ព័ត៌មាន

"សតិជាប់ទ្រុង" រំពឹងចាក់បញ្ចាំងពាក់កណ្តាលឆ្នាំនេះ

អ្នកសរសេរ: Florey DM



«Mind Cage» បើកសម្ភោធថ្មីៗនៅឯព្រឹត្តិការណ៍ CIFF ឆ្នាំ 2017

10 Mar – ទាក់ទងនឹងភាពយន្តរន្ធត់បែបចិត្តសាស្រ្ត រឿង "សតិជាប់ទ្រុង" ឬ "Mind Cage" អ្នកដឹកនាំរឿងនេះ លោក Amit Dubey បានបង្ហើបថា គាត់គ្រោងនឹងដាក់បង្ហាញតាមមហោស្រពភាពយន្តនានាជាមុនសិន។

មិនដល់ពីរឆ្នាំបន្ទាប់ពីសារខាងលើបានផ្សាយចេញ រឿង "សតិជាប់ទ្រុង" ក៏បានលេចមុខសម្ពោធជាផ្លូវការនៅកំពូលមហោស្រពភាពយន្តមួយនៃព្រះរាជាណាចក្រកម្ពុជាតែម្តង។

រឿងនេះបានបើកឆាកសម្ពោធកាលពីថ្ងៃទី 5 មីនា នៅឯមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី7 (ហៅកាត់ថា CIFF) កន្លងទៅថ្មីៗនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាវត្តមានពីអ្នកជំនាញ និងអាជីពក្នុងវិស័យភាពយន្ត ថ្នាក់តំបន់ និងអន្តរជាតិផងដែរ។

បន្ទាប់ពីស្នាដៃដឹកនាំដំបូងរបស់លោកបានលេចមុខជាផ្លូវការ ផលិតករដឹកនាំរឿងរូបនេះកំពុងគ្រោងនាំយករឿងនេះមកចាក់បញ្ចាំងជាសាធារណៈតាមរោងភាពយន្តទៀតផង។

លោក Dubey កំពុងពិចារណាគន់គូរពាំនាំភាពយន្តនេះចាក់ផ្សាយតាមបណ្តារោងកុនកម្ពុជាក្នុងរយៈពេល 2 ទៅ 3ខែខាងមុខ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ ចៃកុន អំពីភាពយន្តនេះ លោក Dubey បានប្រាប់ឲ្យដឹងថា «ខ្ញុំរស់នៅទីនេះអស់ 6ឆ្នាំហើយ មានរឿងរ៉ាវច្រើនណាស់ដែលទាក់ចិត្តខ្ញុំឲ្យចាប់អារម្មណ៍ពីប្រទេសកម្ពុជា ប៉ុន្តែស្ថានភាពសុខភាពផ្លូវចិត្ត គឺចាក់ដោតអារម្មណ៍ខ្ញុំខ្លាំងណាស់។ ខ្ញុំពិតជាចង់ដឹង ចង់យល់ពីបញ្ហាមួយនេះណាស់ ដូច្នេះហើយខ្ញុំក៏សម្រេចយកជនវិកលចរិត ជាតួអង្គសំខាន់ក្នុងរឿងនេះតែម្តង។

«ប្រធានបទនៃភាពយន្តនេះ គឺផ្តោតសំខាន់លើភាពប្រក្រតី ហើយថាតើវាផ្លាស់ប្តូរតួអង្គនីមួយៗក្នុងរឿងនេះយ៉ាងដូចម្តេច។ អ្នកនឹងមើលឃើញពីបម្លាស់ប្តូរដ៏ពិសេសនេះមិនខាន ពេលបានទស្សនាភាពយន្តនេះ។»


Amit Dubey កំពុងនិយាយនៅឯសន្និសីទកាសែតនៃរឿង "Mind Cage"

រឿង "សតិជាប់ទ្រុង" បង្ហាញពីការប៉ះទង្គិចគ្នារវាងវិធីព្យាបាលតាមបែបប្រពៃណីបុរាណ និងវេជ្ជសាស្រ្តទំនើបក្នុងការព្យាបាលអ្នកជំងីផ្លូវចិត្ត។ ក្នុងរឿងនេះ ជនវិកលចរិតម្នាក់ត្រូវតតាំងនឹងអបិយជំនឿ ខណៈដែលគ្រូព្យាបាលបុរាណកំណាចម្នាក់ប៉ុនប៉ងបំផ្លាញជីវិតរបស់ខ្លួន។

ប្រធានផ្នែកថតនៃរឿង "សតិជាប់ទ្រុង" លោក Jimmy Henderson ប្រាប់ថា «លោក និងលោក Dubey គឺមានគោលបំណងដូចគ្នាក្នុងការបង្កើតនូវអ្វីដែលថ្មីៗ ដើម្បីអភិវឌ្ឍវិស័យភាពយន្តឲ្យទៅមុខ។»

លោកបានបន្ថែមថា «នេះជាជំហានទៅមុខថ្មីមួយទៀត នៅក្នុងវិស័យខ្សែភាពយន្ត» ពោលគឺលោកមានចំណេះដឹង ជំនាញ និងបទពិសោធន៍គួរសមទាក់ទងនឹងការជម្រុញឲ្យវិស័យនេះទៅមុខ ជុំវិញស្នាដៃដឹកនាំរឿងថ្មីបំផុតមួយទៀតរបស់លោក គឺរឿង "Jailbreak" ដែលបានក្លាយជាភាពយន្តខ្មែរបែបវាយដំ លោតផ្លោះខ្នាតធំបង្អស់ ដែលបានចាក់បញ្ចាំងនាចុងខែមករាមុននេះ។

រឿង "Mind Cage" បានថតទាំងស្រុងក្នុងប្រទេសកម្ពុជា ឆ្នាំ2015 ដែលមានលោកកែវ រដ្ឋា (សម្តែងជាតួអង្គវិកលចរិត) រស មុន្នី (គ្រូព្យាបាលបុរាណ) ស្វែង សុជាតា (វណ្ណី) រ៉េត សារីតា (នីឡា) និង សាវិន ហ្វីលិព (វិជ្ជា) ៕

Cinema Online, 10 មីនា 2017


ភាពយន្តទាក់ទង:
Mind Cage (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង