ចំនុចពិសេស

ភាពយន្តដែលអ្នកមិនគួររំលងក្នុងខែកុម្ភៈ

អ្នកសរសេរ: Casey Lee



តើអ្នកមានគម្រោងនឹងទស្សនាភាពយន្តមួយណា?

តារាងភាពយន្តក្នុងខែនេះអាចនឹងខ្លីជាងគេក្នុងឆ្នាំ 2018 នេះក៏ពិតមែន ប៉ុន្តែក៏នៅតែជាខែមួយដែលពោរពេញទៅដោយភាពយន្តល្អៗមើលជាច្រើនដែរ។

ទោះបីជាយើងបានធ្វើការសម្រិតសម្រាំងយ៉ាងណា ភាពយន្តដែលយើងនឹងណែនាំក្នុងប្រចាំខែនេះគឺសុទ្ធតែជាចំណងជើងធំៗប្រចាំឆ្នាំ ដែលសាកសមសម្រាប់ការទស្សនា។

តោះមកអានទាំងអស់គ្នា នូវភាពយន្តដែលអ្នកមិនគួររំលងប្រចាំខែកុម្ភៈនេះ។

Fifty Shades Freed

តើនេះជាទីបញ្ចប់ ឬ ការចាប់ផ្តើមរវាង Christian និង Anastasia? "Fifty Shades Freed" ដែលជាភាគបញ្ចប់នៃកម្រងខ្សែភាពយន្តមនោសញ្ចេតនាដ៏ល្បីល្បាញនេះ ប្រាកដជាមិនបញ្ចប់ទៅដោយងាយនោះទេ។ ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍មក គូស្នេហ៍មួយគូនេះជួបបញ្ហាមិនឈប់ឈរដែលសុទ្ធតែជាអតីតកាលអន្ទោលតាមមកជាមួយ។ ក្នុងនោះរួមមានអតីតប្រធានរបស់ Ana ឈ្មោះ Jack Hyde មានគំនិតគុំគួនគិតថាគូស្នេហ៍ទាំងពីរនេះជំពាក់ខ្លួន និង Elena ដែលជាអតីតគូស្នេហ៍របស់ Christian ផងដែរ។ តើចុងក្រោយនឹងទៅជាយ៉ាងណា? តើចំណងស្នេហ៍មួយនេះនឹងមានភាពរីករាយដល់ទីបញ្ចប់ដូចក្នុងរឿងព្រេងនិទានរឺយ៉ាងណា?

ថ្ងៃចាក់បញ្ចាំង: 8 កុម្ភៈ

Peter Rabbit

ប្រសិនបើអ្នកជាអ្នកគាំទ្រសៀវភៅនិទានកាលពីកុមារភាពរបស់អ្នកនិពន្ធ Beatrix Potter នេះគឺជាដំណឹងដ៏ល្អមួយព្រោះថាតួអង្គនៅក្នុងសៀវភៅនិទានរបស់អ្នកនឹងរស់រានមានជីវិតនៅក្នុងផ្ទាំងសំពត់សហើយ។ ការផលិតបែបទំនើបនេះនឹងប្រែខ្លួនជាភាពយន្តបែបកំប្លែង ផ្តោតលើភាពឈ្នានីសរវាង Peter Rabbit រពិលរប៉ូច និង គូសត្រូវជាមនុស្សឈ្មោះ Mr. McGregor។ តួអង្គ Peter នឹងធ្វើការបញ្ចូលសម្លេងដោយតារាកំប្លែង James Corden ហើយភាពយន្តនេះក៏មានការចូលរួមសម្តែងពីតារាល្បីៗដូចជា Margot Robbie, Domhnall Gleeson, Rose Byrne, Daisy Ridley, Steve Buscemi, Kevin Hart និងជាច្រើនទៀត។

ថ្ងៃចាក់បញ្ចាំង: 14 កុម្ភៈ

Black Panther

MCU ត្រលប់មកវិញក្នុងឆ្នាំនេះ ដោយចាប់ផ្តើមជាមួយនឹង "Black Panther" ដូច្នេះយើងពុំបាច់និយាយអីច្រើននោះទេ។ ក្រៅពីជាភាពយន្តដែលមានតួអង្គវីរបុរសស្បែកខ្មៅលើកដំបូងហើយ ភាពយន្តនេះនឹងមានការចូលរួមសម្តែងពីតួអង្គស្បែកខ្មៅទាំងអស់ ហើយនេះជាអ្វីដែល MCU ចង់បាន។ ទោះបីជា Marvel មិនអាចយកបានអ្នកដឹកនាំរឿង Ava DuVernay មកដឹកភាពយន្តនេះ ប៉ុន្តែអ្នកដឹកនាំរឿងនេះផ្ទាល់លោក Ryan Coogler ក៏មិនធម្មតាដែរដែលអាចនាំយកការនិទានរឿងពីជនជាតិស្បែកខ្មៅទ្បើងយកលើផ្ទាំងសំពត់សនេះកាន់តែមានភាពរស់រវើក។ Chadwick Boseman វិលត្រលប់មកបំពេញងារជាស្តេចនៃប្រទេស Wakanda សារជាថ្មី ជាមួយនឹងតារាសម្តែងជនជាតិស្បែកខ្មៅជើងខ្លាំងជាច្រើនទៀតដូចជា Michael B. Jordan, Lupita Nyong'o, Danai Gurira, Daniel Kaluuya, Forest Whitaker, និង Letitia Wright។

ថ្ងៃចាក់បញ្ចាំង: 15 កុម្ភៈ

Marrowbone

លោក Sergio G. Sanchez ផលិតករនៅពីក្រោយភាពយន្តរន្ធត់ "The Orphanage" (2007) ត្រលប់មកបង្ហាញស្នាដៃក្នុងរឿង "Marrowbone"។ ហើយរឿងនេះបានក្លាយជារឿងរន្ធត់ដែលអ្នកមិនគួររំលងដោយគ្រាន់តែឃើញឈ្មោះតារាសម្តែងក៏ញាក់សាច់ដែរ មានដូចជា Anya Taylor-Joy ("Split"), Mia Goth ("A Cure For Wellness"), George MacKay ("Captain Fantastic") និង Charlie Heaton (Netflix's "Stranger Things") ប្រាកដជារួមដៃគ្នានាំយកនូវភាពរន្ធត់ និង ចម្លែកដូចដែលអ្នកធ្លាប់បានឃើញរួចមកហើយនៅក្នុងភាពយន្តពីមុនរបស់ពួកគាត់។ "Marrowbone" និយាយពីបងប្អូនមួយក្រុមដែលមើលថែគ្នាទៅវិញទៅមកក្រោយពីម្តាយបានស្លាប់ទៅ ព្យាយាមលាក់បាំងការពិតអំពីការស្លាប់របស់ម្តាយខ្លួនដើម្បីពួកគេអាចនៅជាមួយគ្នាបាន។ ការរស់នៅជាមួយគ្នាដោយអាថ៌កំបាំង និងលិបលរប្រហែលមិនមែនជាគំនិតល្អនោះទេ ព្រោះតែក្រោយមកពួកគេបានដឹងថាមានភាពងងឹតមួយកំពុងតាមបន្លាចពួកគេទាំងអស់គ្នា។

ថ្ងៃចាក់បញ្ចាំង: 19 កុម្ភៈ

Guardians Of The Tomb

អ្នកណាៗក៏ចូលចិត្តភាពយន្តបែបផ្សងព្រេង ស្វែងរកកំណប់ដែរមែនទេ? សាកសមបំផុតសម្រាប់ចូលឆ្នាំចិននេះ "Guardians of the Tomb" មានចូលរួមសម្តែងពីតួអង្គល្បីៗជាច្រើនដូចជា Li Bingbing, Wu Chun, និងតារាសម្តែងប៉ែកខាងលិចដូចជា Kellan Lutz, Kelsey Grammer, Shane Jacobson និងច្រើនទៀត។ ភាពយន្តនេះនិយាយអំពីក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមរកឃើញផ្នូររបស់អធិរាជប្រទេសចិនតាំងពីឆ្នាំ 200 មុនគ្រឹស្តសករាជមក។ ប្រាកដណាស់ ការរកឃើញនេះបានធ្វើឲ្យមានរឿងអាក្រក់ៗកើតទ្បើង នៅពេលដែលសមាជិករួមក្រុមចាប់ផ្តើមបាត់បង់ក្នុងពេលដែលជីករកឃើញផ្នូរនោះ ហើយអ្នកដែលនៅសល់ត្រូវស្វែងរកផ្លូវចាក់ចេញពីផ្នូរដែលពោរពេញទៅដោយរណ្តៅសត្វពីងពាងដ៏ពឹសពុល។

ថ្ងៃចាក់បញ្ចាំង: 22 កុម្ភៈ

Cinema Online, 1 កុម្ភះ 2018


ភាពយន្តទាក់ទង:
Fifty Shades Freed (08 Feb 2018) [Showtimes] [Trailers]
Peter Rabbit (14 Feb 2018) [Showtimes] [Trailers]
Black Panther (15 Feb 2018) [Showtimes] [Trailers]
Marrowbone (19 Feb 2018) [Showtimes] [Trailers]
Guardians Of The Tomb (English / Chinese) (22 Feb 2018) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង