បទសម្ភាសន៍

តារាឯករបស់ "Brother of the Year" មិនសូវមានកំហុសឡើយ

អ្នកសរសេរ: Florey DM



(ពីឆ្វេងទៅស្តាំ) អ្នកដឹកនាំរបស់ "Brother of the Year" លោក
Vithaya Thongyuyong និងតារាឯករួមមាន Nichkhun, Yaya និង Sunny។

ហេតុផលដ៏ធម្មតាមួយដែលអ្នកដឹកនាំ Vithaya Thongyuyong (ត្រូវបានស្គាល់ជា Witthaya Thongyooyong) សម្រេចចិត្តដឹកនាំខ្សែភាពយន្ត "Brother of the Year" គឺដោយសារតែវាផ្តោតទៅលើទំនាក់ទំនងបងប្អូន។ តាមរយៈខ្សែភាពយន្តមួយនេះ គាត់អាចឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងបងប្អូន ជាពិសេសនៅក្នុងក្រុមគ្រួសារអាស៊ី ដែលមិនសូវមានការបញ្ចេញអារម្មណ៍ក្នុងចិត្តចេញមកក្រៅនោះ។

"វាជាអ្វីមួយដែលអ្នកមិនអាចកែប្រែបាន ហើយវាជាអ្វីមួយដែលអ្នកត្រូវប្រឈមមុខ" អ្នកដឹកនាំបាននិយាយ ដោយសារមនុស្សភាគច្រើនត្រូវបង្ខំចិត្តរស់នៅជាមួយបងប្អូនរបស់ពួកគេ ទោះបីជាពួកគេទទួលរងការរំខានធុញថប់ ដូចបងប្អូនដែលត្រូវបានបង្ហាញឲ្យឃើញក្នុងខ្សែភាពយន្ត "Brother of the Year" នេះក៏ដោយ។

អ្នកដឹកនាំក៏មានសំណាងជាមួយក្រុមតារាសម្តែងរបស់គាត់ដែរ។ ក្រៅពីភាពល្បីល្បាញរបស់តារាឯកទាំងបីរូប ទាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេស Nichkhun Horvejkul (ឬ Nichkhun), Sunny Suwanmethanont (ឬ Sunny) និង Urassaya Sperbund (ឬ Yaya) ក៏មានភាពស៊ីសង្វាក់ក្នុងការសម្តែងជាមួយគ្នាផងដែរ។ ហេតុនេះហើយគាត់មិនចាំបាច់បារម្ភពីភាពស្ទាត់ជំនាញរបស់ពួកគេនៅឯទីតាំងថតកុនឡើយ


អ្នកដឹកនាំ Vithaya (ខាងឆ្វេង) បាននិយាយថាភាពស៊ីសង្វាក់គ្នាគឺជា "កត្តាសំខាន់ជាងគេបំផុត"
ក្នុងការសម្តែង ក្នុងរឿងស្នេហាបែបកំប្លែង។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅឯ Le Meridien Putrajaya កាលពីថ្ងៃទី 3 ខែកក្កដា ក្រុមតារាសម្តែងបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការសម្តែងរួមគ្នាសម្រាប់ភាពយន្តមួយនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺទម្លាប់របស់ Sunny ក្នុងការមិនយកប៉ារ៉ូលសាច់រឿងទៅកាន់ទីតាំងថតកុន បានជួយរារាំងពួកគេពីការសម្តែងខុសច្រើនក្នុងអំឡុងពេលថតរឿងមួយនេះ (អានបន្ថែមនៅខាងក្រោមនេះ)។

ក្នុងអំឡុងវត្តមានរបស់ពួកគេនៅផ្សារទំនើប IOI City Mall នៅឯល្ងាចថ្ងៃដដែល Nichkhun ក៏បានប្រាប់ផងដែរថា គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រួសាររបស់គាត់។ គាត់តែងជួបពួកគេយ៉ាងហោចណាស់មួយខែម្តង ដោយគាត់នឹងហោះហើរមកកាន់ប្រទេសថៃ ឬម្តាយរបស់គាត់ហោះទៅកាន់ប្រទេសកូរ៉េ ដែលជាកន្លែងធ្វើការរបស់គេ (ព្រោះថា Nichkhun ជាសមាជិកមួយរូបនៃក្រុមតារាចម្រៀងកូរ៉េខាងត្បូង 2PM) ដូច្នេះហើយប្អូនប្រុសរបស់គាត់ក៏បានយក ប្អូនស្រីហោះទៅជាមួយ សំដៅទៅប្រទេសកូរ៉េ ដើម្បីទៅលេងគាត់។នៅពេលដែលគាត់មានការងារនៅប្រទេសថៃ គាត់តែងខលរកក្រុមគ្រួសាររបស់គាត់មុនគេបង្អស់។


Yaya បាននិយាយថាអ្នកទាំងអស់គ្នាមិនគួរព្រងើយកន្តើយចំពោះក្រុមគ្រួសាររបស់ខ្លួនឡើយ។

នេះគឺជាទំនាក់ទំនងរវាងសមាជិកក្រុមគ្រួសារដែល Yaya បាននិយាយទៅដល់ គឺគួរតែខ្វាយខ្វល់ពីអារម្មណ៍គ្នាទៅវិញទៅមកឡើយ។ ជាកូនពៅក្នុងគ្រួសាររបស់គាត់ ខ្សែភាពយន្តមួយនេះពិតជា "ចាក់ដោតអារម្មណ៍" ខ្លាំងសម្រាប់តារាស្រីរូបនេះ ហើយគាត់ក៏បានរៀនចេះគោរពស្រឡាញ់ក្រុមគ្រួសាររបស់គាត់កាន់តែខ្លាំង។

នេះជាដំណើរមកកាន់ប្រទេសម៉ាឡេស៊ីលើកដំបូង សម្រាប់តារាស្រីរូបនេះ ហើយគាត់បានបង្ហាញពីភាពត្រេកអរយ៉ាងខ្លាំងក្នុងប្រទេសមួយនេះ ប៉ុន្តែវាជាដំណើរយ៉ាងខ្លីដោយគាត់ត្រូវចាកចេញភ្លាមៗបន្ទាប់ពីវត្តមាននៅឯផ្សារទំនើបរបស់ពួកគេ រីឯ Sunny និង Nichkhun បានធ្វើដំណើរទៅកាន់ GSC Mid Valley សម្រាប់កម្មវិធីជួបជាមួយអ្នកគាំទ្រចុងក្រោយនៅល្ងាចថ្ងៃដដែល ក្នុងដំណើរការងាររយៈពេលមួយថ្ងៃរបស់ពួកគេ។

អានបន្ថែមពីអ្វីដែលតារាឯកទាំងនេះបាននិយាយពីខ្សែភាពយន្ត "Brother of the Year":


វាមើលទៅហាក់ដូចជា Nichkhun និង Yaya ពិតជាគោរពស្រឡាញ់ 'បងប្រុសប្រចាំឆ្នាំ' របស់ពួកគេគឺ Sunny។

Cinema Online: Nichkhun ឃ្លានិយាយរបស់លោកនៅក្នុងរឿង ដែលតម្រូវឲ្យលោកដើរតួជា Moji និយាយទាំងក្នុងភាសាថៃនិងជប៉ុន តើវាមានភាពលំបាកដែរឬទេ?

Nichkhun: អ្វីដែលពិបាកជាងគេបង្អស់សម្រាប់ខ្ញុំគឺទន្ទេញប៉ារ៉ូលក្នុងភាសាថៃ។ ខ្ញុំបានទៅរស់នៅក្រៅប្រទេសជាយូរមកហើយ ធ្វើឲ្យភាសាថៃរបស់ខ្ញុំចុះអន់ថយខ្លាំង។ សម្រាប់ប៉ារ៉ូលរបស់ខ្ញុំ ខ្ញុំត្រូវអានវាចុះឡើងច្រើនលើកច្រើនសា ដើម្បីចៀសវាងកំហុសឆ្គងដោយខ្ញុំមិនចង់បង្កបញ្ហាក្នុងការថតសម្រាប់អ្នកដទៃ ហើយខ្ញុំក៏មិនចង់ចំណាយពេលរបស់ពួកគេអត់ប្រយោជន៏ច្រើនដែរ។

ខ្ញុំក៏ធ្វើការនៅប្រទេសជប៉ុនច្រើនដែរ ដូចនេះខ្ញុំមានភាពស្ទាត់ជំនាញក្នុងការនិយាយវា ប៉ុន្តែកញ្ញាម្នាក់នេះ [សំដៅទៅកាន់ Yaya] គាត់មិនដែលនិយាយភាសាជប៉ុនពីមុនឡើយ ប៉ុន្តែគាត់បានថត [ឈុតរបស់គាត់] ចំណាយពេលតែពីរដងប៉ុណ្ណោះ? គាត់មិនមានកំហុសឆ្គងអ្វីបន្តិចឡើយ។

Yaya: ខ្ញុំរៀនមុខវិជ្ជាភាសានៅឯមហាវិទ្យាល័យ។ ដូចនេះ ខ្ញុំគិតថាខ្ញុំបានចំណាយប្រហែលជាងមួយអាទិត្យ [ក្នុងការរៀននិយាយប៉ារ៉ូលភាសាជប៉ុន] ប្រហែលជាត្រឹមប៉ុណ្ណឹង។


Nichkhun បាននិយាយថា "វាពិតជាមានអារម្មណ៍ល្អដែលបានធ្វើការក្នុងប្រទេសកំណើតរបស់ខ្លួនម្តងទៀត"
តាំងពីខ្សែភាពយន្តថៃចុងក្រោយគេបង្អស់របស់គាត់ (ដែលជាខ្សែភាពយន្តភាសាថៃដំបូងបង្អស់របស់គាត់ផងដែរនោះ)
គឺ "Seven Something" ក្នុងឆ្នាំ 2012។

តើអ្នកទាំងអស់គ្នាមាន NG ច្រើនដែរទេ (No Good ឬឈុតសម្តែងខុស)?

Yaya: មិនសូវមានឡើយ។

Nichkhun: ពួកយើងមិនសូវមានការសម្តែងខុសឡើយ ព្រោះថាពួកយើងមានភាពស៊ីសង្វាក់គ្នា ហើយដោយយើងដឹងថា [Sunny] និងសម្តែងក្នុងស្ទាយរបស់គាត់ ដូចនេះយើងបានត្រៀមរួចរាល់សម្រាប់វា។

ក្នុងចំណោមអ្នកទាំងបី Sunny ជាអ្នកមានបទពិសោធន៏ច្រើនជាងគេ ក្នុងការសម្តែងខ្សែភាពយន្តភាសាថៃ តើការធ្វើការជាមួយគាត់មានដំណើរការដូចម្តេចខ្លះ?

Yaya: អ្វីម៉្យាងដែលអ្នកទាំងអស់គ្នានៅទីតាំងថតកុនចាប់អារម្មណ៏គឺថា Pee Sunny មិនដែលមានប៉ារ៉ូលសម្តែងជាប់ជាមួយគាត់ឡើយ។ គាត់បាននិយាយថានេះគឺដោយសារតួអង្គរបស់គាត់បានសាបចូលទៅក្នុងស្បែករបស់គាត់ទៅហើយ។ ដូចនេះ គាត់គ្រាន់តែនៅទីតាំងថតជាតួអង្គមួយនោះប៉ុណ្ណោះ។ នេះប្រហែលជាមូលហេតុដែលយើងមិនសូវថតឈុតនីមួយៗឡើងវិញច្រើនដងឡើយ។

Nichkhun: រាល់ពេលដែលពួកយើងថតឈុតណាមួយ ឈុតនីមួយៗនឹងមានភាពខុសប្លែកគ្នា។ Sunny មិនដែលធ្វើអ្វីមួយដដែលៗឡើងវិញឡើយ។ ដូចនេះវាពិតជាសប្បាយក្នុងការធ្វើការងារជាមួយគាត់ ដោយសារយើងត្រូវចាប់អារម្មណ៍ទៅលើអ្វីដែលគាត់កំពុងនិយាយ ឬការឆ្លើយតបរបស់គាត់មកកាន់យើង ហើយគាត់មានភាពស្ទាត់ជំនាញខ្លាំង។

Sunny តើលោកមានសម្ពាធអ្វីក្នុងដំណាក់កាលថតរឿងដែរឬទេ?

Sunny: វាមិនមានភាពពិបាកអ្វីឡើយសម្រាប់ខ្ញុំក្នុងដំណាក់កាលថតរឿង ដោយសារខ្ញុំចូលចិត្តសម្តែង និងធ្វើការជាមួយ [Nichkhun និង Yaya] និងក្រុមការងារផលិតកុនទាំងអស់។

តួអង្គរបស់លោកក្នុងរឿងមានអត្តចរិកអាក្រក់ខ្លាំងដាក់ប្អូនស្រីរបស់គេគឺ Jane តើលោកមានអត្តចរិកពិតប្រាកដដូចនេះដែរឬទេ?

Sunny: ខ្ញុំជាកូនពៅក្នុងគ្រួសាររបស់ខ្ញុំ។ ខ្ញុំជាមនុស្សដែលមានអត្តចរិកល្អអាចទទួលយកបាន។ [ញញឹម]។

Yaya: គាត់ពិតជាមនុស្សចិត្តល្អ ហើយនៅទីតាំងថតគាត់តែងជាអ្នកដែលធ្វើឲ្យអ្នកទាំងអស់គ្នាសើចក្អាកក្អាយ។ ប៉ុន្តែសម្រាប់ខ្ញុំ នៅពេលពួកយើងកំពុងថត គាត់គឺជាមនុស្សដែលបង្ហាញកម្លាំងចិត្តគាំទ្រខ្លាំងជាងគេបង្អស់។


អ្នកគាំទ្រច្បាស់ជាធូរចិត្តដែលដឹងថា Sunny មានភាពខុសប្លែកគ្នាខ្លាំងពីតួអង្គរបស់គាត់គឺ Chut។

 

Cinema Online, 7 កក្កដា 2018


ភាពយន្តទាក់ទង:
Brother Of The Year (Khmer) (21 Jun 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ]

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង