បទសម្ភាសន៍

តារារឿង "Jailbreak" ចង់លើកតម្កើងក្បាច់គុណល្បុក្កតោ

អ្នកសរសេរ: Florey DM



អ៊ួ តារា (ខាងឆ្វេង) និង សំ ថារ័ត្ន ប្រើក្បាច់គុណល្បុក្កតោ នៅក្នុងភាពយន្តវាយតប់
"Jailbreak: ការពារឧក្រិដ្ឋជន"

"Jailbreak: ការពារឧក្រិដ្ឋជន" ជាភាពយន្តដែលពោរពេញដោយការប្រយុទ្ធ។ អ្នកស្រឡាញ់ក្បាច់គុណ គួរតែដឹងច្បាស់ពីយុទ្ធសាស្ត្រវាយតប់ ហើយក្បាច់គុណខ្មែរដែលបង្ហាញច្រើនជាងគេក្នុងភាពយន្តនេះ គឺក្បាច់ល្បុក្កតោ។

តួសម្តែងឯកពីររូបក្នុងរឿង គឺលោក អ៊ួ តារា និងកញ្ញា សំ ថារ័ត្ន មានជំនាញស្រាប់ ក្នុងការប្រើក្បាច់គុណ ដោយគ្រាន់តែមើលកាយវិការ ដូចជាការប្រើកែងដៃ និងជង្គង់ រួមទាំងការវាយគ្នាដោយមិនប្រើអាវុធ ក៏អាចបញ្ជាក់យ៉ាងច្បាស់។

បើប្រៀបធៀបទៅក្រៅប្រទេស ក្បាច់ល្បុក្កតោមានលក្ខណៈស្រដៀង នឹងទម្រង់ក្បាច់គុណផ្សេងទៀតដែរ ពោលគឺដោយសារប្រទេសដូចជា បារាំង ចក្រភពអង់គ្លេស អ៊ីរ៉ង់ អៀកឡង់ និងអូស្ត្រាលី ក៏នៅមានក្បាច់គុណស្រដៀងនេះរបស់គេរៀងៗខ្លួនដែរ។

អ្នកបង្ហាត់អាចជាអ្នកដែលត្រូវបានបញ្ជូនមកប្រទេសដើម ដើម្បីហាត់ ព្រមទាំងនាំចំណេះដឹងពីក្បាច់គុណបុរាណត្រឡប់មកប្រទេសកំណើតវិញ ឬក៏អាចជាជនជាតិខ្មែរដែលត្រូវជម្លៀសចេញ កាលជំនាន់ខ្មែរក្រហម ហើយកំពុងបង្រៀនក្បាច់ល្បុក្កតោនៅក្រៅប្រទេស។

ក្បាច់គុណបុរាណមួយនេះ ត្រូវបានកូនចៅជំនាន់បច្ចុប្បន្នជួយគាំទ្រឱ្យរស់រានមានជីវិតឡើងវិញ ហើយធ្វើឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ដែលអរគុណដល់អ្នកគាំទ្រយ៉ាងសកម្ម ដូចជាលោក តារា និងកញ្ញា ថារ័ត្ន។ ទាំងពីរនាក់សុទ្ធតែជាជើងខ្លាំងក្បាច់ល្បុក្កតោ ដែលត្រូវបានបង្ហាត់ដោយលោកគ្រូ សាន គីមសៀន។

កញ្ញា ថារ័ត្នសារភាពថា គាត់នឹងនិយាយពីក្បាច់ល្បុក្កតោ រាល់ពេលដែលគាត់ទទួលការសម្ភាសន៍នានា ពិសេសដើម្បីលើកទឹកចិត្តដល់ស្រីៗ មកហាត់ក្បាច់គុណមួយនេះ មិនត្រឹមដើម្បីតែការពារខ្លួន តែក៏ដើម្បីរក្សាវប្បធម៌របស់ប្រទេសកម្ពុជាទៀតផង។ ការហាត់ក្បាច់ល្បុក្កតោគឺមិនងាយនោះទេ ទោះបីអ្នកប្រដាល់លើសង្វៀនក៏ដោយ។ គាត់ក៏ធ្លាប់បោះបង់ចោលប៉ុន្មានដងដែរ តែគាត់បានត្រឡប់មកហាត់វាវិញ រហូតមកដល់ពេលនេះ។

តារាមានប្រវត្តិមកពីគ្រួសារដែលហាត់ក្បាច់គុណ ដូចជាតារបស់គាត់ ក៏ជាអ្នកបង្ហាត់ក្បាច់ល្បុក្កតោដែរ។ តារាចាប់អារម្មណ៍លើក្បាច់គុណបុរាណ តាំងពីគាត់អាយុ 15ឆ្នាំ តែពេលនោះ គាត់គ្មានឱកាសបានហាត់វាសោះ។ គាត់ធ្លាប់រៀនក្បាច់ការ៉ាតេ ដោយមានឪពុកគាត់ និងលោកតាគាត់បានបង្ហាត់នៅពេលខ្លះដែរ។ ចុងបញ្ចប់ គាត់ក៏មានឱកាសបានហាត់ក្បាច់គុណល្បុក្កតោ ជាមួយលោកគ្រូរបស់គាត់សព្វថ្ងៃនេះ។

តារាទាំង 2 មានឱកាសបញ្ចេញក្បាច់ល្បុក្កតោនៅក្នុងភាពយន្តថ្មី "Jailbreak" ដែលដឹកនាំដោយអ្នកដឹកនាំជនជាតិអ៊ីតាលី នៅប្រទេសខ្មែរ គឺលោក Jimmy Henderson ដែលរួមសម្តែងដោយតារាសម្តែងសញ្ជាតិខ្មែរ-បារាំង លោក Jean-Paul Ly, លោក សាវិន ហ្វីលីព, ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ, លោក សុខ វិសាល និងតារាប៉ាង និងតារាសម្តែងស្រី Celine Tran។

តារា និងថារ័ត្នបានចូលរួមក្នុងការចាក់បញ្ចាំងភាពយន្ត "Jailbreak" សម្រាប់តួសម្តែង និងក្រុមការងារនៅពេលថ្មីៗនេះ ហើយចៃកុនក៏នៅទីនោះ បានជួបពិភាក្សាពីភាពយន្តមួយនេះ។ តួសម្តែងទាំង2 បានចែករំលែកបទពិសោធពេលធ្វើការជាមួយលោក Jean-Paul Ly និងការធ្វើការជាមួយតារាសម្តែងហូលីវូដ អ្នកស្រី Angelina Jolie (សម្រាប់កញ្ញា ថារ័ត្ន) ព្រមទាំងចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរលើក្បាច់គុណល្បុក្កតោ។


ចៃកុនជួបសម្ភាសថារ័ត្ន និងតារាមុននឹងពិធីសម្ពោធរឿង "Jailbreak"

ចៃកុន: អ្នកទាំង2 ទើបបានទស្សនារឿង "Jailbreak" តើអ្នកទាំង2 មានអារម្មណ៍ដូចម្តេច ពេលបានទស្សនាភាពយន្តនេះលើផ្ទាំងសំពត់សរ ជាលើកដំបូង?

ថារ័ត្ន: ខ្ញុំមានអារម្មណ៍សប្បាយ និងរំភើបខ្លាំង ដែលបានទស្សនាភាពយន្តនេះ។ ខ្ញុំពិតជារំភើបខ្លាំងណាស់! ខ្ញុំពិតជាចូលចិត្តភាពយន្តនេះ និងអរគុណជាអនេក ដល់ការប្រឹងប្រែងរបស់ក្រុមការងារ ទាំងតួសម្តែង និងអ្នកធ្វើការក្នុងរឿងនេះ។ យើងពិតជាប្រឹងប្រែងខ្លាំងណាស់ តាំងពីព្រឹក ដល់យប់ជ្រៅ ហើយពេលនេះយើងបានទស្សនាអ្វីដែលជា លទ្ធផលនៃការខិតខំប្រឹងប្រែងទាំងនោះហើយ។

តារា: នៅពេលកំពុងទស្សនា ខ្ញុំមានអារម្មណ៍មោទកភាពណាស់ដែលក្រុមយើងបានខិតខំប្រឹងប្រែងជាមួយគ្នា។ (យើងចាប់ផ្តើមហាត់) រយៈពេល 3ខែមុនភាពយន្តចាប់ផ្តើមថត។ សម្រាប់ផ្នែកផ្សេងៗ ដូចជាការសរសេរសាច់រឿង ពួកគេចាប់ផ្តើមតាំងពី 1-2ឆ្នាំ មុនម៉្លេះ។ សម្រាប់ក្រុមការងារ ក្រុម stunt និងតួសម្តែង យើងប្រឹងប្រែងច្នៃ និងរៀបតាមលំដាប់លំដោយក្បាច់ stunt មុននឹងការថតភាពយន្ត។ ហើយពេលកំពុងថត យើងបានប្រឹងប្រែងជាមួយគ្នាម្តងទៀត ពេលខ្លះយើងត្រូវរបួស តែយើងព្យាយាម ដើម្បីបញ្ចប់វាឱ្យទាន់ពេល។ ពេលដែលយើងទស្សនាភាពយន្ត យើងមានអារម្មណ៍ថា លទ្ធផលពិតជាគួរឱ្យស្ញើចសរសើរ និងពិតជានឹកដល់អនុស្សាវរីយ៍ កាលយើងថតភាពយន្តនោះខ្លាំងណាស់។

ប្រាប់បន្តិចទៅមើល ថាអ្នកទាំង 2សម្តែងជាតួអង្គដូចម្តេច?

ថារ័ត្ន: តួអង្គខ្ញុំនៅក្នុងរឿង គឺដូចខ្ញុំនៅក្នុងជីវិតពិតដែរ។ អ្នកដឹកនាំ និងផលិតករបាននិយាយថា "យើងនឹងឱ្យ ថារ័ត្ន សម្តែងជាខ្លួនឯងផ្ទាល់តែម្តង។" ពួកគេចង់បានអ្នកដែលមានទំនុកចិត្តក្នុងខ្លួន ហើយក្លាហាន ព្រមទាំងចង់ឱ្យអាចវាយតប់ដូចមនុស្សខាងក្រៅវាយតប់គ្នា ដោយគ្មានអ្នកជួយ។ ហើយតួអង្គនោះគឺជាខ្ញុំហ្នឹងហើយ។ នៅក្នុងភាពយន្ត ខ្ញុំជាប៉ូលីសម្នាក់ ដែលនៅក្នុងក្រុមតែមួយជាមួយលោក Jean-Paul Ly និងតារា។

តារា : ខ្ញុំសម្តែងជាប៉ូលីសពិសេស ដូចដែលថារ័ត្នបាននិយាយ។ នៅក្នុងភាពយន្ត ខ្ញុំមិនចូលចិត្តមនុស្សដែលគ្រប់គ្រងលើខ្ញុំនោះទេ។ ខ្ញុំចូលចិត្តសម្រេចធ្វើអីដោយខ្លួនឯង។ អញ្ចឹងហើយទើបពីដើមរឿង ខ្ញុំមិនសូវមានទំនាក់ទំនងល្អជាមួយលោកស្នងការលី (Jean-Paul) នោះទេ។ តែពេលដែលយើងស្គាល់គ្នាច្បាស់ យើងចាប់ផ្តើមសហការគ្នា ប្រយុទ្ធដើម្បីរស់។

ពេលធ្វើការជាមួយលោក Jean-Paul Ly មានអារម្មណ៍យ៉ាងម៉េចដែរ?

តារា: គាត់មានអត្តចរិតល្អ មានភាពរហ័សរហួន។ ពេលគាត់ធ្វើការជាមួយផលិតកម្មនៅហូលីវូដ គាត់ស្នាក់នៅកន្លែងល្អៗ។ តែនៅប្រទេសកម្ពុជា គឺមិនដូចគ្នាទេ តែគាត់នៅតែរីករាយធ្វើការជាមួយយើង ពោលគឺអាចធ្វើការដូចអ្នកក្នុងស្រុកយើងដែរ។

ថារ័ត្ន: ពេលគាត់មកដល់ ខ្ញុំឆ្ងល់ថា "យើងទំនាក់ទំនងជាមួយគ្នាម៉េចទៅ?" តែគាត់ធ្វើឱ្យយើងមានអារម្មណ៍ថា ដូចជាគ្រួសារតែមួយ។ ពេលចាប់ផ្តើមហាត់ជាមួយគ្នានោះ យើងកាន់តែជិតស្និទ្ធិដូចជាគ្រួសារ ដូចជាបងប្អូនប្រុសស្រី។ គាត់សុភាពរាបសា មិនចេះប្រកាន់ខ្លួន និងជាមនុស្សល្អម្នាក់។ គាត់គិតពីក្រុមការងាររហូត។ រាល់ពេលយើងថត គាត់តែងតែបារម្ភពីសុវត្ថិភាពយើង។ គាត់ពិតជាជំនាញខ្លាំងណាស់។


ផ្ទាំងរូបតួអង្គរឿង "Jailbreak" របស់តារា និងថារ័ត្ន

ថារ័ត្ន ក៏បានសម្តែងនៅក្នុងភាពយន្តផលិតកម្ម Netflix "First They Killed My Father" "ដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ" តើតួអង្គកញ្ញាគឺយ៉ាងដូចម្តេច ហើយធ្វើការជាមួយអ្នកស្រី Angelina Jolie មានអារម្មណ៍យ៉ាងម៉េចដែរ?

ថារ័ត្ន: ខ្ញុំត្រូវសម្តែងជាតួកាចម្នាក់ ដែលធ្វើការឱ្យខ្មែរក្រហម។ ខ្ញុំត្រូវសម្តែងជាតួកាច បង្រៀនក្មេងៗឱ្យខ្លាំង និងចេះវាយសត្រូវ។ វាពិតជាពិបាកណាស់ ព្រោះខ្ញុំអត់កាចសោះនៅក្នុងជីវិតពិត តែពេលខ្ញុំសម្តែង ខ្ញុំត្រូវធ្វើកាច ត្រូវស្រែកជេរមនុស្សរហូត។

ខ្ញុំពិតជារំភើបណាស់ ដែលបានធ្វើការជាមួយអ្នកស្រី Angelina Jolie។ ក្រោយពេលសម្តែង គាត់មើលទៅឈុតដែលខ្ញុំបានថត ថាខ្ញុំវ៉ៃយ៉ាងម៉េច សម្តែងយ៉ាងម៉េច។ គាត់បានឱ្យមេដៃ ហើយប្រាប់ថា ខ្ញុំជាមនុស្សស្រីដ៏ពូកែម្នាក់។ ខ្ញុំមិនភ្លេចពាក្យលើកសរសើររបស់គាត់ទេ ហើយខ្ញុំបានកត់ទុកពាក្យទាំងនោះទៀតផង។ ភាពយន្តនោះនឹងចាក់បញ្ចាំងដំបូងបំផុតលើពិភពលោក នៅថ្ងៃទី 18 កុម្ភៈ ហើយខ្ញុំនឹងទៅចូលរួម បើខ្ញុំមិនរវល់ទេនោះ។

កញ្ញាបានសម្តែងក្បាច់ល្បុក្កតោក្នុងរឿងនេះ ដូចជារឿង "Jailbreak" ដែរ គិតថាក្បាច់គុណល្បុក្កតោ ពិតជាអាចផ្សព្វផ្សាយចេញទៅខាងក្រៅដែរទេ?

ថារ័ត្ន: យើងជាក្មេងជំនាន់ក្រោយ ដែលតំណាងឱ្យក្បាច់គុណបុរាណខ្មែរ។ តារា និងខ្ញុំជាសមាជិកសហព័ន្ធល្បុក្កតោកម្ពុជា។

តារា: សម្រាប់ក្បាច់ល្បុក្កតោ ប្រជាជនកម្ពុជាស្គាល់ តែសម្រាប់បរទេស ពួកគេមិនដឹងថាខ្មែរមានក្បាច់គុណផ្ទាល់ខ្លួននោះឡើយ។ ពួកគេស្គាល់ប្រាសាទអង្គរវត្ត តែមិនដឹងថាប្រាសាទអង្គរវត្តតំណាងឲ្យសិល្បៈអ្វីនោះទេ។ នៅលើផ្ទាំងសិលាប្រាសាទអង្គរវត្ត មានចម្លាក់បង្ហាញពីក្បាច់គុណ។ ក្បាច់នោះ គឺក្បាច់ល្បុក្កតោហ្នឹងឯង។ វាជាក្បាច់បុរាណ ដែលប្រជាជនខ្មែរបុរាណបានបង្កើតដើម្បីប្រទេសជាតិ។ ពេលនេះ ដោយប្រទេសយើងគ្មានសង្គ្រាម យើងត្រូវហ្វឹកហាត់ ដើម្បីសុខភាព និងរក្សាវប្បធម៌យើង។

តើយើងរំពឹងថាអាចឃើញក្បាច់គុណល្បុក្កតោនៅក្នុងភាពយន្តផ្សេងទៀតដែររឺទេ?

តារា: យើងបានប្រែក្បាច់គុណបុរាណ ឱ្យទៅជាសិល្បៈភាពយន្ត។ បើយើងមើលទៅក្បាច់គុណក្នុងភាពយន្ត យើងបានជួបក្បាច់មួយថៃ ក្បាច់កុងហ៊្វូ និងក្បាច់គុណផ្សេងជាច្រើនទៀត តែពេលនេះ យើងបានទស្សនាក្បាច់ល្បុក្កតោទៀត ដែលថតចេញជាភាពយន្ត។ វាជាសិល្បៈក្បាច់គុណថ្មី សម្រាប់មនុស្សជុំវិញពិភពលោក។ យើងចង់ឱ្យពួកគេដឹងឱ្យច្រើនទៀត ពីក្បាច់ល្បុក្កតោនេះ។

កុំភ្លេចទស្សនាតួអង្គក្នុងរឿង "Jailbreak" បង្ហាញក្បាច់គុណល្បុក្កតោ នៅលើផ្ទាំងសំពត់ធំ ចាប់ពីថ្ងៃទី 31 មករានេះ។

Cinema Online, 28 មករា 2017


ភាពយន្តទាក់ទង:
Jailbreak (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង