បទសម្ភាសន៍

Dwayne Johnson: រឿង "Rampage" បង្កប់អត្ថន័យច្រើន

អ្នកសរសេរ: Florey DM



Dwayne Johnson ដើរតួជាអ្នកសិក្សាស្រាវជ្រាវទៅលើសត្វ ឈ្មោះថា Davis Okoye

កាលពីអត្ថបទមុននោះ យើងបានបង្ហាញពីរឿងសប្បាយៗមួយចំនួន ដែលយើងបានជួបប្រទះនៅឯ Atlanta ដែលជាទីតាំងថតភាពយន្ត "Rampage" ហើយមួយក្នុងចំណោមនោះគឺការជជែក រវាងពួកយើងជាមួយនឹងតារាសម្តែង Dwayne Johnson ឬក៏ The Rock នេះឯង។

នៅក្នុងសាច់រឿង The Rock ដើរតួជាអ្នកសិក្សាស្រាវជ្រាវទៅលើសត្វ ឈ្មោះថា Davis Okoye ហើយក៏ជាអ្នកមើលថែសត្វស្វា Gorilla ភឿកមួយក្បាលឈ្មោះ George តាំងពីកើតភ្លាម និងក្រោយមកក្លាយជាមិត្តសម្លាញ់នឹងគ្នា។ នៅពេលដែលការពិសោធន៍ហ្សែនដ៏អាថ៌កំបាំងមួយ បានប្រែក្លាយ George ទៅជាសត្វដ៏កាចសាហាវ និងកាន់តែធំទៅៗជាលំដាប់ ហើយដែលរឿងរ៉ាវទាំងនេះគឺពឹងទៅលើ Okoye ក្នុងការប្រើប្រាស់កម្លាំងរបស់គាត់ ដើម្បីស្វែងរកថ្នាំបន្សាបជាតិពុល សម្រាប់ជួយសង្រ្គោះមិនត្រឹមតែ George ប៉ុណ្ណោះទេ តែថែមទាំងពិភពលោកទាំងមូលផងដែរ ព្រោះថា George មិនមែនជាសត្វតែមួយ ដែលក្លាយទៅជាសត្វធំកាចសាហាវនោះទេ។

ដូច្នេះហើយ Okoye ត្រូវតែជួយសង្រ្គោះពិភពលោកពី Ralph សត្វឆ្កែចចកក្រហម និង Lizzie ដែលជាសត្វក្រពើ ខណៈដែលរូបគេក៏កំពុងតែព្យាយាមជួយមិត្តស្វាសម្លាញ់របស់គេផងដែរ។ "Rampage" គឺសក្តិសមជាភាពយន្តដែលយើងត្រូវតែមើលប្រាកដមែន។

ត្រូវការពាក្យបញ្ចុះបញ្ចូលបន្ថែមមែនទេ? តោះមកស្តាប់ការបញ្ចុះបញ្ចូលរបស់ The Rock ម្តងមើល!

ពួកយើងបាននិយាយជាមួយនឹងតួអង្គ នៅឯទីតាំងថតរបស់រឿង "Rampage"។ ក្នុងនោះដែរ The Rock បាននិយាយថា វាពិតជាអស្ចារ្យណាស់ដែលបានធ្វើការជាមួយ Jeffrey Dean Morgan និង Naomie Harris (គេថែមទាំងបានហៅនាងថាជាតួស្រីដ៏ល្អបំផុតទៀតផង) The Rock សើចនៅពេលដែលទទួលស្គាល់ពីអ្វីដែល Jeffrey Dean Morgan និយាយអំពីការសើច សឹងតែគ្រប់ពេល នៅឯទីតាំងថត ហើយគេក៏បាននិយាយថា នេះជាអ្វីដែលគេចូលចិត្តទាក់ទងនឹង Morgan ដែលភាគច្រើនគាត់គឺសើច និងធ្វើឲ្យខូចប្លង់ថតប៉ុណ្ណោះ។

The Rock ក៏បានបង្ហាញពីការគោរព សម្រាប់សមត្ថភាពសម្តែងរបស់ Jason Lilies ក្នុងការដើរតួជា George ហើយខណៈពេលគាត់កំពុងនាំយើងទៅកាន់មិត្តសម្លាញ់របស់គាត់នោះ គាត់ក៏បាន ដកទូរស័ព្ទ ចេញមកបង្ហាញ ពួកយើងអំពីវីដេអូរបស់គាត់ ប្រលែងលេងជាមួយឆ្កែរបស់គាត់ឈ្មោះ Hobbs (គាត់មិនអាចរកឈ្មោះពិរោះជាងនេះដាក់ឲ្យឆ្កែគាត់បានទេ) ដើម្បីអាចឲ្យពួកយើង មានអារម្មណ៍ដឹងអំពីទំនាក់ទំនងរវាង Okoye និង George។

ដោយគ្មានការបន្ថែមពាក្យរំភើបផ្សេងទៀត នេះគឺអ្វីដែល The Rock បាននិយាយអំពី ភាពយន្តថ្មីរបស់គាត់នោះគឺ "Rampage"


ធ្វើឲ្យ Dwayne មើលទៅតូចមែនទែននៅក្នុងផ្ទាំងរូបភាព "Rampage"

តើលោក Brad Peyton នាំអ្នកចូលមកក្នុងភាពយន្តនេះដោយរបៀបណា?

Dwayne Johnson (The Rock): រូបភាពដំបូងដែល Brad Peyton បង្ហាញឲ្យខ្ញុំឃើញ គឺរូបភាពមួយនេះ (រូបភាពខាងលើ) ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដឹងភ្លាមៗថា George នឹងមានរូបរាងយ៉ាងម៉េច។ ភាពយន្តដូចជា "Rampage" នេះអាចធ្វើឲ្យយើង មានការគិតខុសៗគ្នាមួយចំនួន។ ហ្គេមដ៏ល្បីក្នុងទសវត្សទី 80 និយាយពីបិសាចយក្សចំនួន៣ ខ្ញុំក៏មិនដឹងដែរថាអ្នកទាំងអស់គ្នាធ្លាប់បានលេងហ្គេមមួយនេះឬក៏អត់ទេ ប៉ុន្តែគំនិតនៃហ្គេមនេះ ទាំងមូលគឺតម្រូវឲ្យអ្នកលេង ក្នុងនាមជាបិសាចទាំងនោះ ហើយត្រូវកំទេចទីក្រុង និងអគារជាច្រើន។ ខ្ញុំហាក់បានដឹងភ្លាមៗថាតើភាពយន្តដែលខ្ញុំនឹងចូលរួមផលិតនោះ ជាប្រភេទណា។

រឿងមួយទៀតដែលធ្វើឲ្យខ្ញុំមើលឃើញច្បាស់ នោះគឺការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលខ្ញុំមាន តួយ៉ាង George ដូចដែលអ្នកបានដឹង គេគឺជាមិត្តភក្តិសម្លាញ់របស់ខ្ញុំ ហើយនេះគឺជាអ្វី ដែលខ្ញុំធ្លាប់បាននិយាយអំពី Brad កាលពីពេលអម្បាញ់មិញនេះ ពួកយើងបាននិយាយគ្នា អំពីអ្វីដែលសំខាន់បំផុត ក្រៅពីបិសាចមាឌធំៗ នៅក្នុងភាពយន្តនោះគឺ ការប្រឹងប្រែងគ្រប់យ៉ាង ដើម្បីជួយមិត្តភក្តិដ៏ជិតស្និទ្ធិរបស់ខ្ញុំ។


ដូច្នេះតើមានអ្វីផ្សេងទៀតទេដែលអាចទាក់ទាញអ្នក?

សម្រាប់ភាពយន្តបែបនេះ អ្នកនឹងគិតឃើញអំពីកម្រិតដ៏ធំ និងអស្ចារ្យ ហើយព្រមទាំង visual effects ជាច្រើនផងដែរ។ វាពិតជាភាពយន្តដ៏ធំមួយនៅក្នុងរដូវក្តៅនេះ។ ខ្ញុំគិតថាបើសិនជា ពួកយើងអាច ធ្វើឲ្យមានតុល្យភាព និងភាពចាក់ដោតទៅលើអារម្មណ៍ អ្នកទស្សនានោះវានឹង កាន់តែខុសប្លែកពីភាពយន្ត ដទៃទៀតផងដែរ។ វិធីដែលយើងធ្វើការជាមួយ Brad គឺពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រណុកក្នុងចិត្តមែនទែន។ ការឆក់យកចិត្តទស្សនិកជន គឺជារឿងសំខាន់ទីមួយដែលយើងយកចិត្តទុកដាក់។ តួយ៉ាងដូចជារឿង "San Andreas" នោះគឺខ្ញុំតែងតែការពារគ្រួសាររបស់ខ្ញុំ ហើយសម្រាប់រឿងនេះគឺការពារមិត្តសម្លាញ់ខ្ញុំ។

ខ្ញុំមានអារម្មណ៍ថារឿងរបៀបនេះ បើសិនជាយើងអាចសម្រេចវាបាន នោះគឺអាចធ្វើឲ្យ ទស្សនិកជនមានអារម្មណ៍ល្អប្រសើរ នៅពេលដែលពួកគេចាកចេញពីរោងភាពយន្ត ហើយខ្ញុំក៏សង្ឃឹមថាពួកយើងនឹងអាចធ្វើបាន ព្រោះថាការឆក់យកទឹកចិត្តទស្សនិកជន ឲ្យស្លុងអារម្មណ៍តាមសាច់រឿង គឺជាអ្វីដែលនាំឲ្យរឿងជោគជ័យ។


ការមាន George ដែលមានអារម្មណ៍ និងចលនាជាច្រើន ពិតជាប្រសើរជាងសត្វ Gorilla ប្រភេទ CGI ដែរឬទេ?


ខ្ញុំអាចនិយាយដោយមិនស្ទាក់ស្ទើរបានថា ការដែលមានមនុស្សដើរតួធ្វើជាសត្វ គឺពិតជាជួយបានច្រើនមែនទែន ហើយការដែលមាន Jason សម្តែងទៀតនោះ គឺរឹតតែអស្ចារ្យ (ពោរពេញដោយអារម្មណ៍) តួយ៉ាងដូចជានៅក្នុងប្លង់ដែលគាត់ត្រូវ បង្ហាញអារម្មណ៍ពេលដែល George ដឹងថាខ្លួនគេធ្វើខុស។ ការបញ្ចេញអារម្មណ៍គឺពិតជាអស្ចារ្យ ហើយការប្តេជ្ញាក្នុងការសម្តែង ដោយលាយបញ្ចូលអារម្មណ៍មនុស្ស និងសត្វ គឺពិតជាល្អប្រសើរខ្លាំងមែនទែន។


Dwayne Johnson និង Jason Liles នៅក្នុងប្លង់មួយនៃភាពយន្ត
"Rampage" (ប្រភព៖ Instagram របស់ Dwayne Johnson)

តើអ្នកមានបានលេងវីដេអូហ្គេមដែលរឿងនេះដកស្រង់ចេញមកដែរទេ?

"Rampage" ហើយនិងខ្ញុំផ្ទាល់គឺមានការទាក់ទងគ្នាច្រើន ខ្ញុំបានលេងហ្គេមនេះ តាំងពីខ្ញុំមានអាយុ១០ឆ្នាំមកម្ល៉េះ។


តើរឿងនេះយកលំនាំតាមហ្គេមបានកម្រិតណាដែរ ហើយអ្នកមិនបារម្ភទេ ព្រោះថារឿងនេះ គឺមិនបានយកតាមលំនាំហ្គេមទាំងស្រុងនោះ?


ខ្ញុំគិតថាប្រហែលជាមកពីមានរឿងមួយចំនួនកាលពីមុន មិនទទួលបានផលល្អ នៅពេលដែលពួកគេ យកតាមលំំនាំវីដេអូហ្គេម។ តែខ្ញុំគិតថាចំណុចនេះ មិនគួរធ្វើឲ្យ អ្នកញញើតនោះឡើយ ខ្ញុំចង់មានន័យថា នៅពេលអ្នកឃើញឱកាសបែបនេះ អ្នកគួរតែស្រវាចាប់យកភ្លាម អ្នកត្រូវតែស្វែងរកក្រុមការងារដ៏ល្អ ដូច្នេះអ្នកគ្មានអ្វី គួរឲ្យខ្លាចទៀតឡើយ។ ហើយសម្រាប់ខ្ញុំផ្ទាល់គឺពិតជាមានអារម្មណ៍ល្អមែនទែន ដែលមានក្រុមការងារដ៏ល្អបំផុត ហើយខ្ញុំក៏អាចបញ្ចេញនូវអ្វីដែលល្អបំផុតដែលខ្ញុំមានផងដែរ។ Warner Bros គឺមានជំនាញច្បាស់ក្នុងការផលិតភាពយន្តប្រភេទនេះ ហើយទាំងនេះ គឺជាអ្វីដែលខ្ញុំដឹង។

សម្រាប់ការយកលំនាំតាមវិញ គឺថាសាច់រឿងនៅក្នុងវីដេអូហ្គេម កាលពីជំនាន់ទសវត្សទី 80 គឺល្អ តែបើយើងក្រឡេកមើល សាច់រឿងនាសម័យបច្ចុប្បន្នគឺវាមានភាពទូលំទូលាយមែនទែន។ សាច់រឿងកើតឡើងក្រោយពេលដែល ប៉ារ៉ូលរឿងត្រូវបានសរសេររួច តែបើយើងយកសាច់រឿង ទាំងដុលពីវីដេអូហ្គេម ជំនាន់ទសវត្សទី 80 វិញ គឺវាគ្មានអ្វីក្រៅពីបិសាចធំៗចំនួន៣ ចេញមកបំផ្លាញទីក្រុងនោះទេ ដូច្នេះតើអ្នកអាចយកគំនិតធម្មតាបែបនេះ យកមកប្រកួតប្រជែង យ៉ាងម៉េចនឹងកើត? ដូច្នេះហើយទើបក្រុមការងារ ត្រូវកែប្រែសាច់រឿង និងប្លង់ជាច្រើន ដើម្បីអាចឲ្យវាទទួលបានជោគជ័យ។


ប្រសិនបើហ្គេមមួយនេះ ត្រូវបានកែប្រែថ្មី ក្រោយពេលដែលរឿងបានចាក់បញ្ចាំងរួច តើអ្នកចង់បញ្ចូលខ្លួនឯងនៅក្នុងនោះដែរអត់?

ច្បាស់ជាចង់ តែខ្ញុំគ្រាន់តែមិនដឹងថា ពួកគេអាចបង្កើតឲ្យតួអង្គសង្ហាដូចខ្ញុំនេះដែរឬអត់ (សើច)


Davis Okoye ព្យាយាមខ្លាំងក្នុងការការពារសម្លាញ់របស់គេគឺ
George នៅក្នុងឈុតមួយនៃភាពយន្ត "Rampage"

តើចំណុចល្អ អាក្រក់ និងចម្លែកនៅក្នុងរឿង "Rampage" គឺជាអ្វីខ្លះទៅ?

ចំណុចល្អគឺបិសាចធំៗ ចំណុចអាក្រក់គឺខ្ញុំ ចំណុចចម្លែកគឺ Jeffrey Dean Morgan ចិញ្ចឹងសត្វ alpaca ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែចូលចិត្តគាត់។


ព្រោះតែមិត្តសម្លាញ់របស់អ្នកនៅក្នុងភាពយន្តគឺសត្វស្វា Gorilla តើអ្នកមានសិក្សាពីប្រភេទសត្វនេះ អំឡុងពេលថតរឿងដែរទេ ហើយតើមានចំណុចអ្វីខ្លះដែរទេ ដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើល?

ពេលដែលខ្ញុំសិក្សាពីពួកគេដំបូង រឿងដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺមិនមានការប្រាស្រ័យទាក់ទង ច្រើនទេ ដែលខ្ញុំអាចមានជាមួយពួកគេ ដូច្នេះពេលដែលខ្ញុំចាប់ផ្តើមរៀបចំសម្រាប់រឿងនេះ ខ្ញុំត្រូវចំណាយពេលប្រហែល២ឆ្នាំ ដើម្បីអាចឲ្យខ្ញុំរៀបចំខ្លួនបានល្អ ម្យ៉ាងវិញទៀតអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ថា "អស្ចារ្យមែនដែលខ្ញុំអាចទៅកាន់ Atlanta ឬក៏ San Diego ហើយចំណាយពេល ជាមួយក្រុមស្វា gorilla" ប៉ុន្តែតាមពិតទៅ ខ្ញុំពិតជាខកចិត្តខ្លះដែរ (សើច)។

អ្វីដែលខ្ញុំធ្វើពិតប្រាកដនោះ គឺខ្ញុំបានប្រើប្រាស់ទំនាក់ទំនងដ៏អស្ចារ្យ ដែលខ្ញុំមានជាមួយឆ្កែរបស់ខ្ញុំ មកដាក់បញ្ចូលក្នុងសាច់រឿងនេះ។ ខ្ញុំចាត់ទុកគេដូចជាសមាជិករបស់គ្រួសារខ្ញុំម្នាក់ចឹងដែរ នៅពេលដែលពួកយើងយកសត្វឆ្កែនេះមកចិញ្ចឹម គឺកាលពីពីរបីឆ្នាំមុន រួមជាមួយនឹងប្អូន របស់គេដែរ តែក្រោយមកឆ្កែប្អូនក៏បានស្លាប់តាំងពីនៅតូចម្ល៉េះ។ ចាប់តាំងពីនោះមក ទំនាក់ទំនឹងរវាងខ្ញុំ និងឆ្កែរបស់ខ្ញុំគឺពិតជាពិសេស និងអស្ចារ្យមែនទែន រហូតដល់ថ្នាក់ខ្ញុំអាច យកមកដាក់បញ្ចូលក្នុងសាច់រឿងនេះបាន។


នេះគឺជាលើកទី៣ហើយដែលអ្នកធ្វើការជាមួយ Brad Peyton តើចំណុចអ្វីខ្លះដែលអ្នកចូលចិត្តធ្វើការជាមួយគាត់?

គាត់អាចជាអ្នកដឹកនាំរឿងម្នាក់ ដែលខ្ញុំធ្វើការជាមួយច្រើនជាងគេ ក្នុងអាជីពការងាររបស់ខ្ញុំ។ គាត់មកពីទីក្រុងតូចមួយ ក្នុងប្រទេសកាណាដា រួចធ្វើការក្នុងហូលីវូដ គាត់មានការតស៊ូខ្ពស់ និងមានគំនិតវែងឆ្ងាយ។ អ្វីដែលខ្ញុំចូលចិត្តអំពី Brad នោះមិនត្រឹមតែគាត់ជា មនុស្សសហការល្អ ប៉ុណ្ណោះទេ តែគាត់ក៏ជាមនុស្សយោគយល់ខ្លាំងផងដែរ។

ខ្ញុំពិតជាមានអារម្មណ៍ល្អជាមួយ Brad ព្រោះថាយើងធ្លាប់បានទទួលជោគជ័យរួមគ្នាក្នុងរឿង "San Andreas" ហើយយើងក៏ចាប់ផ្តើមជាមួយគ្នាទៀតនៅក្នុងរឿង "Journey 2: The Mysterious Island" ដូច្នេះពួកយើងធ្វើការជាមួយគ្នាបានល្អ។ Brad ជាមនុស្សអស្ចារ្យ គាត់តែងតែមានគំនិត និងការសម្លឹងមើលឆ្ងាយទៅលើការងារដ៏អស្ចារ្យរបស់គាត់។ គាត់ជាអ្នកដឹកនាំ ដែលមានការរៀបចំយ៉ាងល្អិតល្អន់ ដែលអាចធ្វើឲ្យខ្ញុំចូលមកជួយគាត់ក្នុងនាមជាដៃគូយ៉ាងល្អ។ ពួកយើងពិតជាធ្វើការជាមួយគ្នាបានយ៉ាងល្អ។

Cinema Online, 15 មេសា 2018


ភាពយន្តទាក់ទង:
Rampage (13 Apr 2018) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង