ចំនុចពិសេស

រឿងបង្ហាញពីអាថ៏កំបាំងក្នុងផ្ទះ "Behind the Walls"

អ្នកសរសេរ: Brendan Kwang



តើនឹងមានរឿងអីកើតឡើង ប្រសិនបើផ្ទះរបស់អ្នកលែងមានសុវត្ថិភាពទៅហើយនោះ?

"Behind the Walls" ដឹកនាំដោយលោក James Kondelik គឺជាភាពយន្តបែបភ័យរន្ធត់ និយាយអំពីផ្ទះមួយដែលមាន ព្រលឹងកាចសាហាវលងបន្លាច។ ផ្ទះមួយនោះបានរង់ចាំដោយភាពអំណត់អស់រយៈពេលជាច្រើនឆ្នាំ ទម្រាំតែមានគ្រួសារមួយបានរើចូលមកស្នាក់នៅ ហើយរឿងរ៉ាវរន្ធត់ៗជាច្រើនក៏បានចាប់ផ្តើម។ "Behind the Walls" កំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត។ ចង់មើលភាពយន្តបែបភ័យរន្ធត់ផ្សេងទៀត ដែលមានរឿងរ៉ាវគួរឲ្យភ័យខ្លាចបង្កប់នៅពីក្រោយជញ្ជាំងទេ? តោះតាមដានខាងក្រោមទាំងអស់គ្នា៖

"The Conjuring"

កើតឡើងនៅក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ភាពយន្តបែបភ័យរន្ធត់មួយនេះ គឺត្រូវបានផលិតឡើងតាមបទពិសោធន៍ផ្ទាល់ និងជាក់ស្តែងរបស់គ្រួសារ Perron ខណៈដែលពួកគេបានរើទៅស្នាក់នៅក្នុងផ្ទះមួយ។ ដោយមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ គ្រួសារ Perron ក៏បានទំនាក់ទំនងទៅកាន់ Ed និង Lorraine Warren ដែលជាក្រុមអ្នកស៊ើបអង្កេតរឿងរ៉ាវប្លែកៗទាក់ទងនឹងព្រលឹងខ្មោច ដើម្បីមកជួយពិនិត្យមើលផ្ទះរបស់ពួកគេ។ ហើយអ្វីដែលពួកគេរកឃើញនោះគឺ ព្រលឹងកំណាចមួយដែលមានគំនិតអាក្រក់ទៅលើគ្រួសារ Perron។ នេះគឺជារឿងរ៉ាវមួយ ដែលគ្មាននរណាចង់ជួបប្រទះឡើយ។

"The Orphanage"

Laura និង Carlos រស់នៅក្នុងមណ្ឌលកុមារកំព្រាចំណាស់មួយ ហើយក៏ជាកន្លែងដែលពួកគេ ទទួលយកក្មេងប្រុសម្នាក់ឈ្មោះថា Simon ធ្វើជាកូនចិញ្ចឹម។ ក្រោយមក Simon បានប្រាប់ថារូបគេនៅមានមិត្តភក្តិ៥នាក់ទៀត ដែលមនុស្សដទៃមិនអាចមើលឃើញ ហើយរឿងរ៉ាវនេះបានធ្វើឲ្យ Laura ជឿថាពួកគេគឺគ្រាន់តែស្ថិតនៅក្នុង ក្តីស្រមៃរបស់ Simon ប៉ុណ្ណោះ។ តែថ្ងៃមួយ Simon ស្រាប់តែបាត់ខ្លួននៅក្នុងមណ្ឌលកំព្រាហើយ Laura ក៏ចាប់ផ្តើមកត់សម្គាល់ឃើញរឿងរ៉ាវចម្លែកៗជាច្រើន បានកើតឡើងនៅជុំវិញទីនោះ។ នេះគឺជាកន្លែងមួយដែលមិនសក្តិសម សម្រាប់ចិញ្ចឹមក្មេងៗនោះឡើយ។

"Amityville Horror"

គ្រួសារមួយដែលមានសមាជិកប្រាំនាក់ បានរើចូលទៅរស់នៅក្នុងផ្ទះដ៏ល្អប្រណិតមួយ ដែលស្ថិតនៅលើកោះ Long តែពួកគេមិនបានដឹងថាទីនោះ ធ្លាប់កើតមានការសម្លាប់រង្គាលដ៏គួរឲ្យតក់ស្លុត កាលពីប៉ុន្មានឆ្នាំមុននោះឡើយ។ ក្រោយមកកូនរបស់ពួកគេម្នាក់ចាប់ផ្តើម មានអាកប្បកិរិយាប្លែកៗ ហើយកាន់តែចម្លែកទៅៗ។ ផ្ទះដែលធ្លាប់មានរឿងឃាតកម្មកើតឡើង ពេលនេះក្លាយទៅជាផ្ទះដែលមានព្រលឹងខ្មោចលងបន្លាច។ "Amityville Horror" នៅតែជាភាពយន្តពិសេសមួយ នៅក្នុងចំណោមភាពយន្តបែបភ័យរន្ធត់បំផុត ក៏ព្រោះតែវាដកស្រង់ចេញពីរឿងពិត។

"The Shining"

ថ្វីត្បិតតែវាមិនមែនជាផ្ទះ តែសម្រាប់គ្រួសារ Torrances នៅតែចាត់ទុកថាវាជាផ្ទះដ៏កក់ក្តៅមួយ។ តែយ៉ាងណាមិញទីនោះបានប្រែក្លាយជាផ្ទះដែលពោរពេញទៅដោយ ព្រលឹងខ្មោចលងបន្លាចទៅវិញ។ នៅក្នុងភាពយន្តនេះ Jack Torrance បានទទួលយកការងារជាអ្នកមើលថែរក្សាសណ្ឋាគារ Overlook បើទោះជានៅទីនោះរូបគេ និងគ្រួសារត្រូវរស់នៅក្រោមការធ្លាក់ព្រិលយ៉ាងខ្លាំង នៅក្នុងអំឡុងរដូវរងាយ៉ាងណាក៏ដោយ។ ទាំងនេះមិនមែនជាបញ្ហាឡើយ តែអ្វីគួរឲ្យខ្លាចនិងបារម្ភខ្លាំងនោះ គឺសណ្ឋាគារមួយនេះបានធ្វើឲ្យ Jack បាត់បង់វិចារណញ្ញណរបស់គេបន្តិចម្តងៗ។

"The Others"

តារាសម្តែង Nicole Kidman ដើរតួ Grace ជាម្តាយម្នាក់មានកូន២ ដែលកើតមានមេរោគចម្លែកម្យ៉ាង ហើយធ្វើឲ្យពួកគេមិនអាចរងនូវពន្លឺថ្ងៃបាន។ នាងតែងតែធ្វើឲ្យផ្ទះរបស់នាងស្ថិតនៅក្នុងភាពងងឹត ដែលនេះគឺជាវិធីធ្វើឲ្យកូនៗរបស់នាង មានសុវត្ថិភាពខណៈពេលដែលប្តីរបស់នាងត្រូវទៅធ្វើសង្រ្គាម។ មិនថាយ៉ាងណាក៏ដោយ នាងត្រូវតែមានភាពក្លាហាន ដើម្បីកូនៗរបស់នាង បើទោះបីជានាងកំពុងតែប្រឈមមុខជាមួយនឹង វត្ថុដ៏គួរឲ្យខ្លាចនៅក្នុងផ្ទះរបស់នាង។

Cinema Online, 13 មីនា 2018


ភាពយន្តទាក់ទង:
Behind The Walls (12 Mar 2018)
The Conjuring (25 Jul 2013)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង