ចំនុចពិសេស

ដឹងអត់ "Jailbreak" ទទួលបានការកាត់តសំលេងពីបរទេស

អ្នកសរសេរ: Erny Suzira



Boon and Jazzlyn នៅខាងក្រៅការិយាល័យរបស់ ImagineX Studios។

ស្ទូឌីយោ ImagineX ជាអ្នកនាំមុខខាងផ្នែកតន្ត្រី រចនាបទសម្លេង និងការលាយឡំភ្លេង ក្នុងទ្វីបអាសុី បានបន្តបង្ហាញនូវការងារបញ្ចូលសម្លេងដ៏អស្ចារ្យ ដែលបានឈ្នះពានរង្វាន់សម្រាប់ភាពយន្តខ្នាតធំ និងភាពយន្តបែបគំនូរជីវចល រឿងភាគសម្រាប់ទូរទស្សន៏ ហ្គេមគ្រប់បែបយ៉ាង កម្មវិធីសម្រាប់បណ្តាញអុីនធឺណែត ឬទូរស័ព្ទដៃ និងពាណិជ្ជកម្មតាមវិទ្យុ និងទូរទស្សន៍នៅទូទាំងពិភពលោក។

បង្កើតឡើងដោយលោក Mike Bloemendal និងលោក Leon Tan ដែលបានបូកបញ្ចូលជាមួយគ្នា នូវបទពិសោធន៏សរុបជាង ៣០ ឆ្នាំ ក្នុងការកសាងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងតំបន់ ស្ទូឌីយោ ImagineX បានបញ្ចូលភាពរស់រវើកមានជីវិត ចូលទៅក្នុងគ្រប់ទម្រង់នៃសម្លេងអូឌីយ៉ូ អស់រយៈពេលជាង ១៩ ឆ្នាំមកហើយ និងនៅបន្តទៅថ្ងៃមុខទៀត។

ការងារដ៏គួរឲកត់សម្គាល់របស់ស្ទូឌីយោ ដែលមានទីតាំងនៅប្រទេសម៉ាឡេសុីមួយនេះ មានដូចជា "Polis Evo", "Munafik", "Harry and Bunnie", "Saving Mr Wu", "War of the Worlds: Goliath", "Bunohan", និង "Seefood" ដែលជាស្នាដៃរឿងរបស់ប្រទេសម៉ាឡេសុី។

គម្រោងរឿងមួយ ក្នុងចំណោមគម្រោងរឿងធំៗរបស់ស្ទូឌីយោនេះ គឺភាពយន្តដែលទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ដែលនិយាយពីក្បាច់គុណល្បុក្កតោប្រទេសខ្មែរ គឺ"Jailbreak" ដែលត្រូវបានដឹកនាំដោយ អ្នកដឹកនាំរបស់រឿង "Hanuman" គឺលោក Jimmy Henderson និងផលិតដោយលោក Loy Te។

ខ្សែភាពយន្តដែលនឹងចេញនាពេលខាងមុខមួយនេះ មានទម្រង់ស្រដៀងទៅនឹង "Prison Break" ដែលសម្តែងដោយសិល្បករក្បាច់គុនលំដាប់អន្តរជាតិនិង អ្នកបង្ហាត់ក្បាច់វាយតប់ Jean-Paul Ly ដែលធ្លាប់បានចូលរួមធ្វើការនៅក្នុងភាពយន្តខ្នាតធំជាច្រើន រួមមាន "Marvel's Doctor Strange", "Lucy", "24 Live Another Day", "Now You See Me 2", "Grimsby", "The Girl with all the Gifts" និងរឿងជាច្រើនទៀត។


Jean-Paul Ly and Dara Our ដែលជាតារាឯកសម្រាប់ភាពយន្តមួយនេះ។

ខ្សែភាពយន្តមួយនេះ ក៏រួមមានលោក Dara Our ដែលជាតារាឯកនៃរឿងបែបសកម្មភាពវាយប្រហារដំបូងរបស់ខ្មែរ "Hanuman", Savin Phillip, Celine Tran, Tharoth Sam, និង Sisowath Siriwudd។

ត្រូវបានកំណត់ការដាក់បញ្ចាំងនៅតាមរោងកុននានាក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ "Jailbreak" និយាយពី Playboy ដែលជាមេនៃក្រុមក្មេងទំនើងមួយក្រុម ដែលបានបកអាក្រាតសមាជិកបក្សរបស់ខ្លួន ជាថ្នូរនឹងការកាត់បន្ថយទោសជាប់គុក។ បន្ទាប់ពីត្រូវបានគេចាប់ចូលទៅក្នុងពន្ធនាគារដែលមានសុវត្ថិភាពដ៏ខ្ពស់មួយ Playboy បានជួបនឹងមេដឹកនាំពិតប្រាកដនៃបក្សក្មេងទំនើងរបស់ខ្លួន ហើយកុប្បកម្មបះបោរស្លាប់រស់បានចាប់ផ្តើមឡើងក្នុងពន្ធនាគារមួយនោះ។

Raja Ahmad Shaidaley ឬត្រូវបានស្គាល់ប្រសើរជាងជា Boon ដែលជាប្រធានដឹកនាំស្ទូឌីយោ និង Jazzlyn Loh ដែលជាអគ្គនាយក បាននិយាយប្រាប់ពួកយើងអំពីគម្រោងការថ្មីៗរបស់ ស្ទូឌីយោ ImagineX និងមូលហេតុដែលការធ្វើការជាមួយសម្លេងអូឌីយ៉ូមានភាពអស្ចារ្យខ្លាំង។

តោះមកមើលរបៀបស្ទូឌីយោ ImagineX ប្រតិបត្តិការវិញ

ភាគច្រើន ក្រុមការងារនឹងអង្គុយនិយាយ ជាមួយអ្នកដឹកនាំនិងផលិតករទាំងឡាយ មុនពេលចាប់ផ្តើមគម្រោងការងារមួយ។ " វិធីសាស្រ្តសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មនិងខ្សែភាពយន្ត គឺស្ទើរតែដូចគ្នា។ ប៉ុន្តែសម្រាប់ខ្សែភាពយន្ត មុនពេលចាប់ផ្តើមធ្វើអ្វីទាំងអស់ ពួកយើងតែងធ្វើកិច្ចប្រជុំមួយជាមួយអ្នកដឹកនាំនិងផលិតករភាពយន្ត។ ពួកគេនឹងប្រាប់មកយើងនូវប្រភេទអារម្មណ៏ដែលពួកគេចង់បានសម្រាប់ភាពយន្ត ព្រោះថា បើសិនជាយើងអាចកត់សម្គាល់បាន គឺថាភាពយន្តមួយចំនួនប្រើប្រាស់សម្លេងតិចបំផុត រីឯភាពយន្តខ្លះទៀតប្រើប្រាស់សម្លេងខ្លាំងៗ ជាពិសេសភាពយន្តបែបសកម្មភាពវាយប្រហារ" តាមសម្តីរបស់លោក Ahmad Shaidaley ឬ Boon ដែលជាប្រធានដឹកនាំរបស់ស្ទូឌីយោ។

កិច្ចប្រជុំមួយនេះត្រូវបានធ្វើឡើង ដើម្បីកុំឲក្រុមការងារធ្វើការច្រំដែល។ បន្ទាប់ពីធ្វើការប្រជុំរួច ក្រុមការងារដំបូងនឹងធ្វើការបញ្ចូលបច្ចេកទេសសម្លេងទៅលើផ្នែកតូចមួយនៃភាពយន្ត ហើយនឹងបង្ហាញវាទៅកាន់អ្នកដឹកនាំ ដើម្បីធានាថាអ្វីៗគ្រប់យ៉ាង នឹងមានទិសដៅសមស្រប និងប្រើប្រាស់វិធីសាស្រ្តត្រឹមត្រូវ។ ជាមួយ "Jailbreak" ដែលត្រូវបានរៀបចំ ឲក្លាយទៅជាខ្សែភាពយន្តសកម្មភាពបែបវាយប្រហារមិនឈប់ឈរនោះ តើអ្នកអាចស្រមៃមើលចំនួនការងារបញ្ចូលសម្លេងអូឌីយ៉ូ ដែលទាមទារដើម្បីធ្វើឱ្យរៀងរាល់កណ្តាប់ដៃ ការទាត់ធាក់ និងការទះកំផ្លៀងមានសំឡេងពិតប្រាកដច្រើនកំរិតណាដែរឬទេ?



បន្ទប់ប្រជុំ ដែលក្រុមការងាររបស់ស្ទូឌីយោធ្វើកិច្ចប្រជុំជាមួយអ្នកដឹកនាំ និងផលិតកររបស់ភាពយន្តនានា។

ជាអ្នករចនាបថបែបច្នៃប្រឌិត

មានពេលមួយចំនួន ដែលទាមទារឲក្រុមការងារធ្វើការសម្រេចចិត្តប្រភេទសំឡេងនិងតន្រ្តី ដោយសារអ្នកដឹកនាំទាំងនោះមិនមានគំនិតអ្វីសោះ។ ដូច្នេះក្រុមការងារ នឹងត្រូវជួយគ្នាចេញគំនិត និងស្វែងរកនូវគំនិតមួយចំនួន ដែលមានលក្ខណៈសមស្របសាកសមទៅនឹងចក្ខុវិស័យរបស់អ្នកដឹកនាំទាំងនោះ។

"ដូច្នេះ បើគិតទៅ ពួកយើងក៏ជាអ្នករចនាបថបែបច្នៃប្រឌិតផងដែរ ដោយសារពេលខ្លះពួកយើងរចនានូវម៉ូដសម្លេងសម្រាប់ពួកគេ ហើយភាគច្រើន ពួកគេតែងតែពេញចិត្តនូវការងាររបស់ពួកយើង។ ពួកយើងធ្លាប់បានធ្វើការរចនាប្រភេទសម្លេងយ៉ាងញឹកញាប់រួចមកហើយ ដែលអាចឲពួកយើងមានភាពពូកែខ្លាំង។ ដូច្នេះភាគច្រើន យើងតែងនឹងជួយពួកគេច្រើន នៅក្នុងដំណើរកាលនៃ ការបង្កើតសំឡេង" អគ្គនាយក Jazzlyn Loh បាននិយាយ។



បន្ទប់ថតខ្សែអាត់សម្លេង។

ផ្នែកពិបាកបំផុតនៃដំណាក់កាលការងារ

បើយោងទៅតាមបុគ្គលដែលមានទេពកោសល្យនៃ ស្ទូឌីយោ ImagineX ទាំងពីររូបនេះ ផ្នែកពិបាកបំផុតនៃដំណាក់កាលបញ្ចូលសម្លេង គឺការបញ្ចុះបញ្ចូលអតិថិជន ថាតើហេតុអ្វីបានជាវាត្រូវការពេលវេលាយូរ ហេតុអ្វីបានជាដំណើរការនេះទាមទារតួលេខចំណាយជាក់លាក់មួយ ហើយថាតើហេតុអ្វីបានជាមានតម្រូវការមនុស្សច្រើនដើម្បីបំពេញការងារមួយនោះ។

"និយាយតាមត្រង់ទៅ សូម្បីតែមនុស្សម្នាក់ក៏អាចធ្វើបានខ្សែភាពយន្ដទាំងមូលបានដែរ ប៉ុន្តែគុណភាពនឹងចេញមកមិនល្អឡើយ លុះត្រាតែបុគ្គលនោះមានរយៈពេលពេញមួយឆ្នាំដើម្បីធ្វើវា។ ដូច្នេះ ប្រសិនបើពួកគេចង់ឱ្យខ្សែភាពយន្ដបញ្ចប់ក្នុងរយៈពេលពីរខែខណៈពេលដែលសំឡេងមានភាពអស្ចារ្យនោះ ជាក់ស្តែងយើងនឹងត្រូវក្រុមមនុស្ស ដើម្បីកាន់បន្ទុកផ្នែកផ្សេងៗគ្នា ដូចជាការកែសម្រួលការសន្ទនា, ការកែសម្រួលបែបផែនសំឡេង, ការរចនាម៉ូដសំឡេង, ការបង្កើតនិងការលាយសម្លេងទូទៅ។ ដូច្នេះវាត្រូវការមនុស្សជាច្រើន ហើយវានឹងបង្កើនការចំណាយ ប៉ុន្តែទីបំផុតគុណភាពសម្លេងនឹងកើនឡើងផងដែរ" លោក Boon បានពន្យល់។


Jazzlyn និងមនុស្សមួយចំនួនដែលនៅពីក្រោយការផលិតសម្លេងអូឌីយ៉ូ។

ការយល់ច្រលំមួយចំនួនទៅលើការផលិតសម្លេងអូឌីយ៉ូ

បើយោងតាម Jazzlyn មានការយល់ខុសមួយចំនួន ដែលទាក់ទងទៅនឹងការធ្វើសំឡេង ដែលជាវិស័យដែលមនុស្សជាច្រើនគិតថាជាការងារងាយស្រួល ប៉ុន្តែការពិតគឺមិនមែនឡើយ។ "នៅពេលដែលអ្នកមើលខ្សែភាពយន្ដល្អមួយ សកម្មភាពគ្រប់យ៉ាងមានសម្លេងល្អឥតខ្ចោះ និងដូចធម្មជាតិ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលទៅក្រោយឆាកវិញ សំឡេងភាគច្រើនគឺត្រូវបានគេបង្កើតឡើងវិញ និងបញ្ចូលទៅក្នុងរឿង ដើម្បីធ្វើឱ្យវាមានសំឡេងដូចពិតៗ"។

៉ខ្ញុំមិនភ្ញាក់ផ្អើលទេ ដែលពួកគេគិតថាដំណើរការនេះ គឺជាមានភាពងាយស្រួល ដោយសារគោលដៅរបស់ពួកយើងគឺធ្វើយ៉ាងណា ឲសម្លេងរបស់ខ្សែភាពយន្តមានភាពធម្មជាតិ ដូចអ្វីៗដែលពួកគេអាចនឹងឮជាធម្មតានៅក្នុងជីវិតប្រចាំថ្ងៃ" Boon បានបន្ថែម។

Boon ក៏បានបានពន្យល់ផងដែរថា មិនមែនអ្វីៗគ្រប់បែបយ៉ាង គឺអាចថតបាននៅនឹងទីតាំងថតរឿងឡើយ ហើយឈុតមួយចំនួនត្រូវបានថតនៅក្នុងស្ទូឌីយោដែលមានភាពស្ងប់ស្ងាត់ខ្លាំង ហើយសម្លេងភាគច្រើនត្រូវបានដាក់បញ្ចូលចូលទៅក្នុងឈុតកើតហេតុនោះ ដើម្បីធ្វើឱ្យបរិយាកាសនៃឈុតនោះស្តាប់ដូចពិតៗ ព្រោះប្រសិនបើអ្នកថតឈុតមួយនៅលើទីតាំងណាមួយ គឺតែងមានកត្តាមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងបាន ដូចជាសម្លេងរំខាននិងអាកាសធាតុ ចំណែកឯនៅក្នុងស្ទូឌីយោវិញ អ្នកអាចគ្រប់គ្រងពេលវេលារបស់អ្នក ពន្លឺ និងអាចជៀសវាងកត្តាររំខានគ្រប់បែបយ៉ាង។

លក្ខណៈដូចគ្នាទៅនឹងបច្ចេកទេសរូបភាពកុន

ផលិតកម្មសម្លេងអូឌីយ៉ូ មានភាពស្រដៀងគ្នាតិច ឬច្រើនទៅនឹងបច្ចេកទេសរូបភាពកុន ត្រង់ថាពួកវាមានស្រទាប់ការងារជាច្រើន ដើម្បីបង្កើតឈុតឆាកមួយ។ ស្រដៀងគ្នានេះដែរ សម្លេងអូឌីយ៉ូទាក់ទងទៅនឹងការប្រើប្រាស់ស្រទាប់សម្លេងជាច្រើន នៅក្នុងឈុតឆាកកើតហេតុណាមួយ។ "ការងាររបស់ពួកយើង គឺធ្វើឲខ្សែភាពយន្ដទាំងមូលមានភាពរស់រវើកមានជីវិត។ វាជាមូលហេតុដែលមនុស្សបានបញ្ឈប់ការមើលភាពយន្តគ្មានសម្លេង ហើយវាជាហេតុផលដែលរោងកុនព្យាយាមធ្វើការវិនិយោគទៅលើប្រព័ន្ធសម្លេងល្អប្រសើរជាងមុន និងជាមូលហេតុដែលនាំឲមនុស្សតែងបង្កើតឡើងនូវឧបករណ៍អូឌីយ៉ូល្អប្រសើរជាងមុន" Boon និយាយ។


ស្ទូឌីយោមួយក្នុងចំណោមស្ទូឌីយោទាំងអស់។

ការងារដែលមានមោទនភាពបំផុត

នៅពេលសួរអំពីការងារដែលគាប់ចិត្ដ និងមានមោទនភាពបំផុតរហូតមកដល់ពេលនេះ អ្នកជំនាញអូឌីយ៉ូទាំងឡាយបានលើកយកភាពយន្តបែបភ័យរន្ធត់ផលិតដោយការសហការរវាងម៉ាឡេស៊ីុនិងហុងកុង "Hungry Ghost Ritual" សម្តែងដោយ Nick Cheung ដែលបានឈ្នះពានរង្វាន់ការបញ្ចូលសម្លេងល្អបំផុតនៅកម្មវិធីមហោស្រពភាពយន្តម៉ាឡេសុីលើកទី ២៧ (FFM ២៧)។

ប៉ុន្តែ Boon និង Jazzlyn បានបញ្ជាក់ថា មូលហេតុដែលពួកគេចូលចិត្តធ្វើការទៅលើខ្សែភាពយន្ដមួយនោះ គឺមិនមែនគ្រាន់តែដោយសារតែវាបានឈ្នះពានរង្វាន់មួយនោះទេ ប៉ុន្តែដំណើរការសហការគ្នាជាមួយអ្នកដឹកនាំរបស់រឿង ពិតជាមានភាពសប្បាយរីករាយខ្លាំង ដោយសារក្រុមការងារត្រូវបានផ្តល់សិទ្ធិឲធ្វើការងារបែបច្នៃប្រឌិតមួយយ៉ាងច្រើន ទៅលើគម្រោងនេះ។ គម្រោងការងារមួយទៀត ដែលពួកគេមានមោទនភាពខ្លាំង និងមានសប្បាយរីករាយក្នុងការធ្វើការទៅលើវា គឺស៊េរីគំនូរជីវចលទូរទស្សន៍ហៅថា "Insectibles"។

"ពួកយើងធ្លាប់បានធ្វើការយ៉ាងច្រើនទៅលើស៊េរីរឿងភាគទូរទស្សន៍ ប៉ុន្តែស៊េរីរឿងមួយនេះ មានសាច់រឿងល្អ ដែលបានធ្វើឱ្យការរចនាម៉ូដសម្លេងមានភាពសប្បាយរីករាយខ្លាំង" Jazzlyn បាននិយាយ។

ស៊េរីរឿងគំនូរជីវចលមួននេះ គឺជាកិច្ចសហការលំដាប់អន្តរជាតិ ដោយសារសម្លេងត្រូវបានផលិតនៅប្រទេសម៉ាឡេសុី គំនូរជីវចលត្រូវបានធ្វើនៅក្នុងប្រទេសសិង្ហបុរីនិងឥណ្ឌូនេសុី រីឯទេពកោសល្យសម្តែង គឺភាគច្រើនមកពីអាមេរិក កាណាដា និងប្រទេសម៉ាឡេសុីផងដែរ។

មិនទទួលបានការទទួលស្គាល់គ្រប់គ្រាន់?

ក្នុងនាមជាអ្នកធ្វើការនៅពីក្រោយឆាកនៃខ្សែភាពយន្តនិងស៊េរីរឿងផ្សេងៗ Jazzlyn និង Book បានសារភាពថាជួនកាលពួកគេមិនទទួលបានការទទួលស្គាល់គ្រប់គ្រាន់ នៅក្នុងវិស័័យមួយនេះឡើយ ទោះបីជាអ្វីដែលពួកគេបានធ្វើ គឺមានសារៈសំខាន់ខ្លាំងក្នុងការផលិតខ្សែភាពយន្តមួយ។

"វាពិតជាមានការអាក់អន់ចិត្ត ដែលថាទោះបីជាយើងទទួលបានការទទួលស្គាល់ វាតែងតែគ្រាន់ជាការគិតរំលងមួយ។ ពិធីអបអរសាទររបស់យើង តែងតែនៅដាច់ដោយឡែកពីព្រឹត្តិការណ៍សំខាន់" Jazzlyn បាននិយាយ។

"ពួកយើងសង្ឃឹមថា មនុស្សទាំងឡាយនឹងចាប់ផ្តើមទទួលស្គាល់ការខិតខំរបស់ក្រុមការងារទាំងអស់ ដែលធ្វើការនៅពីក្រោយឈុតឆាកភាពយន្ត ហើយនឹងយល់ដឹងថាតើវាមានភាពលំបាកយ៉ាងណា។ មិនមែនគ្រាន់តែសំលេងនោះទេ តែបច្ចេកទេសរូបភាពកុនផងដែរ។ ក្រឡេកមើលក្នុងរឿង "Life of Pi" អ្នកដែលទទួលបានការទទួលស្គាល់ជាអ្នកដឹកនាំ និងជាតារាសម្តែង ប៉ុន្តែតើអ្នកបានដឹងថាតើវាមានភាពលំបាកយ៉ាងណា ដើម្បីបង្កើតឈុតឆាក CGI និងបច្ចេកទេសរូបភាពកុនក្នុង "Life of Pi" ឬទេ? " គាត់បានបន្ថែម។

"យើងគ្រាន់តែសង្ឃឹមថាអ្នកផលិតនិងអ្នកដឹកនាំ នឹងអាចយល់ពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ពួកយើង។ ពួកយើងមិនទាមទារឲមានទទួលស្គាល់នៅលើអេក្រង់ធំនោះឡើយ ពួកយើងគ្រាន់តែចង់បានការទទួលស្គាល់ពីអ្នកផលិតនិងអ្នកដឹកនាំប៉ុណ្ណឹងទេ ហើយសង្ឃឹមថាពួកគេនឹងបន្តជួយគាំទ្រពួកយើងនៅក្នុងពេលអនាគត ដោយសារវាក៏ជាទម្រង់នៃការទទួលស្គាល់មួយដែរ។"


ImagineX Studios ឈ្នះពានរង្វាន់សម្លេងល្អបំផុតសម្រាប់ "Hungry Ghost Ritual" នៅ FFM ២៧។

គម្រោងការងារបច្ចុប្បន្ន

បច្ចុប្បន្នស្ទូឌីយោ ImagineX កំពុងធ្វើការទៅលើខ្សែភាពយន្ដចំនួនពីររឿង។ ទីមួយដូចបានរៀបរាប់ខាងលើគឺ "Jailbreak" ដែលជាសមិទ្ធផលនៅពេលដែល Leon Tan បាននៅក្នុងប្រទេសកម្ពុជា និងបន្ទាប់ពីបានធ្វើកិច្ចប្រជុំជាមួយផលិតករភាពយន្ត ហើយធ្វើការស្នើផ្តល់ជូននូវសេវាកម្មរបស់ ImagineX ទៅលើផលិតកម្មអូឌីយ៉ូពេញលេញសម្រាប់ខ្សែភាពយន្ដមួយនេះ រួមទាំងការរចនាម៉ូដសម្លេង និងដំណាក់កាលលាយភ្លេងបញ្ចប់ផងដែរ។

បច្ចេកទេសរូបភាពកុននៃខ្សែភាពយន្ត ត្រូវបានធ្វើឡើងដោយផលិតកម្មរបស់ប្រទេសម៉ាឡេសុី Basecamp Films ដែលតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយ ImagineX ស្ទូឌីយោ។

ImagineX ក៏កំពុងធ្វើការលើខ្សែភាពយន្ដគ្រោះមហន្តរាយមួយផងដែរ ដែលហៅថា "Destruction LA" ជាផលិតកម្មថតនៅទីក្រុង Los Angeles ដែលជាង ៨០ ភាគរយនៃផលិតកម្មរឿងត្រូវបានធ្វើនៅទីនេះ។


"Jailbreak" trailer.

ពាក្យដំបូន្មានសម្រាប់អ្នកដែលចង់ប្រឡូកក្នុងផលិតកម្មសម្លេងអូឌីយ៉ូ

"ខ្ញុំនឹងប្រាប់ថា "កុំអី!" លោក Boon និយាយលេង។

"ដំបូង ពួកគេត្រូវប្រាកដក្នុងចិត្តថា ពួកគេចង់ធ្វើការក្នុងវិស័យការងារមួួយនេះ ដោយសារតែពួកគេស្រឡាញ់ចូលចិត្តវា ហើយពួកគេនឹងហ៊ានពលីចំណាយពេលវេលារបស់ពួកគេនៅក្នុងវិស័យមួយនេះ ដោយសារធ្វើការក្នុងវិស័យមួយនេះ គឺមានការនឿយហត់ខ្លាំង ហើយនឹងមានពេលខ្លះដែលតម្រូវឲពួកគេធ្វើការថែមម៉ោង ដល់យប់អាធ្រាត្រ និងនៅចុងសប្តាហ៍ផងដែរ។ ដូច្នេះ ការមានចំណង់ចំណូលចិត្តមានសារៈសំខាន់ខ្លាំង ដោយសារតែវានឹងក្លាយជាកម្លាំងជម្រុញសំខាន់ ដែលនឹងនាំអ្នកឆ្ពោះទៅមុខក្នុងពេលអនាគត។"

"តាមបទពិសោធរបស់ខ្ញុំផ្ទាល់ មានមនុស្សមួយចំនួនដែលធ្វើការនៅក្នុងវិស័យមួយនេះ ពីព្រោះចង់បានកេត្តនាមឡួយៗ ដូចជាអ្នករចនាម៉ូដសំឡេង ឬវិស្វករសំឡេង ប៉ុន្តែមនុស្សទាំងនេះ នឹងមិនអាចទៅឆ្ងាយបានឡើយ ដោយសារពួកគេមិនបានចូលមកក្នុងអាជីវកម្មនេះ ដោយសារចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែដោយសារពួកគេគិតថាជាបរិយាកាសការងារមានភាពងាយស្រួល" គាត់បានបន្តទៀត។

"ដូច្នេះ ដំបូន្មានរបស់ខ្ញុំ ទៅកាន់អ្នកដែលចង់ប្រឡូកចូលក្នុងវិស័យការងារមួយនេះ គឺត្រូវច្បាស់ក្នុងចិត្ត និងសួរខ្លួនឯងថា «តើអ្នកពិតជាចង់ធ្វើការក្នុងវិស័យមួយនេះពិតមែនឬ? ឬក៏អ្នកគ្រាន់តែពេញចិត្តគំនិតនៃការធ្វើការក្នុងវិស័យមួយនេះទេ?"



ប្រធានដឹកនាំរបស់ ImagineX Studios, Boon (ឆ្វេង) និងអគ្គនាយក, Jazzlyn (ស្តាំ)។

Cinema Online, 23 ធ្នូ 2016


ភាពយន្តទាក់ទង:
Jailbreak (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង