ព័ត៌មាន

ល្បុកតោលេខមុខនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

អ្នកសរសេរ: Florey DM



ទិដ្ឋភាពនៃការបើកសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨

6 Mar – មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានត្រឡប់មកវិញហើយ រួមជាមួយនឹងការបើកសម្ពោធកាលពីល្ងាចម្សិលមិញនេះ នៅឯសាលសន្និសីទចតុមុខ ប្រកបដោយភាពជោគជ័យ។ សម្រាប់ឆ្នាំ២០១៨នេះ គឺជាលើកទី៨សម្រាប់មហោស្រពភាពយន្ត។

មានភាពយន្តពិសេសៗជាច្រើនត្រូវបានលើកយកមកបង្ហាញនៅឆ្នាំនេះ ដោយក្នុងនោះមានភាពយន្តដែលមានចំណងជើងថា "ភាពរស់រាននៃក្បាច់គុណល្បុកតោ" ដែលនិយាយអំពីក្បាច់គុណបុរាណខ្មែរ នោះគឺក្បាច់គុណល្បុកតោ។

ដោយផ្តោតសំខាន់លើលោកគ្រូក្បាច់គុណ សាន គីមសៀន ជាមនុស្សម្នាក់ដែលធ្វើឲ្យក្បាច់គុណមួយនេះ មានវត្តមានឡើងវិញ នាសព្វថ្ងៃនេះ។ ភាពយន្តឯកសារដែលដឹកនាំដោយលោក Mark Bochsler គឺត្រូវបានយកមកបញ្ចាំងនៅក្នុងថ្ងៃបើកសម្ពោធនៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៨។

សម្រាប់កម្មវិធីកាលពីម្សិលមិញនេះ ត្រូវបានគេសង្កេតឃើញថា មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ហើយពួកគេសុទ្ធតែភ្ញាក់ផ្អើលជាមួយនឹង ការសម្តែងក្បាច់គុណដោយក្រុមល្បុកតោខ្មែរ បូករួមជាមួយនឹងលោកគ្រូក្បាច់គុណផងនោះ បានធ្វើឲ្យការសម្តែងរឹតតែអស្ចារ្យ និងគួរឲ្យជក់ចិត្តមែនទែន៕


ការសម្តែងដ៏គួរឲ្យភ្ញាក់ផ្អើលដែលបង្កើតឡើងដោយក្រុមក្បាច់គុណល្បុកតោខ្មែរ

កញ្ញា Elodie Yung អ្នកគាំទ្រដ៏សំខាន់មួយរូបរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ មិនអាចចូលរួមកម្មវិធីសម្ពោធបានកាលពីម្សិលមិញ តែគាត់បានផ្ញើក្តីស្រលាញ់ តាមរយៈសារជាវីដេអូ។ ក្នុងនោះដែរ តារាសម្តែងកូនកាត់បារាំង-ខ្មែរ និងជាតួសម្តែងស្រីនៅក្នុងរឿង "Gods of Egypt" និងរឿង អង្គរក្សឧក្រិដ្ឋជន ក៏បានលើកឡើងថា "ខ្ញុំគិតថាមហោស្រពលើកនេះគឺជាពិតជាសំខាន់ និងអស្ចារ្យមែនទែន ដើម្បីផ្សព្វផ្សាយវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក"។


កញ្ញា Elodie Yung ធ្វើការបង្ហាញអំពីមហោស្រពភាពយន្តអន្តរជាតិ២០១៨

ឈុតសំខាន់ផ្សេងមួយទៀតនៅឯមហោស្រពកាលពីម្សិលមិញ នោះគឺវត្តមានតារាសម្តែង Loday Chophel តួអង្គសំខាន់នៅក្នុងភាពយន្តរបស់ប្រទេសប៊ូតាន់ ដែលមានចំណងជើងថា "Prophecy" ដែលចូលរួមក្នុងកម្មវិធីដើម្បីធ្វើបទបង្ហាញអំពីរោងភាពយន្តនៅឯប្រទេសរបស់គាត់។

នៅក្នុងនោះលោកបានលើកឡើងថា រោងភាពយន្តនៅក្នុងប្រទេសប៊ូតាន់គឺនៅក្មេងខ្ចី ដែលទើបតែរីកដុះដាលកាលពីអំឡុងឆ្នាំ១៩៨៨។ ការអភិវឌ្ឍន៍នៅក្នុងវិស័យភាពយន្តនៃប្រទេសនេះ គឺមានសភាពយឺតយ៉ាវក៏ព្រោះតែកត្តាមួយចំនួនទាក់ទងនឹងគោលនយោបាយ ដែលធ្វើឲ្យវិស័យមួយនេះធ្លាក់ចុះយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំនេះ។ តែយ៉ាងណាមិញ ប្រទេសប៊ូតាន់ នៅតែប្រឹងប្រែងនឹងអាចផលិតបានរហូតដល់ទៅជាង៣០០ភាពយន្ត ហើយបើគិតមកដល់ថ្ងៃនេះ។

តារាសម្តែងរូបនេះក៏បានអំពាវនាវសុំការជួយជ្រោមជ្រែង និងគាំទ្ររោងភាពយន្តក្នុងប្រទេសប៊ូតាន់ ពីសំណាក់ប្រទេសដទៃជាច្រើន ដើម្បីអាចឲ្យពួកគេយល់ដឹង និងទទួលបទពិសោធន៍ និងបច្ចេកទេសថ្មីសំខាន់ៗទាក់ទងនឹងវិស័យភាពយន្ត។

ជាមួយគ្នានេះដែរ Loday Chophel ក៏នឹងមានវត្តមាននៅក្នុងការដាក់បញ្ចាំងភាពយន្ត "Prophecy" នៅឯរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន នាថ្ងៃទី៧ ខែមីនា វេលាម៉ោង៣រសៀល។ ភាពយន្តមួយនេះដែរ គឺនិយាយអំពីក្មេងប្រុសម្នាក់ដែលត្រូវបានកំណត់ឲ្យក្លាយជា ព្រះសង្ឃឡាម៉ា។


តួសម្តែងមកពីប្រទេសប៊ូតាន់ Loday Chophel
កំពុងធ្វើអត្ថាធិប្បាយនៅក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

សម្រាប់ឆ្នាំនេះដែរ នឹងមានភាពយន្តជាង១៣០ មកពី៤១ប្រទេសនឹងត្រូវលើកយកមកបញ្ចាំង នៅតាមរោងភាពយន្តធំៗក្នុងទីក្រុងភ្នំពេញ និងនៅកោះពេជ្រ។ ក្នុងនោះមានដូចជាភាពយន្តដែលដឹកនាំដោយ Angelina Jolie នោះគឺរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" និងរឿង "ធ្មប់" ដែលដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង និងរឿងរបស់ប្រទេសភូមា "Rina 2", រឿងជប៉ុន "Love and Goodbye and Hawaii" ព្រមទាំងរឿងជាច្រើនទៀតផងដែរ។

មហោស្រពភាពយន្តអន្តរជាតិលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នេះតទៅ៕

Cinema Online, 6 មីនា 2018


ភាពយន្តទាក់ទង:
Prophecy (CIFF) (Dzongkha) (07 Mar 2018)
First They Killed My Father (CIFF) (Khmer) (Not Showing)
The Witch (CIFF) (Khmer) (06 Mar 2018)
Loung Preah Sdech Korn (CIFF) (Khmer) (11 Mar 2018)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង