប៉ុណ្ណោះទេ តែក្រុមការងារក៏អញ្ជើញផលិតករភាពយន្តជប៉ុនដែលពោរពេញដោយបទពិសោធន៏ និងរៀបចំសិក្ខាសាលាទាក់ទងនឹងវិស័យភាពយន្តជប៉ុនផងដែរ។

កុំរំលងឱកាសដ៏ពិសេសនេះក្នុងការទស្សនាភាពអស្ចារ្យនៃវិស័យរោងកុនរបស់ប្រទេសជប៉ុន!

Cinema Online, 1 វិច្ឆិកា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង