8 វិច្ឆិកា – លោកអ្នកធ្លាប់បានទស្សនារឿងនេះជាភាសាកូរ៉េ ហើយបន្ទាប់មកជាភាសាចិន វៀតណាម និង ជប៉ុនរួចមកហើយ ក្នុងពេលឆាប់ៗនេះអ្នកនឹងអាចទស្សនាខ្សែភាពយន្តកំប្លែងដ៏ល្បីរបស់កូរ៉េមួយនេះ ជាភាសាអង់គ្លេសវិញម្តង។ "យើងមិនអាចរកដៃគូរផលិតណាដែលសាកសមជាង Tyler Perry Sudio សម្រាប់ការថតរឿងនេះឡើងវិញឡើយ" តាមរយៈពាក្យសម្តីរបស់ក្រុមហ៊ុនកូរ៉េ CJ E&M ក្នុងកិច្ចសម្ភាសន៏ជាមួយនឹងសារពត៌មាន Deadline។ ក្នុងចំណោមការងារជាតារាសម្តែង តារាកំប្លែង អ្នកដឹកនាំ និងផលិតករ លោក Tyler Perry ទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ក្នុងស៊េរីរឿង "Madea"។ ហើយថ្មីៗនេះក៏លេចលឺពត៌មានថា Perry ត្រៀមនឹងផលិតរឿង "Miss Granny" បែបអាមេរិកស្បែកខ្មៅ (African-American) ប៉ុន្តែលើកនេះគាត់នឹងមិនធ្វើការប្តូរខ្លួនប្រាណរបស់តួអង្គដូចរឿងដើមឡើយ ហើយគាត់ក៏នឹងមិនចូលរួមក្នុងការសម្តែងនោះទេ។ មកទល់នឹងពេលនេះ នៅមិនទាន់មានពត៌មានប្រកាសថានរណាខ្លះនឹងចូលរួមដឹកនាំ និងសម្តែងក្នុងរឿងមួយនេះនៅឡើយ។ រឿង "Miss Granny" ជាភាសាអង់គ្លេសត្រូវបានរំពឹងទុកថានឹងចាក់បញ្ចាំងនៅរោងកុននានា ក្នុងឆ្នាំ ២០១៨ខាងមុខនេះ។
ក្រៅពីការថតឡើងវិញជាភាសាអង់គ្លេស នៅមានភាសាអេស្ប៉ាញមួយទៀត ដែលនឹងត្រូវផលិតដោយ 3pas Studio របស់ Eugenio Derbez ហើយក៏ត្រៀមនឹងចាក់បញ្ចាំងនៅទ្វីបអាមេរិកខាងជើង ក្នុងឆ្នាំតែមួយជាមួយរឿងភាសាអង់គ្លេសផងដែរ។ រឿងដើមរបស់ប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយ Hwang Dong-Hyuk (ស្នាដៃរឿង "Silenced" និង "My Father") បានចាក់បញ្ចាំងកាលពីថ្ងៃ ២២ មករា ឆ្នាំ ២០១៤។ រឿងនេះនិយាយពី Oh Mal-soon (Na Moon-hee) ជាលោកយាយមេម៉ាយម្នាក់អាយុ ៧៤ ឆ្នាំ ដែលបានប្រែខ្លួនជាកញ្ញាអាយុ ២០ ឆ្នាំ ក្រោយពីបានចូលទៅថតរូបក្នុងស្ទូឌីយោថតរូបដ៏អាថ៌កំបាំងមួយ។ តាមរយៈស្ថិតិតារាងលក់សំបុត្ររបស់ Mojo រឿងកូរ៉េមួយនេះរកចំណូលបានជាង ៥៨.២ លានដុល្លារក្នុងប្រទេសរបស់ខ្លួន។ "20, Once Again!" ដែលជាស្នាដៃថតឡើងវិញជាភាសាចិន ដោយ Leste Chen ត្រូវបានចាក់បញ្ចាំងក្នុងខែមករាក្នុងឆ្នាំ ២០១៥ ហើយបានក្លាយជារឿងសហការផលិតរវាងកូរ៉េនិងចិន ដែលរកប្រាក់ចំណូលបានច្រើនជាងគេបង្អស់ ជាង ៥៧.៤ លានដុល្លារ។ ភាពជោគជ័យនៃរឿងនេះ បាននាំឲមានការថតឡើងវិញ ជាភាសាវៀតណាម ដែលបានចាក់បញ្ចាំងកាលពីឆ្នាំទៅ និងជាភាសាជប៉ុន ដែលបានចេញក្នុងឆ្នាំនេះ។ ក្រៅពីនេះ នៅមានការផលិតឡើងវិញជាភាសាផ្សេងៗទៀត ដូចជា ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងអាល្លឺម៉ង់ ដែលរឿងក្រោយពីនេះ នៅមិនទាន់ទទួលបានកាលបរិច្ឆេទចាក់បញ្ចាំងនៅឡើយ។ រីឯរឿងរបស់ឥណ្ឌូនេស៊ី "Sweet 20" និងរឿងរបស់ថៃ "Suddenly 20" នឹងចាប់ផ្តើមចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៧។