ចំនុចពិសេស

តើមានអ្វីខុសប្លែកក្នុងខ្សែភាពយន្ត "Aladdin" ជា live-action នេះ?

អ្នកសរសេរ: Casey Lee



តើមានអ្វីខ្លះដែលនឹងផ្លាស់ប្តូរនៅក្នុងខ្សែភាពយន្ត "Aladdin" ជា live-action នេះ?

ខណៈពេលដែលយើងគិតថាវានឹងមិនមានការផ្លាស់ប្តូរសាច់រឿងធំដំខុសពីអ្វីដែលបានរៀបរាប់នៅក្នុងភាពយន្ដគំនូរជីវចលរបស់ "Aladdin" នោះ ការផលិតខ្សែភាពយន្ដជា live-action នេះនឹងផ្តល់ឱកាសថ្មី (ក៏ដូចជាដែនកំណត់) ទៅលើអ្វីដែលពួកគេអាចធ្វើបាន ឬបង្កើនគុណភាពភាពយន្តមួយកម្រិតទៀតពីរឿងគំនូរជីវចល។

ដូច្នេះប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការជិះកម្រាលព្រំហោះទៅមើលពិភពថ្មីស្រឡាងនៃខ្សែភាពយន្ត "Aladdin" ជា live-action នេះ អ៊ីចឹងទាំងនេះជាការផ្លាស់ប្តូរខ្លះៗដែលអ្នកគួរតែដឹងមុនទៅទស្សនាវានៅឯរោងភាពយន្ដ។

ឈុតសម្លៀកបំពាក់ថ្មីៗ

ឱកាសមួយដែលត្រូវបានផ្តល់ឲ្យតាមរយៈការផលិតភាពយន្តជា live-action នេះ គឺការមានឈុតសម្លៀកបំពាក់ជាច្រើនសម្រាប់តួអង្គទាំងអស់ដែលជាផលពិបាកមួយក្នុងការរក្សាទ្រង់ទ្រាយនិងការគូររូបតួអង្គគំនូរជីវចលទាំងនោះមិនឲ្យមានភាពខុសប្លែក។ ថ្មីត្បិតតែព្រះនាង Jasmine នឹងស្លៀកឈុតស្រដៀងទៅនឹងរ៉ូបបញ្ចេញផ្ចិតពណ៌ខៀវរបស់នាងពីរឿងគំនូរជីវចល តែនាងក៏មានសម្លៀកបំពាក់ដ៏ទាក់ទាញចំនួន 9 ឈុតផ្សេងទៀតដែលត្រូវបានរចនាដោយអ្នកច្នៃម៉ូតធ្លាប់ឈរឈ្មោះពានរង្វាន់អូស្ការគឺលោក Michael Wilkinson។ ដូចទៅនឹងឈុតរចនាសម្រាប់ភាពយន្តល្អៗផ្សេងទៀតដែរ ឈុតសម្លៀកបំពាក់ដែលមានពណ៌ភ្លឺទាក់ភ្នែកទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈរបស់ព្រះនាង Jasmine និងការតស៊ូរបស់នាងដើម្បីគេចផុតពីឋានៈជាព្រះនាងដែលគ្មានសេរីភាព។ វាក៏នឹងមានឈុតរ៉ូបអាពាហ៍ពិពាហ៍មួយផងដែរ ប៉ុន្តែវានឹងមិនមែនសម្រាប់ពិធីដែលពោរពេញដោយភាពសប្បាយរីករាយនោះទេ។

តួអង្គថ្មីៗ

Disney នឹងបន្ថែមនូវភាពចម្រុះនិងសមភាពទៅក្នុងក្រុមតារាសម្តែងនៃខ្សែភាពយន្ត "Aladdin" នេះ មិនត្រឹមតែចំពោះជាតិសាសន៍នៃតារាសម្តែងដែលនឹងដើរតួអង្គឯកប៉ុណ្ណោះទេ តែពួកគេក៏នឹងបន្ថែមនូវតួអង្គថ្មីមួយចំនួនដែលនឹងបង្ហាញពីភាពខុសប្លែកគ្នារវាងតួអង្គទាំងឡាយផងដែរ

ដំបូងដើម្បីកុំឲ្យព្រះនាង Jasmine មានអារម្មណ៍ហាក់ដូចជាស្ត្រីតែម្នាក់ឯងនៅក្នុងរាជវាំងទាំងមូល នាងនឹងត្រូវបានមើលថែដោយ Daila ដែលជាអ្នកបម្រើផ្ទាល់ខ្លួននិងអ្នកជំនិតដែលនាងប្រាប់អាថ៌កំបាំងអ្វីទាំងអស់។ Daila នឹងត្រូវបានដើរតួដោយ Nasim Pedrad ដែលត្រូវបានស្គាល់ក្នុងការសម្ដែងបែបកំប្លែងរបស់គាត់ក្នុងកម្មវិធី "Saturday Night Live" ហើយនឹងជាដៃគូដែលមានភាពឆ្លាតវៃនិងកំប្លែងស្រដៀងនឹងតួអង្គ Genie ទៅកាន់ Aladdin។

បន្ទាប់មកគឺ Hakim ដែលជាតួអង្គរួមបញ្ចូលគ្នារវាងតួអង្គឆ្មាំការពារមួយចំនួនពីគំនូរជីវចល (ក្នុងចំណោមពួកគេមានម្នាក់ឈ្មោះ Hakim) ដែលបានក្លាយជាអ្នកជំនិតដៃស្តាំរបស់ Jafar។ សម្តែងដោយ Numan Acar គាត់មិនត្រឹមតែជាមេឆ្មាំការពារដែលពោរពេញដោយសាច់ដុំនិងល្បិចកលប៉ុណ្ណោះទេ តែគាត់អាចនឹងជាដៃគូរួមគំនិតរបស់ Jafar ក្នុងការប្រព្រឹត្តអំពើអាក្រក់ផងដែរ។

ចុងក្រោយគេ គឺ Prince Anders ក្នុងឈុតរោមសត្វយ៉ាងក្រាស់មកពីតំបន់ភាគខាងជើងដ៏ត្រជាក់នៃ Skanland ដែលបានមកដល់ទីក្រុង Agrabah សម្រាប់ពិធីប្រមូលផល។ គាត់ត្រូវបានដើរតួដោយ Billy Magnussen ដែលអាចជាគូប្រជែងដណ្តើមបេះដូងរបស់ព្រះនាងប្រសិនបើ Aladdin មិនធ្វើអ្វីនោះ។

បទចម្រៀងថ្មីៗ

ដូចគ្នានឹង "Beauty and the Beast" បទចម្រៀងក្នុង "Aladdin" នឹងទទួលបានការបង្កើនគុណភាព មិនត្រឹមតែសម្រាប់បទល្បីល្បាញជាងគេប៉ុណ្ណោះទេ តែក៏នឹងមាននូវការបន្ថែមបទថ្មីៗខ្លះផងដែរ។ Alan Menken ជាអ្នកតែងនិពន្ធសម្រាប់គំនូរជីវចលក្នុងឆ្នាំ 1992 តែនឹងត្រឡប់មកវិញដើម្បីរៀបចំនិងសរសេរឡើងវិញនៃបទបើកឆាកភាពយន្តនេះគឺ "Arabian Nights" ដែលនឹងវែងជាងមុនពីរដង ហើយនឹងរួមបញ្ចូលឧបករណ៍តន្ត្រីមជ្ឈិមបូព៌ាច្រើនជាងមុនផងដែរ។ ចំណែកឯ Will Smith នឹងបញ្ចូលនូវ beat-boxing និងសមត្ថភាពតន្ត្រីរបស់គាត់ទៅក្នុងបទ "A Friend Like Me"។

សម្រាប់បទចម្រៀងថ្មីៗវិញ ព្រះនាង Jasmine នឹងទទួលបានបទ 'I Want' ផ្ទាល់របស់នាង(ដោយសារនាងជាព្រះនាង Disney!) ដែលមានចំណងជើងថា "Speechless" ដែលត្រូវបានសរសេរដោយដៃគូនិពន្ធទំនុកច្រៀងរបស់ "The Greatest Showman" និង "La La Land" គឺ Benj Pasek និង Justin Paul និងតែងនិពន្ធដោយ Menken។ ចុងក្រោយគឺមានបទឆ្លើយឆ្លងថ្មីមួយដែលនឹងរួមបញ្ចូលជាមួយ "A Whole New World" ដើម្បីច្រៀងអំពីស្នេហាជាជាងការរស់នៅដោយសេរី។

ទីតាំងថ្មីៗ

ដើម្បីធ្វើឲ្យ "Aladdin" កាន់តែមានភាពរស់រវើក ចំណុចលម្អិតៗនៃទីតាំងរឿងត្រូវបានកែប្រែដើម្បីឲ្យមានភាពពិតជាក់ស្តែងជាជាងអាណាចក្រដែលហ៊ុមព័ទ្ធដោយវាលខ្សាច់។ បំផុសគំនិតដោយទីតាំងពិតៗនៅប្រទេសហ៊្សកដានីនិងភូមា អាណាចក្រ Agrabah នឹងជាទីក្រុងកំពង់ផែប្រឌិតដ៏មមាញឹកដែលមានទីតាំងនៅលើផ្លូវសូត្រ (Silk Road) ដែលជាទីតាំងល្អឥតខ្ចោះពោរពេញដោយវប្បធម៌ចម្រុះ និងមនុស្សពីគ្រប់ទីកន្លែងដូចជាមជ្ឃិមបូព៌ា អាហ្វ្រិកខាងជើង អាស៊ីកណ្តាល ឥណ្ឌា និងចិន។ ដូចនេះអ្នកអាចទន្ទឹងចាំទស្សនាតួអង្គអាស៊ីនៅពាសពេញក្នុងខ្សែភាពយន្តមួយនេះ។ វាក៏នឹងមានឈុតមួយនៅទុនដ្រា (វាលឥតដើមឈើ) ផងដែរ ដែលជាកន្លែងដែល Jafar បញ្ជូន Aladdin និង Apu ទៅ។

សាច់រឿងដើមថ្មីៗ

ការផ្លាស់ប្តូរមួយដែលយើងកំពុងរង់ចាំមើលថាតើនឹងសាកសមឬអត់ គឺការផ្លាស់ប្តូរសាច់រឿងដើមខ្លះៗដើម្បីធ្វើឱ្យតួអង្គមួយចំនួនពុំសូវមានភាពគំនូរជីវចលពេក។ ដំបូងគេគឺ Navid Negahban ជាស្តេច Sultan ដែលមិនសូវកំប្លែងហើយមានភាពម៉ឺងម៉ាត់ជាងមុន ជាមេដឹកនាំដែលពោរពេញដោយបទពិសោធន៏សង្គ្រាម ប៉ុន្តែក៏ជាបុគ្គលដែលស្រឡាញ់ និងត្រូវបានគោរពស្រឡាញ់ដោយប្រជាជនរបស់គាត់ផងដែរ ដែលអាចធ្វើឲ្យគាត់ខ្វះភាពកក់ក្តៅជាឪពុក។ ខណៈពេលដែលវាមិនសូវបានរៀបរាប់ក្បោះក្បាយក្នុងភាពយន្តគំនូរជីវចល Marwan Kenzari នឹងអាចបកស្រាយអំពីសាច់រឿងដើមរបស់ Jafar ជាក្មេងធំធាត់នៅលើផ្លូវនៃទីក្រុង Agrabah មុនពេលឡើងកាន់អំណាចជាមន្ត្រីថ្នាក់ខ្ពស់ដ៏ឃោរឃៅនាពេលបច្ចុប្បន្ន។ ក្រៅពីសមត្ថភាពក្នុងការប្រែកាយជាពស់អសិរពិសរបស់គាត់ Jafar ធ្លាប់ប្រយុទ្ធក្នុងសង្គ្រាមជាច្រើនជាមួយស្តេច Sultan របស់គាត់ ដូចនេះគាត់មិនមែនជាបុរសដែលអាចចាញ់ប្រៀបវេទមន្តបានយ៉ាងងាយស្រួលឡើយ។

Cinema Online, 13 ឧសភា 2019


ភាពយន្តទាក់ទង:
Aladdin (23 May 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង