ព័ត៌មាន

"Cambodian Son" ឈ្នះពានរង្វាន់ក្នុងមហោស្រពភាពយន្ត

អ្នកសរសេរ: Kao Keopunloeu



លោក Kosal Khiev សម្តែងក្នុងឈុតមួយនៃរឿង "Cambodian Son"

28 Dec – ខ្សែភាពយន្តខ្មែរបែបកម្រងឯកសារ "Cambodian Son" ដែលបានចូលរួមចាក់បញ្ចាំងកាលពីថ្ងៃទី ៤ ធ្នូថ្មីៗទៅនេះ នៅឯមហោស្រពភាពយន្តហ្លួងប្រាបាងឆ្នាំ ២០១៦ នៅឯទីក្រុងឡាវដែលជាទីតាំងសម្បត្តិបេតិកភ័ណ្ឌពិភពលោកមួយនេះ បានទទួលការបោះឆ្នោតជាឯកច្ឆ័ន្ទពីសំណាក់អ្នកចូលរួមទស្សនាឲ្យឈ្នះជា ជ័យលាភីពានរង្វាន់ជំរើសរបស់ទស្សនិកជន (Audience Choice Award) ប្រចាំឆ្នាំ២០១៦នេះផ្ទាល់។

មហោស្រពភាពយន្តហ្លួងប្រាបាងឆ្នាំនេះ បានចាក់បង្ហាញខ្សែភាពយន្តសរុបចំនួន ៣២ ស្នាដៃមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំងដប់ ហើយអ្វីដែលពិសេសបំផុត គឺមានតែរឿងបែបកម្រងឯកសាររបស់ប្រទេសកម្ពុជាខាងលើតែមួយគត់ ដែលដណ្តើមបានពានរង្វាន់ទោលនៃមហោស្រពភាពយន្តដ៏អស្ចារ្យនេះ ដែលសូម្បីតែប្រទេសឡាវ ជាម្ចាស់ផ្ទះក៏ទទួលបានដៃទទេស្អាតដែរ។

រឿង "Cambodian Son" ដែលដឹកនាំការសម្តែង និងការផលិតដោយផលិតករជប៉ុន លោក Masahiro Sugano រៀបរាប់បង្ហាញពីសាច់រឿងរបស់សិល្បករដើមកំណើតខ្មែរផ្នែកកំណាព្យកាព្យឃ្លោង លោក Kosal Khiev ដែលបានចំណាយពេលដល់ទៅ ១៤ឆ្នាំក្នុងពន្ធនាគារ ហើយលោកក៏ត្រូវនិរទេសមកស្រុកខ្មែរវិញ។

ភាពយន្តឆ្នាំ២០១៥ មួយនេះបានលាតត្រដាងពីដំណើរជីវិតរបស់លោក Kosal Khiev ទាំងជោគជ័យ ទាំងបរាជ័យ ដែលបានផ្លាស់ប្តូរពីជីវិតជាអតីតក្មេងទំនើងតាមផ្លូវ ទៅជាកវីកំណាព្យដ៏ល្បីក្នុងពិភពលោកមួយរូប។


លោក Kosal Khiev ដែលជាតួអង្គសំខាន់ក្នុងរឿង "Cambodian Son"
ចែករំលែកពីរឿងរ៉ាវរបស់ខ្លួនជាមួយទស្សនិកជន (ប្រភពរូបថតៈ Milk Magazine)

លោក Kosal Khiev ដែលជាតួអង្គសំខាន់ក្នុងរឿង "Cambodian Son" បានអញ្ជើញចូលរួមក្នុងមហោស្រពខាងលើនៅឯប្រទេសឡាវផ្ទាល់ ដើម្បីចែករំលែកបន្ថែមពីជីវិតពិតរបស់លោក ក៏ដូចជាសម្តែងសិល្បៈកំណាព្យកាព្យឃ្លោងដ៏ពិសេសនៅក្នុងព្រឹត្តការណ៍ចាក់បញ្ចាំងភាពយន្តរបស់លោកនៅទីនោះផងដែរ យោងតាមការចុះផ្សាយពីគេហទំព័ររបស់មហោស្រពនេះ។

មុននឹងឈានដល់ជ័យលាភីនៅឯប្រទេសឡាវនេះ រឿង "Cambodian Son" ក៏បានឈ្នះពានរង្វាន់រឿងកម្រងឯកសារល្អបំផុតនៅឯមហោស្រព CAAMFest ឆ្នាំ២០១៤ របស់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយអាស៊ីអាមេរិច (Center for Asian American Media) នាទីក្រុង San Francisco សហរដ្ឋអាមេរិច ក៏ដូចជាពានរង្វាន់គណៈកម្មការវិនិច្ឆ័យពិសេសពីមហោស្រពភាពយន្តអន្តរជាតិនៃប្រទេសលីបង់ ឆ្នាំ២០១៤ ទៀតផង។

ខ្សែរឿងខាងលើក៏បានជ្រើសរើសឲ្យចូលរួមជាចំណាត់ថ្នាក់ប្រកួតប្រជែងជាផ្លូវការក្នុងមហោស្រពភាពយន្តធំៗមួយចំនួនទៀតផងដែររួមមាន មហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃ មហោស្រពភាពយន្តអាមេរិច និងអាស៊ីប៉ាស៊ីហ្វិចនៅក្រុង Los Angeles ហើយនិងមហោស្រពភាពយន្ត Taiwan Urban Nomad នៅកោះតៃវ៉ាន់ជាដើម។

Cinema Online, 28 ធ្នូ 2016



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង