ព័ត៌មាន

ក្រុមការងាររបស់ "Jailbreak" នឹងផលិតរឿងស្នេហាយុវវ័យ

អ្នកសរសេរ: Vong Phal Solysa



ក្រុមតារាសម្តែងរបស់ "Young Love" នៅឯពិធីសែនក្រុងពាលីសម្រាប់ខ្សែភាពយន្ត។

9 Aug – ជាងមួយឆ្នាំហើយដែលភាពយន្ត "Jailbreak" បានវាយលុកក្នុងរោងកុននៅព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ2017 ហើយតាំងពីពេលនោះមក វាបានក្លាយជាខ្សែភាពយន្តខ្នាតធំមួយដែលត្រូវបានដឹកនាំ និងផលិតដោយក្រុមការងារក្នុងស្រុក ទទួលបានជោគជ័យយ៉ាងធំធេង។

ឥឡូវនេះ ផលិតកម្មកងចក្ស ដែលជាក្រុមការងារនៅពីក្រោយភាពជោគជ័យរបស់ "Jailbreak" នឹងត្រឡប់មកវិញជាមួយខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា "Young Love"។

ចាប់ផ្តើមការផលិតជាមួយពិធីសែនក្រុងពាលីកាលពីថ្ងៃទី 7 ខែសីហា តារាសម្តែង និងក្រុមការងារទាំងអស់បានជួបជុំគ្នានៅឯសាលាវេស្ទើនសាន់វ៉េ ដើម្បីទទួលពរជ័យ មុននឹងចាប់ដំណើរការថតខ្សែភាពយន្តមួយនេះ។

គ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងស្រុក នៅឆ្នាំ 2019 ខ្សែភាពយន្តមួយនេះត្រូវបានផលិតដោយលោក Loy Te ហើយវាក៏នឹងក្លាយជាស្នាដៃដឹកនាំលើកដំបូងសម្រាប់អ្នកដឹកនាំស្រីវ័យក្មេងមួយរូបឈ្មោះ Lomorpich Rithy (ឬហៅថា Yoki)។

"Young Love" គឺជាខ្សែភាពយន្តរ៉ូមែនទិចដែលផ្តោតទៅលើស្នេហាយុវវ័យក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ហើយនិយាយទាក់ទងទៅនឹងបញ្ហានៃការថែរក្សាស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។

អ្នកដឹកនាំបាននិយាយថា "ស្នេហាក្មេងៗ មិនមែននិយាយពីស្នេហាតែមួយមុខនោះទេ ប៉ុន្តែផ្តោតលើការយល់ឃើញអំពីសេចក្តីស្នេហាស្ថិតក្នុងវ័យក្មេង។ រឿងនេះនឹងនិយាយអំពីក្តីសង្ឃឹម សុបិន្ត និង ជីវិតរបស់ក្មេងៗ"។


ពិធីសែនក្រុងពាលីសម្រាប់ខ្សែភាពយន្ត "Young Love" ប្រារព្ធធ្វើនៅសាលាវេស្ទើនសាន់វ៉េ។

ក្រុមតារាសម្តែងនៃខ្សែភាពយន្តនេះរួមមាន Kong Chansreyden ដែលនឹងសម្តែងជាតួអង្គឯកឈ្មោះ Kesor និង Chea Socheat ពីក្រុមតារាចម្រៀងដ៏ល្បីឈ្មោះគឺក្មេងខ្មែរ និង David Sophy Rong ពីក្រុមតារាចម្រៀង Small World Small Band ក្រុមតូច។

តារាឯទៀតដែលនឹងចេញមុខក្នុងរឿងរួមមានសមាជិកនៃក្រុមរាំ 4NIX និង OMG Dance Crew ដែលសុទ្ធតែមានភាពល្បីល្បាញក្នុងសំណាក់យុវវ័យ។

ខណៈពេលដែល "Jailbreak" ពោរពេញទៅដោយសកម្មភាពវាយប្រហារបែបពុះកញ្រ្ជោលនោះ ខ្សែភាពយន្ត "Young Love" នេះត្រូវបានបង្ហាញឲ្យដឹងថានឹងពោរពេញទៅដោយស្នេហាបែបយុវវ័យទៅវិញ។

ជាមួយភាពជោគជ័យនៃ "Jailbreak" និងគម្រោងខ្សែភាពយន្តខ្នាតធំមួយចំនួនទៀតក្រោមការផលិតរបស់ ផលិតកម្មកងចក្ស បានធ្វើឲ្យផលិតកម្មមួយនេះក្លាយជាអ្នកនាំមុខមួយក្នុងវិស័យភាពយន្តខ្មែរ។

ត្រៀមខ្លួនសម្រាប់ខ្សែភាពយន្ត "Young Love" នៅពេលដែលវាចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងឆ្នាំក្រោយនេះ៕

Cinema Online, 9 សីហា 2018


ភាពយន្តទាក់ទង:
Jailbreak (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង