ចំនុចពិសេស

សកម្មភាពសប្បាយជាច្រើន នៅទីតាំងថតរបស់ "Rampage"

អ្នកសរសេរ: Florey DM



Dwayne Johnson មើលទៅឡើងតូចពេលនៅជិតស្វាឪយក្សដ៏ធំក្នុង "Rampage"។

អ្នកគាំទ្រជាច្រើននៅលើពិភពលោក ប្រហែលមិនសូវបានដឹងអំពីហ្គេមដ៏ល្បីដែល ត្រូវបានយកមកផលិតជាភាពយន្តសត្វចម្លែកបែប sci-fi មួយនេះឡើយ ប៉ុន្តែវាក៏មិនមែនជាឧបសគ្គរារាំងនរណាម្នាក់ពីការទស្សនាខ្សែភាពយន្តសត្វចម្លែកយក្សមួយនេះនៅលើកញ្ចក់អេក្រង់ធំនោះទេ។ តើមានអ្វីអស្ចារ្យពីខ្សែភាពយន្ត "Rampage"? មែនហើយ វាមាន Dwayne "The Rock" Johnson ដែលជាតារាសម្តែងមួយរូបដែលមនុស្សទាំងអស់គ្នានិយមពេញចិត្ត។ មិនតែប៉ុណ្ណោះ វាមានសត្វបិសាចយក្សធំៗប្រយុទ្ធគ្នា ដោយក្នុងចំណោមពួកវាមានមួយជាតួអង្គល្អ ហើយជាមិត្តជិតស្និទ្ធរបស់ The Rock ទៀតផង! (មែនហើយ ជាមិត្តភក្តិជិតស្និទ្ធរបស់តួអង្គ Davis Okoye ដែលសម្តែងដោយរូបគាត់)។

នៅក្នុងខ្សែភាពយន្តនេះ The Rock ដើរតួជាសត្តវិទូមួយរូបដែលបានចងចំណងមិត្តភាពជាមួយស្វាឪភឿកមួយក្បាលឈ្មោះ George។ ពួកគេទាំងពីរត្រូវគ្នាខ្លាំង ដោយត្រូវការតែភាសាសញ្ញាកាយវិការ និងរឿងកំប្លែងប៉ុណ្ណោះ ដើម្បីចងភ្ជាប់ទំនាក់ទំនងមិត្តភាពរបស់ពួកគេយ៉ាងជិតស្និទ្ធ។ ប៉ុន្តែ ការពិសោធន៏ខុសមួយបានធ្វើឲ្យស្វាឪស្លូតមួយក្បាលនេះក្លាយទៅជាសត្វបិសាចយក្សដ៏កាចសាហាវ។ អ្វីដែលអាក្រក់ជាងនេះ គឺវាមិនមែនតែឯងឡើយ។ សត្វបិសាចយក្សពីរក្បាលទៀតកំពុងបង្កភាពចលាចលវឹកវរ ហើយ Okoye ចាប់ដៃជាមួយ Dr. Kate Caldwell ជាអ្នកឯកទេសហ្សែនដែលបានខូចកិត្តិយសមួយរូប ដើម្បីជួយសង្គ្រោះ George និងពិភពលោកទាំងមូលពីមហន្តរាយបំផ្លិចបំផ្លាញដោយសត្វបិសាចយក្សទាំងនេះ។


George បង្កភាពចលាចលក្នុង "Rampage"។

ស្ទូឌីយ៉ូ Warner Bros. កាន់កាប់សិទ្ធិក្នុងការផលិតខ្សែភាពយន្តដែលពឹងផ្អែកទៅលើហ្គេម arcade ក្នុងឆ្នាំ 1986 ដែលមានឈ្មោះដូចរឿងនេះ បន្ទាប់ពីបានទិញយក Midway Games ក្នុងឆ្នាំ 2009។ ដូចក្នុងហ្គេម វាមានសត្វបិសាចបីក្បាលនៅក្នុងខ្សែភាពយន្ត។ ប៉ុន្តែខុសពីក្នុងហ្គេម ពួកវាមិនមែនជាមនុស្សពីមុនឡើយ។

ពួកយើងបាននៅក្នុងចំណោម ប្រភពព័ត៌មានអន្តរជាតិទាំងឡាយ ដែលមានឱកាសបានធ្វើដំណើរប្រហែលពាក់កណ្តាលពិភពលោកទៅកាន់ទីតាំងថតរបស់ខ្សែភាពយន្ត "Rampage" នៅឯ Atlanta នាថ្ងៃត្រង់មួយកាលពីខែមិថុនា ឆ្នាំមុន។ ពួកយើងបានធ្វើទស្សនកិច្ចជុំវិញស្ទូឌីយ៉ូមួយភ្លែត មុននឹងនិយាយសំណេះសំណាលជាមួយ The Rock តារាសម្តែងរួមក្រុមរបស់គាត់ និងអ្នកដឹកនាំរឿង។

ដូចនេះ នៅទីតាំងថតនៃ "Rampage" នៅ Atlanta ពួកយើងបាន:

ទស្សនា Jeffrey Dean Morgan ថតឈុតលើយន្តហោះមួយ

តារាឯកដំបូងគេដែលពួកយើងបានឃើញនៅទីតាំងថតកុនគឺ Jeffrey Dean Morgan (a.k.a. JDM)។ គាត់ក៏ជាតារាសម្តែងដំបូងគេដែលពួកយើងបានធ្វើកិច្ចសម្ភាសន៏ជាមួយនៅទីនោះផងដែរ។ ការថតបានធ្វើឡើងនៅ Stage 1 នៅថ្ងៃដែលពួកយើងបានទៅទស្សនកិច្ចនោះ ដោយរូបគ្រោងនៃយន្តហោះត្រូវបានរៀបចំដើម្បីថតឈុតយន្តហោះទាំងឡាយ។ Stage 2 មិនត្រូវបានប្រើប្រាស់សម្រាប់ថតនៅថ្ងៃនោះឡើយ ប៉ុន្តែដោយវាមានទំហំជាងឆាកទីមួយ ពួកយើងមានឱកាសបោះជំហានចូលក្នុងឆាកទីពីរនេះក្នុងអំឡុងកិច្ចសម្ភាសន៏ជាមួយ Jason Liles ដោយវាមានកន្លែងគ្រប់គ្រាន់សម្រាប់គាត់ក្នុងការដើរតួជាសត្វស្វាឪ (ពួកយើងនឹងនិយាយបន្ថែមនៅខាងក្រោម)។ វាក៏មាននូវទីតាំងថតខាងក្រៅចំនួនពីរផងដែរ ប៉ុន្តែភ្លៀងបានកាត់ផ្តាច់ឱកាសរបស់ពួកយើងក្នុងការចូលទៅមើលទីនោះ។

ដោយពួកយើងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតទីតាំងឆាកថតឈុតយន្តហោះ ពួកយើងបានត្រឹមទស្សនាពីកញ្ចក់អេក្រង់ដែលត្រូវបានរៀបចំក្នុងតង់ជិតនោះប៉ុណ្ណោះ ហើយពួកយើងតាមមើល JDM ថតឈុតជាមួយ George នៅលើយន្តហោះជាច្រើនដងឡើងវិញ។ បន្ទាប់ពីអស់រយៈពេលជាង 20 នាទី ឈុតនេះត្រូវបានបញ្ចប់ហើយតារាសម្តែងទាំងអស់បានចាកចេញពីទីតាំងថត។

ពួកយើងបានធ្វើកិច្ចសម្ភាសន៏ជាមួយ JDM ក្រោយនោះបន្តិច នៅក្នុងបន្ទប់សិល្បៈកម្មមួយ ដែលប្រមូលផ្តុំទៅដោយផ្ទាំងសិល្បៈគំនិតរបស់ខ្សែភាពយន្ត។ JDM បានចំណាយពេលមួយភ្លែតដើម្បីមើលពួកវា ហើយគាត់ក៏ភ្ញាក់ផ្អើលដូចពួកយើងដែរ ដោយវាជាលើកដំបូងដែលគាត់បានឃើញពួកវា។

ពួកយើងបាននិយាយជាមួយគាត់ពីតួអង្គរបស់គាត់ ការចូលរួមរបស់គាត់ក្នុង "The Walking Dead" និងសត្វ alpacas របស់គាត់។ មែនហើយ សត្វ alpacas។ ពួកយើងនឹងមានព័ត៌មានបន្ថែមទៀតនៅក្នុងអត្ថបទសម្ភាសន៏ក្រោយៗរបស់យើង។

សម្លឹងមើលផ្ទាំងសិល្បៈគំនិតរបស់ "Rampage" ជាមួយ Naomie Harris

តើអ្នកចាំពីបន្ទប់សិល្បៈកម្មដែលយើងបាននិយាយខាងលើឬទេ? នេះជាព័ត៌មានបន្ថែមទៅលើវា។ (ពួកយើងមិនត្រូវបានអនុញ្ញាតឲ្យថតរូបនៅទីនោះឡើយ ដូចនេះអ្នកត្រូវពឹងផ្អែកលើសមត្ថភាពស្រមើស្រមៃរបស់អ្នក)។ ដូចដែលបាននិយាយខាងលើ បន្ទប់នេះគឺពោរពេញទៅដោយផ្ទាំងសិល្បៈគំនិតនៃខ្សែភាពយន្ត "Rampage"។ វាមាននូវរូបគំនូររបស់ George និងសត្វបិសាចធំៗពីរទៀតនៅក្នុងរឿង គឺ Ralph ដែលជាសត្វចចកក្រហម និង Lizzie ដែលជាសត្វក្រពើ។ វាក៏មាននូវរូបភាព 3D នៃទីតាំងថតកុនរបស់ខ្សែភាពយន្តផងដែរ។ វាពិតជាគួរឲ្យចាប់អារម្មណ៏ក្នុងការឃើញរូបគ្រោងតំណាងឲ្យឈុតយន្តហោះដែលពួកយើងទើបនឹងបានឃើញតារាសម្តែងថតនៅខាងក្នុងមុននេះបន្តិច។

មិនមែនមានតែពួកយើងទេដែលរំជើបរំជួល ដោយតារាសម្តែងជនជាតិអង់គ្លេស Naomie Harris បានចូលរួមភាពអ៊ូអរនៅពេលដែលគាត់ដើរចូលក្នុងបន្ទប់ហើយនិយាយថា "Wow! ខ្ញុំមិនដែលបានឃើញពួកវាពីមុនមកឡើយ"។ ពួកយើងបានសម្លឹងមើលពួកវាទាំងអស់ជាមួយគ្នា ដោយគាត់ក៏មិនដែលបានប្រទះឃើញពួកវាពីមុនមកដែរ រហូតដល់ថ្ងៃនេះ។ អ្វីៗទាំងអស់ត្រូវបានដាក់តាំងបង្ហាញឲ្យឃើញ។ (អ្នកដឹកនាំ John Rickard និង Haram Garcia បានប្រាប់ឲ្យដឹងថាអ្វីៗទាំងអស់ត្រូវបានដាក់តាំងបង្ហាញដើម្បីឲ្យពួកយើងដែលជាប្រភពសារព័ត៌មានទាំងឡាយមានគំនិតច្បាស់លាស់ពីអ្វីដែលពួកគេកំពុងផលិត)។

Naomie បានសើចនៅពេលដែលគាត់បានឃើញខ្លួនឯងក្នុងរូបភាពមួយចំនួនពីឈុតឆាកដែលពួកគេបានថតរួច ដោយពួកវាបង្ហាញគាត់ជាមួយដៃគូសម្តែង The Rock, Joe Manganiello, JDM និងតារាសម្តែងឯទៀត។ គាត់បានសារភាពប្រាប់ពួកយើងថាការថតខ្សែភាពយន្តមួយនេះពិតជាលំបាកសម្រាប់គាត់ផ្ទាល់ ដោយគាត់មិនធ្លាប់មានបទពិសោធន៏ថតជាមួយផ្ទាំងពណ៌បៃតងច្រើនដូចនេះឡើយ ហើយប្រាកដណាស់សម្រាប់ខ្សែភាពយន្តដែលពោរពេញទៅដោយសត្វបិសាចយក្សរត់ជុំវិញទីក្រុង អ្វីៗទាំងអស់គឺពឹងផ្អែកលើ CGI។ ទោះបីជាយ៉ាងនេះក៏ពិតមែន តាមរយៈរូបភាពដែលពួកយើងបានឃើញ តារាសម្តែងស្រីរូបនេះបានសម្របខ្លួនយ៉ាងសាកសមជាមួយវា។

ស្តាប់ The Rock សារភាពថាគាត់ "សើច" នៅពេលដែលគាត់ថតខុស

គាត់គឺជាតារាដ៏ល្បីមួយរូប ដូចនេះទាល់តែសល់ពេលមួយម៉ោងមុនកណ្តាលអាធ្រាត្រ ទើបពួកយើងមានឱកាសបាននិយាយជាមួយ Dwayne Johnson។ ទោះបីជាស្លៀកពាក់ត្រឹមអាវយឺតធម្មតានិងខោទាហាន តារាមាឌធំរូបនេះបង្ហាញពីវត្តមានដ៏អស្ចារ្យ។ យ៉ាងណាមិញភាពភ័យខ្លាចបានរលាយបាត់អស់ នៅពេលដែលគាត់ហាមាត់និយាយ ជាពិសេសពេលគាត់និយាយពីការដែលគាត់ និង Jeffrey Dean Morgan មិនអាចឈប់សើចបានរាល់ពេលដែលពួកគេថតខុសឈុតណាមួយ។ ពួកយើងពិតជាចង់ឃើញទិដ្ឋភាព The Rock និង JDM សើចមិនឈប់។

ពួកយើងបានឃើញ The Rock នៅទីតាំងថតកុនមុនកិច្ចសម្ភាសន៏នេះ ដោយគាត់កំពុងតែហាត់សមឈុតមួយជាមួយ Naomie ប៉ុន្តែគួរឲ្យស្តាយពួកយើងមិនបានទស្សនាការថតរបស់វាឡើយ (វាដល់ពេលដែលពួកយើងត្រូវទៅបន្ទប់សិល្បៈកម្មដើម្បីចាប់ផ្តើមកិច្ចសម្ភាសន៏ជាមួយ JDM) ដូចនេះពួកយើងមិនបានរង់ចាំមើលថាគាត់បានសើចក្អាកក្អាយឬអត់ឡើយនៅពេលនោះ។

កិច្ចសម្ភាសន៏របស់យើងជាមួយ The Rock បានធ្វើឡើងក្នុងបន្ទប់សិល្បៈកម្មមួយផ្នែក និងមួយផ្នែកទៀតនៅខាងក្រៅ ដោយគាត់ចង់បង្ហាញឲ្យពួកយើងឃើញផ្ទាំង poster នៃខ្សែភាពយន្ត "Rampage" ដែលបានដាក់តាំងនៅខាងក្រៅ។ ហេតុអ្វី? ចម្លើយនឹងមាននៅក្នុងអត្ថបទសម្ភាសន៏របស់យើងដែលនឹងចេញឆាប់ៗនេះ។ កុំភ្លេចរង់ចាំអានវា។ (វាក៏មាននូវការយល់ឃើញរបស់គាត់ទៅលើសត្វ alpacas របស់ JDM ក្នុងនោះផងដែរ)។

និយាយពីខ្សែភាពយន្តសត្វបិសាចជាមួយ Brad Peyton

Brad Peyton ដែលអ្នកឃើញក្នុងរូបភាពខាងលើ (ពី Instagram របស់គាត់) កំពុងសម្លឹងមើលបណ្តុំរូបតុក្តតាពីខ្សែភាពយន្ត "Rampage" របស់គាត់។ គាត់បានចាកចេញពីកៅអីអ្នកដឹកនាំរបស់គាត់នៅទីតាំងថតកុន ដើម្បីចូលរួមពួកជាមួយពួកយើងនៅឯបន្ទប់សិល្បៈកម្មសម្រាប់ការនិយាយសំណេះសំណាងប្រហែលជិតកន្លះម៉ោង។ មែនហើយ ប្រធានបទនៃការសំណេះសំណាលគឺខ្សែភាពយន្តសត្វបិសាចនានា ដោយពួកយើងកំពុងនៅទីតាំងថតរបស់ខ្សែភាពយន្តប្រភេទនេះស្រាប់។

"ពួកវាមិនមែនជាសត្វចម្លែកធម្មតានោះទេ ពួកវាជាសត្វចម្លែកដែលមានការវិវត្តន៍" និយាយដោយអ្នកដឹកនាំអំពីតួនាទីច្នៃប្រឌិតដ៏ពិបាករបស់គាត់ ដោយគាត់ត្រូវថតសត្វស្វាឪ សត្វចចក និងសត្វក្រពើដែលទំហំខ្លួនរបស់ពួកវានីមួយៗកាន់តែរីកធំទៅៗក្នុងរឿង។ គាត់បាននិយាយថា ទោះបីជាគាត់ព្យាយាមយកគំនិតគោលពីហ្គេមដែលខ្សែភាពយន្តមួយនេះពឹងផ្អែកទៅលើដើម្បីផលិតវា ទីបំផុតគាត់បានផ្តោតទៅលើអ្វីៗដែលកើតឡើងក្នុងខ្សែភាពយន្តបែបសត្វបិសាចជាជាងផ្តោតទៅលើហ្គេម។ អ្នកដឹកនាំរូបនេះបានទស្សនានិងសិក្សាខ្សែភាពយន្តសត្វបិសាចជាច្រើនមុននឹងចាប់ផ្តើមការថត ហើយគាត់បានព្យាយាមយល់ពីរបៀបដែលខ្សែភាពយន្តទាំងនោះត្រូវបានបង្កើតនិងអ្វីៗដែលកើតឡើងក្នុងពួកវា ដើម្បីធ្វើឲ្យខ្សែភាពយន្តរបស់គាត់កាន់តែប្រសើរឡើង។

សម្រាប់គម្រោងខ្សែភាពយន្តនេះ អ្នកដឹកនាំវ័យ 39 ឆ្នាំរូបនេះបានចាប់ដៃជាមួយ Dwayne ម្តងទៀត។ ដោយនេះជាលើកទីបីដែលពួកគេបានសហការជាមួយគ្នាទៅហើយនោះ (បន្ទាប់ពី "Journey 2: The Mysterious Island" និង "San Andreas") ដៃគូមួយនេះមានភាពស៊ីសង្វាក់ក្នុងការធ្វើការជាមួយគ្នា ហើយពួកគេយល់ច្បាស់ពីអ្វីដែលពួកគេរៀងៗខ្លួនអាចយកមកបញ្ចូលក្នុងខ្សែភាពយន្តនេះបាន។ ការសហការរបស់ពួកគេនឹងមិនបញ្ចប់ត្រឹម "Rampage" ឡើយ ដោយពួកគេទាំងពីរនឹងត្រឡប់មកវិញសម្រាប់ខ្សែភាពយន្តវគ្គបន្តទៅនឹងខ្សែភាពយន្ត "San Andreas" ក្នុងឆ្នាំ 2015 របស់ពួកគេ។

ទស្សនា Jason Liles បង្ហាញពីចលនា "George" របស់គាត់

Jason Liles នៅក្នុងស្ទើរតែគ្រប់ឈុតក្នុងខ្សែភាពយន្តមួយនេះ ប៉ុន្តែអ្នកនឹងមិនបានឃើញគាត់ក្នុងទម្រង់មនុស្សធម្មតាឡើយ។ នេះដោយសារតារាសម្តែងវ័យ 30 ឆ្នាំរូបនេះគឺជាតារាសម្តែងពោរពេញដោយសមត្ថភាពដែលនឹងដើរតួជា George ដែលជាសត្វស្វាឪក្នុងរឿង។ ជាមួយកម្ពស់ 6'9" របស់គាត់ វាធ្វើឲ្យអ្នកទាំងអស់គ្នានៅទីតាំងថតដូចជាមនុស្សតឿទៅហើយ ដូចនេះការសម្តែងជាសត្វយក្សមួយក្បាលគឺពិតជាងាយស្រួលសម្រាប់គាត់។

គាត់បានពន្យល់យើងពីរបៀបដែលដែកនៅលើមួកចាប់ចលនាសាច់ដុំមុខរបស់គាត់ ជួយកែសម្រួលក្រសែភ្នែករបស់គាត់ក្នុងឈុតទាំងឡាយ ហើយចំណុចតូចៗត្រូវបានដាក់យ៉ាងផ្ចិតផ្ចង់នៅលើផ្ទៃមុខរបស់គាត់ដើម្បីចាប់យកចលនាទឹកមុខរបស់គាត់។ ដូចនេះយើងអាចដឹងបានថាការងាររបស់តារាសម្តែងរូបនេះមិនមែនត្រឹមតែរត់ជុំវិញស្រែកបន្លាចគេឯងនោះឡើយ ដោយគាត់ក៏ត្រូវយកចិត្តទុកដាក់ទៅលើទឹកមុខរបស់គាត់នៅលើអេក្រង់ផងដែរ។

មុនពេលចាប់ផ្តើមការថត Liles ហ្វឹកហាត់ជាមួយ Terry Notary ដែលមានបទពិសោធន៏ជាមួយ Cirque du Soleil និងខ្សែភាពយន្ត "Avatar" (ដឹកនាំដោយ James Cameron) របស់គាត់បានជួយយ៉ាងច្រើនក្នុងការធ្វើឲ្យឥរិយាបថនិងចលនារបស់សត្វស្វាឪរបស់គាត់ដូចពិតៗ។ គាត់បានចំណាយពេលរាប់ខែក្នុងការឃ្លាំមើលសត្វស្វាឪនៅឯសួនសត្វ LA និងទស្សនាវីដេអូនៃឈុតក្រោយឆាកនៃខ្សែភាពយន្តផ្សេងៗដូចជា "King Kong" និង "Planet of the Apes" ដើម្បីបញ្ជាក់ថារបៀបគាត់ដើរ ហក់លោត ឈរ (និងបញ្ចេញសម្លេង) របស់គាត់គឺដូចពិតៗ។ ដើម្បីពន្លូតដៃរបស់គាត់ និងដើរឲ្យមើលទៅដូចសត្វស្វាឪ Liles បានប្រើប្រាស់ដៃសិប្បនិម្មិតមួយគូ។ ទោះបីជាគាត់មិនពាក់ឈុតសត្វស្វាឪ ក៏យើងអាចមើលដឹងដែរថាគាត់គឺជា George។ ការសម្តែងរបស់គាត់គឺពិតជាអស្ចារ្យ រហូតពេលដែលគាត់បង្ហាញចលនាទាំងឡាយរបស់គាត់ដោយការប្រើប្រាស់ដៃជើងទាំងបួនមករកពួកយើង ពួកយើងបានថយក្រោយដោយមិនដឹងខ្លួន ដោយចលនារបស់គាត់គឺដូចពិតៗ (បូករួមជាមួយសម្លេងគ្រហឹមដ៏ធ្ងន់ទៀតនោះ)។

ប្រសិនបើអ្នកចង់ដឹងថាតើ Liles មានរូបរាងយ៉ាងណានៅទីតាំងថតកុន នេះគឺជារូបភាពមួយថតដោយ The Rock ដែលបង្ហោះនៅលើ Instagram របស់គាត់:


ដើម្បីមើលថាតើការសម្តែងជាសត្វស្វាឪរបស់គាត់ដូចពិតៗប៉ុណ្ណានៅលើកញ្ចក់អេក្រង់ធំ រង់ចាំទស្សនា
"Rampage" នៅរោងកុននានានៅថ្ងៃទី 13 មេសានេះ!
Cinema Online, 8 មេសា 2018


ភាពយន្តទាក់ទង:
Rampage (13 Apr 2018) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង