ព័ត៌មាន

ភាពយន្តរបស់ Angelina Jolie នឹងបញ្ចាំងនៅ Toronto

អ្នកសរសេរ: Vong Phal Solysa



Angelina Jolie ជាមួយ Loung Ung (ស្តាំ) ដែលជីវិតក្រោមរបបខ្មែរក្រហមរបស់គាត់ត្រូវបានបង្ហាញឲ្យឃើញក្នុង
"First They Killed My Father"។

26 Jul – ភាពយន្តខ្មែររបស់ Angelina Jolie គឺ "First They Killed My Father" ស្ថិតក្នុងចំណោមភាពយន្តធំៗ ដែលនឹងធ្វើដំណើរឆ្ពោះទៅកាន់កម្មវិធី Toronto International Film Festival (TIFF) លើកទី 42 នៅខែកញ្ញានេះ។

ភាពយន្តផលិតដោយ Netflix មួយនេះ ត្រូវបានកំណត់បញ្ចាំងក្រោមផ្នែក Special Presentation 2017 បន្ទាប់ពីរយៈពេលប្រមាណពីរទៅបីខែ តាំងពីស្នាដៃនេះបានធ្វើការចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី 18 កុម្ភៈ នៅឯខេត្តសៀមរាប ប្រទេសកម្ពុជា។

ផ្អែកទៅលើសៀវភៅបែបជីវប្រវត្តិ ដែលមានចំណងជើងដូចគ្នា ដោយ Loung Ung ភាពយន្តមួយនេះត្រូវបានដឹកនាំ និងផលិតដោយ Jolie ជាមួយនឹង Rithy Panh រីឯកូនប្រុសរបស់ Jolie ឈ្មោះ Maddox Jolie-Pitt ក៏បានចូលរួមក្នុងដំណាក់កាលផលិតផងដែរ។

ភាពយន្តជីវប្រវត្តិបែបប្រវត្តិសាស្ត្រ ដែលពោរពេញទៅដោយភាពព្រឺព្រួចមួយនេះ និយាយពីរឿងពិតរបស់ Ung ក្នុងឆ្នាំដែលពោរពេញទៅដោយការបំផ្លិចបំផ្លាញ និងភាពឈឺចាប់នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ 1970 ក្រោមរបបខ្មែរក្រហម ដែលក្នុងនោះប្រជាជនប្រមាណជាងពីរលាននាក់ត្រូវបានសម្លាប់ រួមទាំងឪពុកម្តាយ និងបងប្អូនស្រីទាំងពីររបស់ Ung ផងដែរ។


Angelina Jolie នៅទីតាំងថតនៃ "First They Killed My Father" ជាមួយ Sareum
Srey Moch ដែលសម្តែងជា Loung ក្នុងភាពយន្តនេះ (ប្រភពរូបភាព: The Guardian) ។

ក្រៅពីអ្នកនាង Angelina Jolie ក៏មានតារាសម្តែងហូលីវូដជាប់លំដាប់ថ្នាក់ A-list ទៀតដែរដូចជា Jennifer Lawrence ("Mother!"), George Clooney ("Suburbicon"), Emma Stone ("Battle of the Sexes"), Daniel Craig ("Spectre"), Kevin Hart ("Central Intelligence") និង Halle Berry ("Kingsman: The Golden Circle") ដែលត្រៀមនឹងធ្វើដំណើរទៅកាន់កម្មវិធី TIFF ក្នុងឆ្នាំនេះផងដែរ។

តារាហូលីវូដឯទៀតដែលត្រូវបានរំពឹងទុកថានឹងចូលរួមក្នុងកម្មវិធីរួមមាន Kate Winslet, Idris Elba, Benedict Cumberbatch, Jamie Bell និង Gary Oldman។

TIFF អាចចាត់ទុកថាជាឈ្នាន់មួយសម្រាប់ផលិតករភាពយន្ត និងតារាសម្តែងទាំងឡាយ ដើម្បីផ្សព្វផ្សាយភាពយន្តរបស់ខ្លួន មុនដល់រដូវកាលចែកពានរង្វាន់ ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

កម្មវិធី Toronto International Film Festival លើកទី 42 នឹងដំណើរការចាប់ពីថ្ងៃទី 7 កញ្ញាដល់ 17 កញ្ញា ឆ្នាំ 2017។

(ប្រភពភាពយន្ត: Omar Havana/Getty Images)

Cinema Online, 26 កក្កដា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង