ព័ត៌មាន

រឿងខ្នាតខ្លីរបស់កម្ពុជាចាក់បញ្ចាំងនៅBIFF ឆ្នាំ2018

អ្នកសរសេរ: Vong Phal Solysa



"A Million Years" គឺជាខ្សែភាពយន្តដំបូងក្នុងចំណោមបី ផលិតដោយ Anti-Archive ដែលជាផ្នែកមួយនៃយុទ្ធនាការ "Echoes from Tomorrow"។

7 Sep - កម្មវិធីមហោស្រពភាពយន្តដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ី នោះគឺ Busan International Film Festival (BIFF) នឹងធ្វើការវិលត្រឡប់មកវិញ សម្រាប់លើកទី 23 របស់ខ្លួនក្នុងខែតុលា ឆ្នាំ2018។

ក្នុងឆ្នាំនេះ មហោស្រពភាពយន្តប្រចាំឆ្នាំមួយនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី4 ដល់13 ខែតុលា នៅឯទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

ក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលនឹងចាក់បញ្ចាំងនៅឯកម្មវិធីមួយនេះ ខ្សែភាពយន្តខ្នាតខ្លីមួយរបស់កម្ពុជា ដែលមានចំណងជើងថា "A Million Years" ក៏នឹងធ្វើការចូលរួមក្នុងកម្មវិធីដ៏ឱឡារឹកមួយនេះផងដែរ នេះបើផ្អែកលើការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ Anti-Archive។

ដឹកនាំ និងនិពន្ធសាច់រឿងដោយ Danech San ជាមួយនឹង Davy Chou ដែលជាអ្នកផលិត ក្រោមស្លាកយីហោក្រុមហ៊ុន Anti-Archive របស់គាត់ ខ្សែភាពយន្ត "A Million Years" គ្រោងនឹងធ្វើការចាក់បញ្ចាំងជាលើកដំបូងនៅផ្នែក Wide Angle Asian Short Film Competition របស់កម្មវិធី។

ខ្សែភាពយន្តខ្នាតខ្លីមួយនេះនិយាយអំពីសាច់រឿងអតីតកាល ដែលត្រូវបានរៀបរាប់ដោយនារីវ័យក្មេងមួយរូប (ដើរតួដោយ Marie Thach) នៅឯភោជនីយដ្ឋានជាប់ស្ទឹងមួយកន្លែង ជាមួយនឹងចរន្តទឹកស្ទឹង និងដើមឈើនៅលើភ្នំ ជុំវិញអមជាផ្ទៃរឿង។


Danech San ដែលជាអ្នកដឹកនាំរឿង "A Million Years" នឹងមានវត្តមានក្នុងកម្មវិធីមួយនេះ នៅឯទីក្រុងប៊ូសាន ជាមួយក្រុមការងារផលិតរឿង និងក្រុមការងាររបស់ Anti-Archive (ប្រភពរូបភាព: Anti-Archive)

"A Million Years" គឺជាខ្សែភាពយន្តទីមួយនៃខ្សែភាពយន្តចំនួនបី ដែលផលិតដោយ Anti-Archive ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ "Echoes from Tomorrow" របស់ខ្លួន ដែលមានគោលបំណងផ្តល់ឱកាសឲ្យអ្នកដឹកនាំស្រីជើងថ្មីបីរូបនៅកម្ពុជា រួមមាន Danech San, Sreylin Meas, និង Kanitha Tith ក្នុងការផលិតនូវខ្សែភាពយន្តខ្នាតខ្លីដំបូងបំផុតរបស់ពួកគេ។

ខ្សែភាពយន្ត "California Dreaming" របស់ Sreylin Meas ផ្តោតទៅលើចំណងមិត្តភាពដែលកើតមានឡើង របស់នារីពីរនាក់ មានប្រវត្តិរូបខុសប្លែកពីគ្នា ក្រោយពីបានស្គាល់គ្នានៅឯសណ្ឋាគារលើឆ្នេរខ្សាច់មួយកន្លែង រីឯខ្សែភាពយន្ត "Time Moving Forward" របស់ Kanitha Tith គឺនិយាយអំពីសិល្បករវ័យក្មេងមួយរូប ត្រូវធ្វើដំណើរស្វែងរកក្រុមរៀមច្បង ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត នៅក្នុងទីក្រុងមួយដែលកំពុងផ្លាស់ប្តូរ ខណៈពេលដែលនាងរៀនផ្លាស់ប្តូរគំនិតរបស់ខ្លួនបន្តិចម្តងៗ។

ចាប់ផ្តើមចេញពីយុទ្ធនាការរៃអង្គាសប្រាក់ដើម្បីផលិតរឿង គម្រោងមួយនេះមានគោលបំណងផ្តល់នូវឱកាសសម្រាប់ផលិតករភាពយន្តជើងថ្មី ដើម្បីបង្ហាញសមត្ថភាពក្នុងការបង្កើតខ្សែភាពយន្តរបស់ពួកគេ ដោយមានការគាំទ្រពីរៀមច្បងជើងចាស់ ដែលពោរពេញទៅដោយបទពិសោធន៍ ព្រមទាំងសហគមន៍ទាំងឡាយនៅក្នុងវិស័យមួយនេះ ហើយនិងរាជរដ្ឋាភិបាលផងដែរ៕

Cinema Online, 7 កញ្ញា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង