ព័ត៌មាន

រឿង "Kingsman" ភាគថ្មីនេះនឹងមិនចាក់បញ្ចាំងនៅកម្ពុជាទេ

អ្នកសរសេរ: Florey DM



"Kingsman: The Golden Circle" នឹងមិនចាក់បញ្ចាំងនៅកម្ពុជានោះទេ

9 Oct – នេះជាដំណឹងដ៏សោកសៅមួយសម្រាប់ហ្វេនអ្នកគាំទ្ររបស់ "Kingsman" ទាំងអស់ ព្រោះថាភាគបន្តថ្មីនេះនឹងមិនធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនោះទេ។

រឿង "Kingsman: The Golden Circle" ដំបូងបានកំណត់ថាត្រូវចេញនៅតាមរោងភាពយន្តនាថ្ងៃទី 21 កញ្ញា ឆ្នាំ 2017 តែក្រោយមកត្រូវបានប្រកាសត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងថ្ងៃចេញថារឿងនេះនឹងត្រូវផ្អាកការចាក់បញ្ចាំងបណ្តោះអាសន្នសិន។

ហើយឥទ្បូវនេះ ក្រុមហ៊ុន Westec Media Limited (WML) ដែលជាក្រុមហ៊ុនចែកចាយភាពយន្តនៅកម្ពុជា បានប្រកាសជាផ្លូវការថា ខ្សែភាពយន្តនេះនឹងមិនចាក់បញ្ចាំងនៅកម្ពុជានោះទេ។

ទោះបីជាមិនទាន់មានពត៌មានជាផ្លូវការណាមួយ ដែលបង្ហាញពីការសម្រេចចិត្តដកខ្សែភាពយន្តនេះចេញពីការចាក់បញ្ចាំងនៅក្នុងស្រុកនោះ អ្វីដែលយើងបានដឹងពីភាពយន្តមួយនេះគឺ តាមសាច់រឿង ប្រទេសកម្ពុជាជាទីស្នាក់ការកណ្តាលចែកចាយគ្រឿងញៀន ដែលនេះអាចជាមូលហេតុដែលធ្វើឲ្យមានការហាមឃាត់ចាក់បញ្ចាំងនេះ។

នេះមិនមែនជាលើកដំបូងនោះទេ ករណីហាមឃាត់មួយនេះក៏បានកើតទ្បើងទៅលើភាពយន្ត "No Escape" របស់ Owen Wilson ចេញកាលពីឆ្នាំ 2015 ដែលបានប្រើប្រាស់អក្សរខ្មែរបញ្ច្រាស់ នៅក្នុងឈុតកុបកម្មមួយក្នុងភាពយន្ត។

ក្រៅពីនេះ ក៏មាននូវភាពយន្តជាច្រើនទៀតដែលបានហាមឃាត់មិនឲ្យចាក់បញ្ចាំងរួមមាន រឿងថៃបែបកំប្លែង "Namo Ok" ចេញក្នុងឆ្នាំ 2014 រឿងរន្ធត់ដែលទើបនឹងដកចេញថ្មីៗនេះគឺ "Leatherface" និង រឿងបែបស្រើបស្រាល "Fifty Shades of Grey" កាលពីឆ្នាំ 2015 ដែលភាគទីពីរ "Fifty Shades Darker" ចេញក្នុងឆ្នាំ 2017 បែរជាទទួលបានភ្លើងខៀវចាក់បញ្ចាំងនៅតាមរោងភាពយន្តទៅវិញ ក៏ប៉ុន្តែឈុតស្រើបស្រាលជាច្រើនត្រូវបានកាត់ចោល។

គួរបញ្ជាក់ផងដែរថា "Kingsman: The Golden Circle" ជាភាគបន្តពី "Kingsman: The Secret Service"ដែលនាំចូលដោយក្រុមហ៊ុន WML ដូចគ្នា ហើយចាក់បញ្ចាំងកាលពីខែកុម្ភៈ ឆ្នាំ 2015។ បច្ចុប្បន្ននេះ ភាពយន្តភាគទី២នេះកំពុងតែរកចំណូលបានប្រហែល USD253 លាននៅក្នុង box office ទូទាំងពិភពលោក។

Cinema Online, 9 តុលា 2017


ភាពយន្តទាក់ទង:
Kingsman: The Golden Circle (Not Showing)
Kingsman: The Secret Service (20 Feb 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង