ចំនុចពិសេស

កំពូលភាពយន្ដរន្ធត់បែបសាសនាស្រដៀង "The Crucifixion"

អ្នកសរសេរ: Casey Chong



ឈុតឆាកមួយពីរឿង "The Crucifixion".

ភាពយន្ដភ័យរន្ធត់ទាក់ទងនឹងសាសនា និង ជំនឿផ្សេងៗតែងទទួលចំណាប់អារម្មណ៍ និង ការគាំទ្ររាប់ទសវត្សមកហើយ ហើយក្នុងខែតុលានេះ ភាពយន្តរឿង "The Crucifixion" របស់លោក Xavier Gens នឹងត្រលប់មកពិភពកុនវិញ ដូច្នេះថ្ងៃនេះពួកយើងបានប្រមូលផ្ដុំកំពូលភាពយន្ដភ័យរន្ធត់បែបសាសនាដូចគ្នានេះចំនួន ១០ដែលល្អដាច់គេមកជូនប្រិយមិត្តចៃកុនអានកំសាន្តលេង។

10. "The Exorcism Of Emily Rose" (2005)

Jennifer Carpenter សម្ដែងតួ Emily Rose ដែលត្រូវខ្មោចចូលនៅក្នុង "The Exorcism Of Emily Rose".

ភាពយន្ដភ័យរន្ធត់ ដែលសង្កត់ធ្ងន់លើការព្រលឹងខ្មោចសន្ធឹត និង ការបណ្ដេញខ្មោចភាគច្រើនតែងតែចាញ់ភាពយន្ដដើម រឿង"The Exorcist" របស់លោក William Friedkin កាលពីឆ្នាំ ១៩៧៣ ដាច់តែម្ដង ប៉ុន្ដែសម្រាប់ភាពយន្ដស្នាដៃដឹកនាំដំបូងរបស់លោក Scott Derrickson រឿង"The Exorcism Of Emily Rose" គឺមិនដូច្នោះទេព្រោះថារឿងនេះគឺជាភាពយន្ដភ័យរន្ធត់ទាក់ទងនឹងសាសនាបែបទំនើបបូកផ្សំ និង បញ្ហាផ្លូវច្បាប់រញ៉េរញ៉ៃ។ ដកស្រង់ចេញពីហេតុការណ៍ពិតកាលពីឆ្នាំ ១៩៧៦ របស់ស្រ្ដីជនជាតិអាល្លឺម៉ង់ អាយុ២៤ឆ្នាំម្នាក់ ឈ្មោះ Anneliese Michel រឿង"The Exorcism Of Emily Rose" នេះគឺទាក់ទងទៅនឹងមេធាវីចុងចោទ (Laura Linney) ដែលត្រូវការពារក្តីឲ្យអាចារ្យមួយរូប (Tom Wilkinson) ដែលត្រូវគេប្ដឹងពីបទធ្វើឃាតទៅលើក្មេងស្រីដ៏អនោចអធម៌ម្នាក់ សម្ដែងដោយ Jennifer Carpenter បន្ទាប់ពីការធ្វើពិធីបណ្ដេញខ្មោចរបស់គាត់ទៅលើនាង។ ការសម្ដែងក្នុងរឿងនេះគឺសុទ្ធតែល្អឥតខ្ចោះ ជាពិសេសតារាសម្ដែងថ្មីថ្មោង Jennifer Carpenter ដែលសម្ដែងឈុតឆាកកំសត់និងភ័យរន្ធត់យ៉ាងសាកសមក្នុងការដើរតួរជា Emily Rose របស់នាង ដែលមើលទៅដូចនាងត្រូវខ្មោចចូលពិតៗតែម្ដង។

9. "The Exorcist III" (1990)

George C. Scott សម្ដែងជាតួ Lt. Kinderman ក្នុងរឿង"The Exorcist III".

បន្ទាប់ពីរឿង "Exorcist II: The Heretic" កាលពីឆ្នាំ ១៩៧៧ របស់លោក John Boorman ត្រូវបានទទួលការរិះគន់យ៉ាងចាស់ដៃ ភាពយន្ដសេរ៊ី"The Exorcist" នេះស្ទើរតែគ្មានផ្លូវដើរទៅមុខទៅហើយ ប៉ុន្ដែជាងមួយទសវត្សក្រោយមក នៅឆ្នាំ1990 "The Exorcist III" ក៏បានបង្ហាញខ្លួន។ សម្រួលនិងដឹកនាំដោយលោក William Peter Blatty ពីសៀវភៅរឿង "Legion" របស់គាត់ផ្ទាល់តែម្ដង ភាពយន្ដទី៣នេះបានផ្ដាច់ខ្លួនចេញពីភាពយន្ដវគ្គមុនតែម្ដងហើយក៏មិនបានព្យាយាមចង់យកឈ្នះភាពយន្ដដើមកាលឆ្នាំ 1973 ទៅលើផ្នែកការកាត់ត special effects អីដែរ។ ផ្ទុយទៅវិញ "The Exorcist III" ចាប់ផ្ដើមថ្មីតែម្ដងជាមួយនឹងសាច់រឿងទាក់ទងនឹងប៉ូលីសមួយរូប (George C. Scott) ដែលកំពុងតែតាមស៊ើបអង្កេតពីឃាតកម្មដែលស្រដៀងទៅនឹងស្ទីលឃាតកម្មរបស់ឃាតករ "Gemini" ដែលបានស្លាប់បាត់បង់ជីវិតយូរទៅហើយ។ ភាពយន្ដនេះប្រហែលជាសាច់រឿងយឺតបន្ដិច បុន្ដែការដឹកនាំដ៏ប៉ិនប្រសព្វរបស់ William Peter Blatty បានជំរុញឲ្យតារាសម្ដែងរបស់គាត់សម្ដែងតួអង្គនិមួយៗយ៉ាងចេញអស់ពីក្រអៅបេះដូង ជាពិសេសការសម្ដែងជាតួ Lt. Kinderman ដែលខិតខំស្វះស្វែងរកឃាតករទាំងយប់ ទាំងថ្ងៃ ដោយ George C. Scott គឺពិតជាគួរឲ្យសរសើរ។ Blatty ពិតជាពូកែពិតមែនក្នុងការបង្កើតឈុតឆាកភ័យរន្ធត់ ដូចជាឈុតនៅមន្ទីរពេទ្យដែលធ្វើឲអ្នកទស្សនាភ្ញាក់ស្ទើរលេចនោមគ្រប់គ្នា។

8. "Hellraiser" (1987)

Pinhead (Doug Bradley, កណ្ដាល) នៅក្នុងឈុតមួយក្នុងរឿង "Hellraiser".

ភាពយន្ដដំបូងរបស់អ្នកនិពន្ធរឿងភ័យរន្ធត់ Clive Barker នៅក្នុងរឿង "Hellraiser" ត្រូវគេស្គាក់ថាជាស្នាដៃដែលពោរពេញទៅដោយការស្រមើស្រម៉ៃ និង ការបង្ហាញយ៉ាងគួរឲ្យខ្លាចនៃនរកនិងឋានផ្សេងៗទៀត ខុសពីអ្វីៗដែលអ្នកធ្លាប់ឃើញពីមុន។ Barker ក៏បានបង្កើតតួអង្គចិត្តអាក្រក់មួយដ៏គួរឲ្យចងចាំដែលជាតួ Pinhead របស់ Doug Bradley។ ប៉ុន្ដែជាអកុសល ភាពយន្ដវគ្គបន្ទាប់គឺមិនអាចប្រៀបផ្ទឹមនឹងភាពយន្ដដំបូងនេះឡើង ខុសពីភាពយន្តទីមួយនេះដែលទទួលបានភាពជោគជ័យយ៉ាងមហិមាហើយប្រមូលចំនូលបានយ៉ាងច្រើន។

7. "Angel Heart" (1987)

Robert De Niro សម្ដែងជាតួ Louis Cyphre ក្នុងរឿង"Angel Heart".

ភាពយន្ដថតតាមលំនាំសៀវភៅរឿង "Falling Angel" របស់អ្នកនិពន្ធ William Hjorsberg របស់អ្នកដឹកនាំ Alan Parker ត្រូវបានគេល្បីតៗគ្នាដោយសារឈុតឆាករួមរ័ក្សដ៏ក្ដៅសាច់រវាង Mickey Rourke និង Lisa Bonet អតីតតារាសម្ដែង "Cosby Show" ដែលត្រូវបានទទួលការកំណត់អាយុអ្នកទស្សនា X (បច្ចុប្បន្ន NC-17) ដោយ MPAA។ ប៉ុន្ដែក្រៅពីបញ្ហានេះ "Angel Heart" គឺជាភាពយន្ដភ័យរន្ធត់ដ៏គួរឲ្យជក់ចិត្តមួយ បូកផ្សំនឹងការសម្ដែងយ៉ាងចូលតួរបស់ Mickey Rourke ដែលសម្ដែងជាតួអ្នកស៊ើបអង្កេតសម័យ ១៩៥០ នៅ Brooklyn ឈ្មោះ Johnny Favorite។ Robert De Niro ដែលសម្ដែងជាតួ Louis Cyphre ដ៏អាថ៌កំបាំងក៏បានធ្វើឲ្យអ្នកទស្សនាជាប់ចិត្តដែរ ទោះបីគាត់គ្រាន់តែជាតួអង្គតូចតាច រីឯ Lisa Bonet សម្ដែងជាតួអង្គដែលខុសពីអ្វីដែលនាងធ្លាប់សម្ដែង៣៦០ដឺក្រេយ៉ាងល្អឥតខ្ចោះ។ Parker មិនខ្មាសអៀនក្នុងការបង្ហាញឈុតសាហាវៗឡើយ បូកផ្សំនឹងតន្រ្ដីដ៏ព្រឺសំបុររបស់ Trevor Jones និងបច្ចេកទេសថតយ៉ាងប៉ិនប្រសព្វរបស់ Michael Seresin។

6. "Martyrs" (2008)

ឈុតទារុណកម្មមួយក្នុង "Martyrs".

ភាពយន្ដបារាំងមួយនេះគឺជាកំពូលភាពយន្ដភ័យរន្ធត់មួយក្នុងប្រវត្តិសាស្រ្ដភាពយន្ដបែបនេះទាំងអស់។ និពន្ធនិងដឹកនាំដោយ Pascal Laugier រឿង"Martyrs" ទាក់ទងនឹងស្រ្ដីវ័យក្មេងមួយរូប ឈ្មោះ Lucie (Mylene Jampanoi) ដែលតាមសងសឹកទៅលើមនុស្សដែលធ្វើបាបនាងកាលពីវ័យកុមារ។ Laugier មិនខ្លាចក្នុងការបង្ហាញឈុតឆាកកាប់ចាក់សាហាវៗឡើយ ដូចជាឈុតបាញ់សម្លាប់ផ្ដាច់ពូជទាំងគ្រួសារជាដើម។ រឿង "Martyrs" គឺមិនមែនជាភាពយន្ដសំរាប់អ្នកមើលទន់ខ្សោយឡើយ ហើយពាក់កណ្ដាលចុងក្រោយនៃរឿងនេះគឺសង្កត់ធ្ងន់ទៅលើជំនឿសាសនាទាក់ទងនឹង "martyrs" ។

5. "Thirst" (2009)

Song Kang-Ho សម្ដែងជាតួអាចារ្យសាសនា Catholic
ក្លាយជាបិសាចជញ្ចក់ឈាមក្នុងរឿង "Thirst".

អ្នកដឹកនាំរឿង "Oldboy" លោក Park Chan-Wook បានបញ្ចូលសំណើចទៅក្នុងភាពយន្ដបិសាចជញ្ជក់ឈាមតាមរយៈរឿង "Thirst" នេះដែលចូលរួមសម្ដែងដោយលោក Song Kang-Ho ជាតួអាចារ្យសាសនា Catholic ដែលត្រូវក្លាយជាបិសាចជញ្ជក់ឈាមបន្ទាប់ពីឆ្លងកាត់ការពិសោធន៍បរាជ័យ។ ភាពយន្ដនេះគឺសាហាវ និង ចម្លែក ស្រដៀងទៅនឹងរឿង "Vengeance" របស់គាត់ដែរ។ ក្រៅពីឈុតឆាកបង្ហូរឈាមដ៏គួរខ្ពើមរអើមនិងសាច់រឿងបិសាចជញ្ជក់ឈាមទាក់ទងនិងជំនឿ៎សាសនា Park ក៏បានបន្ថែមឈុតស្នេហានិងតណ្ហាក្នុងភាពយន្ដនេះផងដែរតាមរយៈទំនាក់ទំនងស្នេហាមានកម្មរបស់តួអង្គ Sang-Hyun សម្ដែងដោយ Song Kang-Ho និង Tae-Ju សម្ដែងដោយ Kim Ok-Bin។

4. "Rosemary's Baby" (1968)

Mia Farrow សម្ដែងជាតួ Rosemary ក្នុង "Rosemary's Baby"

ថតតាមលំនាំសៀវភៅរបស់ Ira Levin ដែលមានចំនងជើងដូចគ្នានេះ រឿង"Rosemary's Baby" នេះគឺទាក់ទងនឹង Rosemary (Mia Farrow) ដែលការពរពោះរបស់នាងជាប់ពាក់ព័ន្ធនឹង Satan។ សាច់រឿ៎ងនិងការណែនាំតួអង្គក្នុងរឿងនេះរបស់ Roman Polanski ប្រហែលជាគួរឲ្យធុញទ្រាន់សម្រាប់អ្នកដែលមិនចូលចិត្តសាំញុំ ប៉ុន្ដែសម្រាប់អ្នកដែលអត់ធ្មត់នឹងបានឃើញថាភាពយន្ដនេះគឺពិតជាពោរពេញដោយសារអប់រំយ៉ាងច្រើន។ Polanski បានចាប់យកនូវការភ័យខ្លាច ការព្រួយខ្វល់ និង ភាពមិនច្បាស់លាស់របស់ Rosemary មកបង្ហាញទស្សនិកជនយ៉ាងគួរឲ្យជក់ចិត្ត បូកផ្សំនឹងការរៀបចំតន្រ្ដីដ៏គួរឲ្យព្រឺសំបុរខ្ញាករបស់ Krzysztof Komeda និងបច្ចេកទេសថតយ៉ាងប៉ិនប្រសព្វរបស់ William A. Fraker។ តួអង្គមានបញ្ហាផ្លូវអារម្មណ៍ នាង Rosemary សម្ដែងដោយ Mia Farrow គឺជាចំនុចសំខាន់នៃភាពយន្ដនេះ ហើយនាងត្រូវបានគេចងចាំជាតួអង្គនេះដោយសារម៉ូតសក់ខ្លីដ៏ល្បីល្បាញដែលរចនាដោយកំពូលជាងកាត់សក់ជនជាតិអង់គ្លេស Vidal Sassoon។

3. "The Wicker Man" (1973)

Lord Summerisle (Christopher Lee) នៅក្នុងឈុតមួយក្នុង
"The Wicker Man".

បំភ្លេចរឿងថតឡើងវិញកាលពីឆ្នាំ 2006 ដែលសម្ដែងដោយ Nicolas Cage ស្លៀកឈុតខ្លាឃ្មុំទៅ។ ភាពយន្ដដើមកាលពីឆ្នាំ 1973 សម្ដែងដោយ Edward Woodward ជាតួនគរបាល Howie តាមស៊ើបអង្កេតស្រីម្នាក់ដែលបានបាត់ខ្លួននៅលើកោះដាច់ស្រយាលមួយនៅភូមិ Summerisle។ សាច់រឿងទាក់ទងនឹងជំនឿលើធម្មជាតិរបស់ Anthony Shaffer ដែលដឹកនាំដោយអ្នកដឹកនាំថ្មី ស្រឡាងលោក Robin Hardy នៅក្នុងរឿង "The Wicker Man" នេះលាយបញ្ចូលទាំងសំណើចផង ចម្លែកផង និងគួរឲ្យភ័យខ្លាចផងសព្វមុខទាំងអស់ ដែលភាពយន្ដថតឡើងវិញកាលពីឆ្នាំ២០០៦ ធ្វើខុសទាំងស្រុង។ "The Wicker Man" គឺល្បីល្បាញដោយសារឈុតបញ្ចប់ដែលខុសពីការរំពឹងទុកនិងការសម្ដែងដ៏អស្ចារ្យរបស់មេបក្សសាសនា Lord Summerisle ដោយ Christopher Lee។

2. "The Omen" (1976)

Gregory Peck នៅក្នុង"The Omen".

ភាពយន្ដនេះមានវគ្គបន្ដទាំងអស់៣ ("Damien: Omen II" ឆ្នាំ១៩៧៨, "Omen III: The Final Conflict" ឆ្នាំ១៩៨១ និង "Omen IV: The Awakening" ឆ្នាំ ១៩៩១) និងភាពយន្ដថតឡើងវិញកាលពីឆ្នាំ ២០០៦ ផងដែរ ប៉ុន្ដែភាពយន្ដដើមកាលពីឆ្នាំ ១៩៧៦ របស់លោក Richard Donner នៅតែល្អដាច់គេ។ ភាពយន្ដភ័យរន្ធត់បែបសាសនាមួយនេះទាក់ទងនឹងគូស្នេហ៍ជនជាតិអាមេរិកមួយគូរ (Gregory Peck និង Lee Remick) នៅពេលដែលដឹងថា Damien (Harvey Stephens) កូនចិញ្ចឹមរបស់ពួកគេគឺជាអ្នកប្រឆាំងនឹងសាសនាយេស៊ូ។ រឿង"The Omen" គឺត្រូវគេស្គាល់ដោយឈុតឆាកសម្លាប់សាហាវយ៉ាងច្រើនហើយក៏ដោយសារការរៀបចំតន្រ្ដីយ៉ាងឥតខ្ចោះរបស់ Jerry Goldsmith ដែលបានឈ្នះពានរង្វាន់ Oscar សំរាប់ផ្នែក Best Original Score.។

1. "The Exorcist" (1973)

ឈុតបណ្ដេញព្រលឹងចុងក្រោយគេនៅក្នុងរឿង "The Exorcist".

ភាពយន្ដចុងក្រោយគេនេះគឺជា... គ្មានអ្វីក្រៅពីរឿង "The Exorcist" របស់ William Friedkin ទេ ដែលត្រូវគេចាត់ទុកថាជាភាពយន្ដមួយក្នុងចំនោមភាពយន្ដដែលគួរឲ្យខ្លាចជាងគេបំផុត។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនោះ គឺរឿងនេះគឺវាមានរយៈពេលជាង ៤០ឆ្នាំហើយគិតតាំងពីពេលចាក់បញ្ចាំងដំបូងនៅឆ្នាំ ១៩៧៣។ លោកWilliam Peter Blatty បានថតភាពយន្ដនេះតាមលំនាំសៀវភៅរឿងរបស់គាត់ផ្ទាល់ដែលមានចំនងជើងដូចគ្នានេះ។ ភាពយន្ដនេះទាក់ទងនឹង Regan (សម្ដែងដោយ Ellen Burstyn) ក្មេងស្រីអាយុ១២ឆ្នាំដ៏អភ័ព្វមួយរូប ដែលត្រូវព្រលឹងបិសាចកញ្ចាស់ឈ្មោះ Pazuzu ចូលសន្ឋិត ដូច្នេះម្ដាយនាង (Ellen Burstyn) បានទៅសុំជំនួញពីអាចារ្យពីរនាក់ Father Damien Karras (Jason Miller) និង Father Lankester Merrin (Max von Sydow) ដើម្បីមកធ្វើពិធីបណ្ដេញព្រលឹងចេញពីខ្លួនកូនស្រីនាង។ ឈុតបណ្ដេញព្រលឹងនៅពេលជិតបញ្ចប់រឿងគឺនៅតែគួរឲ្យភ័យខ្លាចរហូតមកដល់សព្វថ្ងៃ ហើយឈុតបង្វិលក្បាល៣៦០ដឺក្រេនិង ឈុត "pea soup" គឺសុទ្ធតែនៅក្នុងចំនោមឈុតឆាកដ៏គួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្រ្ដភាពយន្ដភ័យរន្ធត់។

Cinema Online, 13 តុលា 2017


ភាពយន្តទាក់ទង:
The Crucifixion (16 Oct 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង