ព័ត៌មាន

អ្នកដឹកនាំរឿង "In the Life of Music" ក្នុងវគ្គសំណួរចម្លើយនៅតូក្យូ

អ្នកសរសេរ: Florey DM



អ្នកដឹកនាំរឿង "In te Life of Music" រួមមាន Caylee So (នៅខាងឆ្វេង)
និង Sok Visal នៅឯមហោស្រពភាពយន្តអន្តរជាតិតូក្យូ លើកទី31

2 Nov- ភាពយន្តខ្មែរ "In the Life of Music" កំពុងតែមានភារកិច្ចយ៉ាងមមាញឹកនៅឯមហោស្រពភាពយន្តអន្តរជាតិតូក្យូ លើកទី31 ក្នុងប្រទេសជប៉ុន។

ភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅក្នុងផ្នែក "The Japan Foundation Asia Center presents CROSSCUT ASIA #05 Soundtrip to Southeast Asia" របស់មហោស្រពភាពយន្ត។

អ្នកដឹកនាំរឿងទាំងពីររួមមាន Sok Visal និង Caylee So សុទ្ធតែមានវត្តមាននៅឯមហោស្រពភាពយន្ត សម្រាប់វគ្គសំណួរចម្លើយជាមួយអ្នកគាំទ្រ ក្រោយពីការចាក់បញ្ចាំងភាពយន្តរួចនៅឯរោងភាពយន្ត Toho Cinemas Roppongi។

ដោយសារតែភាពយន្តនេះ និយាយអំពីរឿងរ៉ាវរបស់សមាជិកទាំងបីជំនាន់នៃគ្រួសារមួយ និងមានការដាក់បញ្ចូលនូវបទចម្រៀង "ចំប៉ាបាត់ដំបង" របស់លោក សិន ស៊ីសាមុត ដែលត្រូវបានគេទទួលស្គាល់ថាជា អធិរាជតន្ត្រីរបស់កម្ពុជា ទើបធ្វើឲ្យទស្សនិកជនដែលភាគច្រើនជាជនជាតិជប៉ុនចង់ដឹងយ៉ាងខ្លាំងអំពីមូលហេតុដែលនាំឲ្យអ្នកដឹកនាំសម្រេចដាក់បញ្ចូលបទចម្រៀងនេះ ជាជាងយកបទផ្សេងមកដាក់បញ្ចូល។

Caylee So ដែលជាអ្នកផលិត និងសរសេរប៉ារ៉ូលរឿងនេះ បានឆ្លើយតបទៅកាន់អ្នកគាំទ្រថា បទចម្រៀងនេះគឺជាបទមួយដែលឪពុកម្តាយរបស់គាត់តែងស្តាប់ជារឿយៗនៅពេលដែលគាត់ធំធាត់ឡើងនៅប្រទេសអាមេរិក ហើយនេះគឺជាអ្វីដែលធ្វើឲ្យពួកគាត់ចងចាំអនុស្សាវរីយ៍នៅប្រទេសកម្ពុជា។

បទចម្រៀងគឺជាវត្ថុតែមួយដែលអាចធ្វើឲ្យកូនកាត់កម្ពុជា-អាមេរិក ដូចជាគាត់ មានភាពផ្សាភ្ជាប់ជាមួយកម្ពុជា ព្រោះថាកូនកាត់ដូចពួកគាត់មិនធ្លាប់មកប្រទេសកម្ពុជានេះឡើយ។ គាត់បានបន្ថែមថា "រហូតមកដល់ពេលនេះ ឪពុកម្តាយរបស់ខ្ញុំមិនទាន់ត្រឡប់មកកាន់កម្ពុជា នៅឡើយទេ"។

"ព្រោះថា {លោក សិន ស៊ីសាមុត} គឺជាអ្នកចម្រៀងដ៏អស្ចារ្យម្នាក់ ហើយបទចម្រៀងរបស់គាត់មួយៗ គឺពោរពេញទៅដោយភាពជម្រុញទឹកចិត្ត ជាពិសេសប្រសិនបើអ្នកដាក់បញ្ចូលទៅក្នុងភាពយន្ត។ "ចំប៉ាបាត់ដំបង" គឺជាបទចម្រៀងមួយក្នុងចំណោមបទទាំងនោះ ដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងប្រទេសអាមេរិក ស្គាល់និងចាក់ឲ្យកូនៗរបស់ពួកគេស្តាប់។ វាមិនមែនមានត្រឹមតែបទចម្រៀងនិយាយអំពីវាលពិឃាតនោះទេ តែនៅមានបទចម្រៀងជាច្រើនទៀតដែលនិយាយពីរឿងល្អៗនៅប្រទេសកម្ពុជា មុនសម័យសង្រ្គាម"។


អំឡុងវគ្គសំនួរចម្លើយជាមួយទស្សនិកជននៅឯរោងភាពយន្
ត Toho Cinemas Roppongi

ភាពយន្តនេះក៏បានបង្ហាញខ្លះៗអំពីភាពឈឺចាប់ក្នុងរបបខ្មែរក្រហម ហើយអ្នកដឹកនាំបាននិយាយថា ចំណុចទាំងនេះគឺពិតណាស់មិនមែនជារឿងងាយស្រួលសម្រាប់តួសម្តែងរបស់គាត់នោះឡើយ ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់ភាពឈឺចាប់ទាំងនេះ។

Sok Visal បាននិយាយថា តួសម្តែងដែលដើរតួជាអ្នកនិពន្ធបទចម្រៀងក្នុងអំឡុងរបបខ្មែរក្រហម គឺពិតជាមានភាពរំជើបរំជួលខ្លាំងមែនទែនក្នុងអំឡុងពេលថត ព្រោះថាគាត់ធ្លាប់ឆ្លងកាត់សម័យសង្គ្រាមនេះកាលពីពេលដែលគាត់នៅក្មេង។ Caylee ក៏បានលាតត្រដាងថា មាននារីម្នាក់ទៀតដែលសម្តែងជាអ្នកភូមិម្នាក់ ហើយគាត់គិតតែពីយំៗក្នុងអំឡុងពេលថត ហើយនៅពេលដែលយើងសួរទៅ គាត់ក៏បានតបវិញថា នេះគឺជាការសម្តែងចេញពីចិត្តផ្ទាល់តែម្តង ដោយសារថាគាត់បានបាត់បង់កូនប្រុស និងកូនស្រីក្នុងអំឡុងសម័យសង្រ្គាម។

អារម្មណ៍នៃការជាប់គាំង និងរងភាពឈឺចាប់ក្នុងអំឡុងសម័យសង្រ្គាម គឺបានបញ្ជូនទៅដល់ទស្សនិកជនតាមរយៈស្នាដៃរបស់អ្នកដឹកនាំ ដោយក្នុងនោះរួមមាន ការបង្ហាញពីទិដ្ឋភាពមុនសង្រ្គាម ការរស់នៅរបស់ប្រជាជនក្នុងអំឡុងសង្រ្គាម និងអ្វីដែលកើតមានក្រោយសង្រ្គាម។

Caylee ក៏បាននិយាយបន្ថែមថា "ពួកយើងប្រឹងប្រែងច្របាច់បញ្ចូលទាំងការពិត និងភាពស្រមើស្រមៃ ព្រោះខ្ញុំមានអារម្មណ៍ថាមនុស្សដែលស្ថិតនៅក្នុងអំឡុងរបបខ្មែរក្រហម គឺមានគំនាបយ៉ាងខ្លាំង និយាយឲ្យចំទៅគឺដូចជាជាប់ក្នុងទ្រុងអញ្ចឹង។ យើងក៏បានធ្វើការថតដោយប្រើប្រាស់ frame ហើយនេះជាអ្វីដែលកើតមានឡើងក្នុងអំឡុង របបខ្មែរក្រហម។ សម្រាប់ខ្ញុំគឺចង់ឲ្យទស្សនិកជនមានអារម្មណ៍ដូចនឹងមនុស្សទាំងនោះ ដែលហាក់ដូចជាជាប់គាំងនៅក្នុងគុក"។

ក្រៅពីភាពយន្ត "In the Life of Music" ក៏នៅមានភាពយន្តខ្មែរមួយទៀត ដែលតំណាងឲ្យកម្ពុជា ចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិតូក្យូ 2018 នោះគឺ "Don't Think I've Forgottne: Cambodia's Lost Rock & Roll", ក៏បានចូលរួមក្នុងផ្នែក "CROSSCUT ASIA" សម្រាប់ឆ្នាំនេះផងដែរ។

មហោស្រពភាពយន្តអន្តរជាតិតូក្យូ លើកទី31 ប្រព្រឹត្តិទៅនៅឯ Roppongi Hills រហូតដល់ថ្ងៃទី3 ខែវិច្ឆិកា៕

Cinema Online, 2 វិច្ឆិកា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង