ព័ត៌មាន

អង្គរវត្តនឹងជាទីតាំងថតកុនសម្រាប់រឿង Tollywood មួយ

អ្នកសរសេរ: Vong Phal Solysa



ខណៈពេលដែល "Katmundu" ថតនៅប្រទេសនេប៉ាល់ ខ្សែភាពយន្តវគ្គបន្តរបស់វានឹងធ្វើការថត នៅប្រទេសកម្ពុជា។

29 Mar – ប្រាសាទអង្គរវត្តដ៏ល្បីឈ្មោះនៅខេត្តសៀមរាប តែងជាជម្រើសដ៏ពេញនិយមក្នុងចំណោមផលិតករភាពយន្តនានា ក្នុងការប្រើប្រាស់ជាទីតាំងថតកុនដើម្បីបង្ហាញពីព្រះរាជាណាចក្រកម្ពុជា។ លើកនេះ វិស័យភាពយន្ត Tollywood នឹងធ្វើដំណើរមកកាន់ប្រទេសមួយនេះ។

"Katmundu 2 Cambodia" ជាខ្សែភាពយន្តដែលដឹកនាំដោយ ផលិតករភាពយន្តឈ្នះពានរង្វាន់ និងជាជនជាតិឥណ្ឌា គឺលោក Raj Chakraborty ហើយវានឹងធ្វើការថតនៅឯប្រាសាទដ៏ល្បីឈ្មោះរបស់ប្រទេសកម្ពុជា នេះបើតាមរបាយការណ៍របស់ Times of India។

ដូចដែលបានបញ្ជាក់នៅក្នុងចំណងជើង ប្រទេសកម្ពុជានឹងចេញមុខខ្លាំងនៅក្នុងខ្សែភាពយន្តវគ្គបន្តដែលនឹងចេញឆាប់ៗនេះ។ វាត្រូវបានរាយការណ៍ថា សាច់រឿងនឹងផ្តោតទៅលើបុគ្គលស្នេហាជាតិរបស់ឥណ្ឌាមួយរូបឈ្មោះ Netaji ដែលមានភាពស្មោះស្ម័គ្រនឹងប្រទេសជាតិរបស់គាត់ បានធ្វើឲ្យគាត់ក្លាយជាវីរបុរសរបស់ជាតិ។ បុរសម្នាក់ឈ្មោះ Sidhu បានយល់សប្តិពីវីរបុរសរូបនេះរៀងរាល់យប់ ជាហេតុធ្វើឲ្យគាត់សម្រេចចិត្តមកប្រទេសកម្ពុជាដើម្បីស្វែងរកសៀវភៅកំណត់ហេតុដែលផ្ទុកព័ត៌មានទាំងអស់ទាក់ទងនឹង Netaji។

ក្រោយមក ក្រុមមិត្តភក្តិរបស់ Sidhu បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីតាមរកគាត់ ជាមួយនឹងការចូលរួមពាក់ព័ន្ធរបស់ប៉ូលីស ក៏ព្រោះតែវាជាបញ្ហាប្រទេសជាតិ។


អង្គរវត្តគឺជាទីតាំងថតកុនសម្រាប់ផលិតកម្មខ្សែភាពយន្តលំដាប់អន្តរជាតិមួយចំនួន រួមមានខ្សែភាពយន្តដើរតួដោយ Angelina Jolie គឺ "Tomb Raider", ខ្សែភាពយន្តចិន "In the Mood for Love" និងស៊េរីរឿងភាគកូរ៉េ "Iris"។

ក្នុង Tollywood (សម្រាប់អ្នកមិនយល់ គឺពាក្យនេះសំដៅទៅកាន់វិស័យភាពយន្តរបស់ Bengal) វាពិតជាកម្រដែលថាខ្សែភាពយន្ត ដែលមិនមែនជារឿងបែបសកម្មភាពវាយប្រហារ ទទួលបានការផលិតវគ្គបន្តនោះ មិនចាំបាច់និយាយដល់រឿងបែបកំប្លែងដូច "Katmundu" ឡើយ ដែលជាខ្សែភាពយន្តដឹកនាំដោយ Chakraborty ក្នុងឆ្នាំ 2015 ដែលធ្វើការថតនៅប្រទេសនេប៉ាល់។

ប៉ុន្តែ Chakraborty គឺត្រៀមរួចរាល់សម្រាប់គម្រោងភាពយន្តវគ្គបន្តមួយនេះ ដោយថែមទាំងបានជ្រើសយកប្រពន្ធរបស់គាត់ គឺតារាសម្តែង Subhashree Ganguly មកសម្តែងក្នុងរឿងនេះទៀតផង។

ខ្សែភាពយន្តមួយនេះនឹងឃើញ Soham Chakraborty និង Rudranil Ghosh សម្តែងតួអង្គរបស់ពួកគេម្តងទៀត រីឯ Jisshu Sengupta, Tonushree Chakraborty, Soham, Kharaj Mukherjee, និង Roja នឹងចូលរួមក្នុងក្រុមតារាសម្តែង។

"Katmundu 2 Cambodia" កំពុងគ្រោងចាក់បញ្ចាំងក្នុងអំឡុងកម្មវិធី Diwali ក្នុងឆ្នាំនេះ (អំឡុងខែវិច្ឆិកា)។

Cinema Online, 29 មីនា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង